ដាស់តឿនដល់អ្នកដែលឧស្សាហ៍ទៅកក់សក់ ហើយម៉ាស្សាក ប្រយ័ត្នជួបរឿងដូចបុរសម្នាក់នេះ

នៅតាម​ហាង​កក់សក់​ជាច្រើន តែងតែ​ធ្វើការ​ម៉ាស្សាក រឺកាច់ក​អោយ​លឺសូរ​ប្រសៗ បន្ទាប់ពីភ្ញៀវកក់សក់រួច ប៉ុន្តែ​តើអ្នក​ដឹងថា វិធីទាំងនេះ​អាច​បង្កជា​បញ្ហា​នៅថ្ងៃ​អនាគត ។ បើតាម​សំដីគ្រូពេទ្យជំនាញ​បាន​អោយ​ដឹងថា «ការម៉ាស្សាក រឺកាច់ក នេះ អាចបណ្តាល​​អោយ​មាន​​ការ​ខូច​សន្លាក់ឆ្អឹងក​រយៈ​ពេល​​យូរ​អង្វែង»។

ការម៉ាស្សាក្បាល និង ម៉ាស្សាកនេះ គឺពេញនិយម​បំផុត​​នៅតាម​​ហាងកក់សក់ និង​កាត់សក់ នៅរាជធានីភ្នំពេញ ។ ថ្វីត្បិត​តែ​​ការ​ម៉ាស្សា​អាច​ជួយ​បន្ធូរ​អារម្មណ៍​តានតឹង​​បានខ្លះក៏ដោយ ប៉ុន្តែវាពិត​ជាអាច​បង្កជា​គ្រោះថ្នាក់​នៅថ្ងៃអនាគតពិតមែន ។ ការបង្ក​​ជា​គ្រោះថ្នាក់​​ធ្ងន់ធ្ងរ​​បំផុត​នោះគឺ នៅ​ពេល​​ដែល​ជាង​​កាត់សក់ រឺជាងកក់សក់ កាច់ក​ម្តង​ទៅឆ្វេង ម្តងទៅស្តាំ ដោយប្រើកំលាំង​សង្កត់ខ្លាំង ។

ជាក់ស្តែង​​រឿងនេះ​​បាន​កើតឡើង នៅលើ​បុរស​​ជនជាតិ​​ឥណ្ឌា​ម្នាក់​ ដែលមាន​ឈ្មោះថា Ajay Kumar វ័យ ៥៤ ឆ្នាំ គឺជា​បុរសម្នាក់​ ​ដែល​បានទៅ​កាត់សក់ នៅក្នុង​ហាងកែ​សម្ភស្ស​មួយ​កន្លែង នៅក្នុងទីក្រុង Delhi ប្រទេសឥណ្ឌា ។ បន្ទាប់ពី​កាត់សក់​រួច ជាង​បាន​​ធ្វើការ​ម៉ាស្សាក​​អោយគាត់ ប៉ុន្តែបន្ទាប់​ពីម៉ាស្សា​រួច ស្រាប់តែ​​គាត់​​មាន​​អាការៈ​​ពិបាក​ដក​ដង្ហើម ។

ភ្លាមៗ​​គាត់ត្រូវ​​បាន​​បញ្ជូន​​ទៅកាន់​​មន្ទីរពេទ្យ ហើយ​​គេ​​បាន​ដាក់​​ឧបករណ៍​ជំនួយដកដង្ហើម ដើម្បី​សម្រួល​​អោយ​គាត់​អាច​​ដក​ដង្ហើម​​បានទំរាំដល់មន្ទីរពេទ្យ ។ ក្រោយពី​​គ្រូពេទ្យ​​ធ្វើការ​​ពិនិត្យ​យ៉ាងល្អិតល្អន់ ក៏ប្រទះឃើញថា សន្លាក់ឆ្អឹងករបស់គាត់ បានធ្វើ​​អោយ​​សរសៃប្រសាទ​​បញ្ជា​ភ្នាសសន្ទះទ្រូង និងពោះរបស់គាត់ខូច ។ គ្រូ​ពេទ្យ​ថែមទាំង​បានប្រាប់​ទៀតថា សន្ទះទ្រូងរបស់លោក Kumar ខូចហើយ ដូច្នេះគាត់​ត្រូវការ​​ប្រើ​ឧបករណណ៍​​ដកដង្ហើម​​អស់មួយជីវិត ដោយសារ​តែ​ប្រព័ន្ធ​ប្រសាទ​មិនអាច​ធ្វើការ​ដោយខ្លួនឯងបាន​ ។

យោងតាម​​សំដីវេជ្ជបណ្ឌិត Jaiswal បាននិយាយថា «ការម៉ាស្សាក និងការកាច់ក អាចបំផ្លាញ​សន្លាក់ឆ្អឹងក រយៈពេលយូរអង្វែង ហើយជាលិកា និង សាច់ដុំ រឺ សរសៃប្រសាទ ដែលនៅជុំវិញនោះ អាចពិការបាន ដូចករណីលោក Kumar នេះតែម្តង» ។ បើយោង​តាម​​របាយការណ៍​ប្រទេសឥណ្ឌាបានអោយដឹងថា នេះមិន​មែនជា​ករណីទី ១ នោះទេ ។

ជាក់ស្តែង កាលពីប៉ុន្មានឆ្នាំមុន ក៏ធ្លាប់មានរឿង​​ស្រដៀងគ្នានេះដែរ ដែលបាន​កើត​​​ឡើង​លើ​បុរសវ័យ ៤០ ឆ្នាំម្នាក់ ដែល​មាន​ឈ្មោះថា Babu Reddy គាត់​បាន​​ទទួល​រង​នូវ​ជំងឺ​ដាច់​សរសៃ​ឈាមខួរក្បាល បន្ទាប់ពី​គាត់​ម៉ាស្សាក​​របស់គាត់រួច ហើយ​ដើរត្រលប់​មកផ្ទះវិញ ស្រាប់តែ​គាត់​មាន​អារម្មណ៍​មិនស្រួល​ក្នុងខ្លួន និងមាន​អាការៈវិលមុខ ធីងធោង ហើយ​ក៏ដួល​សន្លប់តែម្តង ។

បន្ទាប់ពី​ដឹកដល់​មន្ទីរពេទ្យ គ្រូពេទ្យ​ក៏បាន​ពិនិត្យ​ឃើញថា លោក Babu Reddy បាន​ដាច់សរសៃ​ឈាម​ធំមួយ ដែល​ផ្គត់ផ្គង់​ឈាម​ទៅកាន់​ខួរក្បាល ជាលទ្ធផល​នៃការ​ម៉ាស្សាក និងក្បាល ៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial