អ្នកចូលចិត្តញុំាមីជាអាហារពេលព្រឹក និងអ្នកចូលចិត្តញុំាអាហារតាមចិញ្ចើមថ្នល់ គួរកាត់បន្ថយ ជៀសវាងជួបបញ្ហាដូច នារីវ័យក្មេងម្នាក់នេះ

យោងតាម​ការចុះផ្សាយ នៅលើគេហរទំព័រព័ត៌មាន ប្រទេសចិនមួយ បានអោយដឹងថា​​មាននារីវ័យ ២០ ឆ្នាំម្នាក់ ដែលមាន​ឈ្មោះថា Xiao Li រស់នៅក្នុងខេត្ត Anhui ប្រទេសចិន បានកើតជំងឺគ្រួសក្នុង​ថង់ទឹកប្រមាត់ បន្ទាប់ពីនាងទម្លាប់ញុំាមី និង ភេសជ្ជៈកំប៉ុង ស្ទើរតែរា់ព្រឹក ។ ប្រភពព័ត៌មានដដែលបន្តថា កាលពីថ្ងៃទី ១០ ខែសីហា វេលាម៉ោង ៣ ទាបភ្លឺ Xiao Li ស្រាប់តែ​ភ្ញាក់ដឹងខ្លួន​ឡើង ហើយមាន​អារម្មណ៍ថា​ ឈឺនៅក្នុងពោះខ្លាំង ។

លុះព្រឹកឡើង ទើបគ្រួសាររបស់នាង នាំនាង​ទៅកាន់​មន្ទីរពេទ្យ ដោយសារតែ​នាងឈឺពោះ​មិនព្រមបាត់ ។ បើតាម​សំដី​ឪពុកម្តាយ​របស់នាង បានប្រាប់​អោយដឹង​ថា «ចាប់តាំងពីម៉ោង ៣ ទាបភ្លឺ រហូតមកទល់ព្រឹក នាងឈឺពោះ ម្តងបាត់ ម្តងឈឺ ។ ហើយពេលឈឺម្តងៗ មានរយៈពេលយូរ » ។គ្រូពេទ្យក៏​បាន​ធ្វើការ​ឆ្លុះអេកូ​អោយនាង ហើយលទ្ធផល​បង្ហាញថា Xiao Li មានគ្រួសនៅ​ក្នុងថង់ទឹក​ប្រមាត់ ។

ស្ថានភាព​របស់នាង ធ្ងន់ធ្ងរគួរសម ដែល​តម្រូវអោយ​ធ្វើការ​វះកាត់​ភ្លាមៗ ។ ក្រោយការវះកាត់ គ្រូពេទ្យ​បានរក​ឃើញ​គ្រួស​នៅក្នុង​ថង់ទឹក​ប្រមាត់​ទាំងធំ​ទាំងតូច ជិត ១០០ គ្រាប់ ។ ក្នុងនោះផងដែរ គ្រូពេទ្យ​បាន​បញ្ជាក់​ប្រាប់ថា គ្រួសជាង ១០ គ្រាប់ បានកំពុង​ពង្រីកខ្លួន​ ជិតប៉ុនទំហំ​សណ្តែកដី ។ លោកវេជ្ជបណ្ឌិត Chen Mingliang ប្រធានមន្ទីរពេទ្យង៉ាន់ចូវ បានមាន​ប្រសាសន៍ថា ករណីនេះ​ពិតជា​កម្រមានណាស់ ហើយជា​ពិសេសវា​មិនងាយ​នឹងកើត​មានឡើង ចំពោះមនុស្សវ័យ ២០ ឆ្នាំបែប​នេះទេ ។

 

បើយោង​តាម​សំដី​ឪពុក​អ្នកជំងឺ​បាន​ប្រាប់​អោយ​ដឹងថា កូនស្រីរបស់គាត់ មិន​សូវមាន​​ញុំាអាហារ​ពេលព្រឹកទេ​ ប៉ុន្តែបើនាងញុំាវិញ គ្មានអ្វីក្រៅពីមីឆុង និងទឹកក្រូច​នោះទេ ។ អាហារ​ដែល​នាង​ចូលចិត្ត​ញុំាជាងគេគឺ មីឆុង សាច់ក្រកអាំង សាច់អាំង ជាពិសេស​អាហារ​ដែលមាន​រសជាតិហិរខ្លាំង ។ នាងមាន​ទំលាប់ញុំា​បែបនេះ តាំងពីនៅរៀន រហូតមកទល់ពេលនេះ​ ។

ទោះបីជាយ៉ាងណាក៏ដោយ លោកវេជ្ជបណ្ឌិត Chen Mingliang បានបញ្ជាក់ប្រាប់ថា ថ្វីត្បិតតែ​នេះជា​ករណី​កម្រក៏ដោយ ប៉ុន្តែបើ​យោង​តាមការ​សិក្សា​ស្រាវជ្រាវ បានបង្ហាញថា ជំងឺគ្រួស​នៅក្នុង​ថង់ទឹកប្រមាត់នេះ ក៏ផ្សារភ្ជាប់​ទៅនឹង​របប​នៃការ​ញុំាអាហារ​ដែល​ត្រឹមត្រូវ​ផងដែរ ។ ជាក់ស្តែង Xiao Li មានទម្លាប់ញុំាមី ហើយនាង​តែងតែ​ផឹកភេសជ្ជៈកំប៉ុង រាប់ឆ្នាំមកហើយ ដែលនេះគឺជាហេតុដែលអាចធ្វើអោយនាង កើតជំងឺនេះ ។ លោកបន្តទៀតថា ការញុំា​អាហារ​ដែលមាន​ជាតិខ្លាញ់​ច្រើន រឺ មិនញុំា​អាហារពេលព្រឹក គឺសុទ្ធ​តែអាច​បង្កើនហានិភ័យ នៃការ​កើត​ជំងឺ​គ្រួសក្នុង​ថង់ទឹកប្រមាត់ ។

លោកវេជ្ជបណ្ឌិត ​ថែមទាំង​​បញ្ជាក់​ពី​​មូលហេតុដ៏ចំបង ដែល​បណ្តាល​​អោយ​កើត​ជំងឺគ្រួស​ថង់ទឹកប្រមាត់​​រួមមាន៖
– ញុំាអាហារ​ដែលមាន​ជាតិកូឡេស្តេរ៉ុល និងជាតិខ្លាញ់ច្រើន
-តែងតែ​រំលងការ​ញុំាអាហារពេលព្រឹក ហើយផឹកភេសជ្ជៈកំប៉ុង
-ចូលគេង​យប់ជ្រៅ ហើយ​ញុំាអាហារ​ច្រើន​នៅពេលយប់
-ចូលចិត្ត​ញុំា BBQ
-ចូលចិត្តញុំាមីកំប៉ុង និងអាហារតាមចិញ្ចើមថ្នល់ ជាច្រើនមុខទៀត ។

ដូច្នេះអ្នកដែលមានទម្លាប់ញុំាអាហារទាំងនេះ គួរតែកាត់បន្ថយខ្លះ ជៀសវាងជួបរឿងបែបនេះ ៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial