នារីអូតេសម្នាក់ត្រូវបានគេបញ្ឈប់ពីការងារ បន្ទាប់ពីមិត្តប្រុសសុំនាងរៀបការយ៉ាងរ៉ូមែនទិច នៅលើយន្តហោះ ខណៈពេលដែលនាងកំពុងធ្វើការ

នារីគ្រប់រូបសុទ្ធតែប្រាថ្នាចង់លឺពាក្យសុំរៀបការពីបុរសដែលនាងស្រលាញ់ ហើយនាងក៏ចង់លឺពាក្យអបអរសាទរ ពីមនុស្សជិតស្និទ្ធនៅជុំវិញខ្លួនផងដែរ ។ តួយ៉ាងដូចនារីអូតេសដ៏ស្រស់ស្អាតម្នាក់នេះ បានរង់ចាំថ្ងៃសុំរៀបការពីមិត្តប្រុសរបស់នាងជាយូរណាស់មកហើយ ទីបំផុតមិត្តប្រុសរបស់នាង ក៏ធ្វើតាមពាក្យសន្យាពិតមែន តែអ្វីៗស្រាប់តែប្រែមកជាខ្មៅងងឹតទៅវិញ បន្ទាប់ពីនាងត្រូវបានថ្នាក់លើ​បញ្ឈប់នាងពីការងារ ។

យោងតាម​ការចុះផ្សាយ​នៅលើ​គេហរទំព័រ ET today បានរៀបរាប់​អោយដឹងថា មាននារីស្រស់ស្អាតម្នាក់ឈ្មោះថា Jiao វ័យ ២៦ ឆ្នាំ ធ្វើការជា​នារីអូតេស​នៅលើ​ជើងហោះ​ហើរមួយពី Xi’an ទៅកាន់ Yichuan បាន​ទទួល​ការ​ភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីមិត្តប្រុសរបស់នាង ដែលស្រលាញ់គ្នា ៤ ឆ្នាំ សុំនាងរៀបការ នៅលើយន្តហោះដែលនាងកំពុងធ្វើការ ។

ប្រភពដដែលបន្តថា ការពិតទៅ​នាងមិន​បានដឹងទេ នៅលើ​យន្តហោះនេះ មានវត្តមានមិត្តប្រុសរបស់នាងទេ ស្រាប់តែ​នាងមាន​ភ្ញាក់ផ្អើលជាខ្លាំង នៅពេលដែល​ឃើញ​មិត្តប្រុស​របស់នាង ដើរសំដៅទៅរកនាង ហើយថែម​ទាំងបាន​លុតជង្គង់​នៅចំពោះ​មុខនាង ដោយលើកចិញ្ចៀនពេជ្របង្ហាញនាង​នោះ ។ មិនត្រឹមតែអ្នកនាង Jiao ទេដែលរំភើបរហូតស្រក់ទឹកភ្នែកនោះ សូម្បីតែអ្នកដំណើរនៅលើ​យន្តហោះ​ក៏រំភើប​រហូត​ស្រក់ទឹកភ្នែកផងដែរ។ អ្នកដំណើរជាច្រើននាក់ បាននាំគ្នាទះដៃលាន់រំពងពេញយន្តហោះ ។

បន្ទាប់ពីពិធីសុំរៀបការ បានបញ្ចប់ អ្នកនាង Jiao និង មិត្តប្រុស ក៏បាន​ថ្លែង​អំណរ​គុណ​ដល់ភ្ញៀវទាំងឡាយ​ដែលគាំទ្រ ហើយជូនពរ​នាង​ ។ ទោះបីជាយ៉ាងណាក៏ដោយ ទង្វើរនេះប្រែមករឿងអវិជ្ជមានទៅវិញ បន្ទាប់ពី​ភ្ញៀវ​ទេសចរណ៍​មួយចំនួន បង្ហាញ​អារម្មណ៍​មិនពេញចិត្ត ទាល់តែសោះ ដែល​មិត្តប្រុស​របស់នាង​សុំនាងរៀបការ ខណៈពេល ដែលនាង​កំពុង​បំពេញ​ការងារ​បែបនេះ ។ ដោយ​ពួកគេ​បាន​និយាយថា វាជាការ​រំខាន​ដល់ភ្ញៀវ​នៅលើ​យន្តហោះ ប្រសិនបើ​ចង់​សុំរៀបការ គួរតែ​​សុំនៅ​ពេល​ដែល​យន្តហោះចុះចត ដើម្បី​សុវត្ថិភាព​អ្នកដំណើរ ។

ក្រោយពី​ទទួលរង​នូវការរិះគន់ ពីសំណាក​ភ្ញៀវ​នៅលើ​យន្តហោះនោះ អ្នកនាង Jiao ក៏ត្រូវបានថ្នាក់លើ​បញ្ឈប់ពី​ការងារ ហើយពួកគេបាន​ចោទប្រកាន់​នាងថា គ្មានទំនួលខុសត្រូវ​ចំពោះការងារ ដោយ​យក​ម៉ោង​ការងារ​មកធ្វើរឿងផ្ទាល់ខ្លួន ។ ក្រោយពីរឿងរ៉ាវរបស់នាង ត្រូវបានចែករំលែកនៅលើបណ្តាញសង្គម ក៏មានអ្នក​និយមលេងអ៊ីន​ធើណេត​ជាច្រើននាក់ បានបញ្ចេញមតិបែបហួសចិត្តថា «ការពិតទៅវាគ្មាន​គ្រោះថ្នាក់អ្វី​ទេ បើគ្រាន់តែ​សុំរៀបការ​តែប៉ុន្មាន​នាទីនោះ ។ អ្នកដែល​មិនពេញ​ចិត្ត​ទំនង​ជា​ច្រណែន​ច្រើនជាង » ។

ទោះបីជាយ៉ាងណាក៏ដោយ អ្នកនាង Jiao ក៏ត្រូវបានបញ្ឈប់រួចទៅហើយ ព្រោះនាងប្រឆាំងនឹងបទបញ្ជារផ្ទៃក្នុងរបស់ក្រុមហ៊ុនអាកាសចរណ៍ ៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial