ឪពុកម្តាយក្មេងប្រុសរូបនេះ ដាស់តឿនដល់ឪពុកម្តាយគ្រប់រូប អោយមានប្រុងប្រយ័ត្នខ្ពស់ចំពោះរបួសតូចតាចរបស់កូនៗ ព្រោះវាអាចធ្វើអោយមានការសោកស្តាយដូចជាពួកគាត់ពេលនេះ

យោងតាម​ការចុះ​ផ្សាយ​នៅលើ​គេហរទំព័រ​ព័ត៌មាន​មួយបាន​អោយដឹងថា មានក្មេងប្រុសម្នាក់ ដែលមាន​ឈ្មោះថា Liam Flanagan អាយុ ៨ ឆ្នាំ រស់នៅរដ្ឋ Oregon បានទទួលមរណភាព ៣ ថ្ងៃ ក្រោយពី​គេដួលកង់​ ។ ក្មេងរូបនោះ​បាន​រងរបួស​យ៉ាងធ្ងន់ធ្ងរ ដោយរយះភ្លៅយ៉ាងជ្រៅ ដោយសារតែមុតនឹងដៃកង់ ។ ដោយឃើញ​ស្ថានភាពកូនដូច្នេះ ឪពុកម្តាយរបស់ Liam ក៏បានបញ្ជូនកូន​ទៅកាន់មន្ទីរពេទ្យ ដើម្បីដេរមុខរបួស ។

យោងតាម​សំដី​ឪពុកម្តាយ​របស់ Liam បានប្រាប់អោយដឹងថា គ្រប់យ៉ាង​គ្មានអ្វី​គួរកត់​សម្គាល់នោះទេ ក្រៅពីរបួស​នៅត្រង់​ជង្គង់នោះ ។ បន្ទាប់ពីដេររួច ពួកគាត់ក៏​បាននាំ​កូន​ត្រលប់ផ្ទះវិញ ។ ម្តាយរបស់ Liam បាននិយាយថា គ្រូពេទ្យមិន​បាន​ចាក់ថ្នាំផ្សះអ្វីនោះទេ ព្រោះគ្រូពេទ្យជឿជាក់ថា របួសនេះមិនធ្ងន់ធ្ងរអ្វីឡើយ ។ លុះថ្ងៃ​បន្ទាប់កូនប្រុសរបស់គាត់ ស្រាប់តែ​មានអាការៈ​ឈឺចាប់យ៉ាងខ្លាំង នៅជុំវិញកន្លែងដេរ ។

ស្ថានភាពរបស់ Liam មិនបាន​ប្រសើរឡើង​នោះទេ ផ្ទុយទៅវិញ គេកាន់តែ​ថ្ងូរថា​ឈឺចាប់នៅ​ផ្នែកខាងស្តាំនៃ​រាងកាយ​របស់គេ​យ៉ាងខ្លាំង ។ ឪពុកម្តាយរបស់ Liam បានប្រទះឃើញថា ដៃរបស់កូនប្រុស​ហាក់ដូចជា​ប្លែក ដូច្នេះ​ពួកគាត់​ក៏នាំ​​កូនទៅ​​កាន់មន្ទីរពេទ្យកុមារ ។ គ្រូពេទ្យនៅទីនោះ បានរកឃើញថា​សាច់របស់ Liam ត្រូវបាន​មេរោគម្យ៉ាងស៊ី ។ ដោយឃើញស្ថានភាពមិនស្រួល គ្រូពេទ្យ​ក៏បានបញ្ជូន Liam ទៅកាន់បន្ទប់វះកាត់​ ។

គួរអោយរន្ធត់ចិត្តជាខ្លាំង នៅពេលដែលគ្រូពេទ្យប្រាប់ថា Liam ត្រូវតែកាត់ជើងខាងស្តាំ​របស់គេ ដើម្បី​បញ្ឈប់ការ​រីករាល​ដាល​នៃមេរោគ ទៅផ្នែកផ្សេងទៀត​នៃរាងកាយ ប៉ុន្តែអ្វីៗ​ហាក់​ដូចជា​យឺតណាស់ទៅហើយ ។

អ្នកស្រី Sara ដែលត្រូវជា ម្តាយបាននិយាយ​ទាំង​ទឹកភ្នែក​ថា «ផ្នែកខាងស្តាំនៃរាងកាយ​កូនរបស់ខ្ញុំ ត្រូវបាន​កាត់ចោល​ម្តងបន្តិចៗ ស្ទើរតែ​ទាំងអស់​ទៅហើយ ។ គ្រូពេទ្យនៅតែកាត់ ហើយកាត់ទៀត ដោយសង្ឃឹមថា កាត់ហើយនឹងលែងអី ។ ប៉ុន្តែ​ស្ថានភាព​កូនរបស់ខ្ញុំ កាន់តែ​អាក្រក់ខ្លាំងឡើងៗ រហូត​រាងកាយ​របស់គេ​​លែង​ទប់ទល់រួច ។ កូនប្រុស​របស់ខ្ញុំក៏បានស្លាប់ ពីរថ្ងៃក្រោយ​ពីការវះកាត់ »។

គ្រូពេទ្យជឿជាក់ថា មេរោគដ៏​កាច​សាហាវនោះ ទំនងជា​ជ្រៀត​ចូល​ទៅ​ក្នុងរាងកាយ Liam តាមរយៈ​មុខរបួស ដែលបាន​ប៉ះពាល់​ទៅនឹង​ដី ។ ប្រភេទមេរោគស៊ីសាច់នោះ ត្រូវបានគេដឹងថា​វាគឺជាមេរោគម្យ៉ាង ដែលមាន​ភាពខ្លាំងក្លា ហើយ​វានឹង​រីករាលដាល យ៉ាងឆាប់រហ័ស​ទៅក្នុង​រាងកាយ ហើយវានឹង​បំផ្លាញ​ជាលិកា ។ អ្នកជំងឺ​ នឹងគ្មានសង្ឃឹម​ថា​អាចជា​សះស្បើយនោះទេ ។

ឪពុកម្តាយរបស់ Liam សង្ឃឹមថា​ការ​បាត់បង់របស់គាត់នេះ គឺជាការដាស់តឿន ដល់ឪពុកម្តាយដទៃទៀត សូមអោយមាន​ការ​យកចិត្តទុក​ដាក់​បន្ថែម រាល់ពេល​ដែលកូនរបស់អ្នក ជួបគ្រោះថ្នាក់ រឺរងរបួសអ្វីមួយ ។

ម្តាយរបស់ Liam បាននិយាយជាចុងក្រោយថា «ថ្វីត្បិតតែវាពិតជាអាក្រក់ខ្លាំងណាស់សម្រាប់ខ្ញុំ ប៉ុន្តែខ្ញុំសង្ឃឹមថារឿងរ៉ាវមួយនេះ អាចធ្វើអោយអ្នកមានស្មារតីប្រុងប្រយ័ត្នខ្ពស់ជាងមុន ។ កុំប្រហែសអោយសោះ រាល់ពេលកូនរបស់អ្នករងរបួស ទោះធ្ងន់ រឺស្រាលក៏ដោយ » ៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial