នារីម្នាក់នេះដាស់តឿនដល់អ្នក តែងតែរំលងការញុំាអាហារពេលព្រឹក ប្រយ័ត្នជួបរឿងដូចនាង

អាហារពេលព្រឹក មានសារៈសំខាន់ណាស់ ដែលគ្រូពេទ្យតែងតែនិយាយដាស់តឿនជារឿយៗ ថាកុំអោយរំលងអាហារពេលព្រឹកជាដាច់ខាត ។ ទោះបីជាយ៉ាងណាក៏ដោយ​ មនុស្សភាគច្រើនតែងតែរំលងការញុំាអាហារពេលព្រឹក ព្រោះគិតថាវាមិនសូវសំខាន់នោះទេ ។

តួយ៉ាងដូចជានារីជនជាតិហ្វីលីពិនម្នាក់ ដែលមានឈ្មោះថា Ella Laosantos នាងក៏ជាមនុស្សម្នាក់ដែលតែងតែ រំលងការញុំាអាហារពេលព្រឹកដែរ តែពេលនេះនាងបានធ្វើការដាស់តឿនដល់មិត្តៗដទៃទៀត ដែលមានទំលាប់មិនញុំាអាហារព្រឹក ក្រោយពេលដែលនាងជួបរឿងអកុសលមួយ ។

Ella បាននិយាយ​រៀបរាប់​នៅលើ​គណនី​ហ្វេសប៊ុក​របស់នាងថា កាលពេល​ដែល​នាង​នៅរៀន នាង​កម្រញុំា​អាហារពេល​ព្រឹក​ខ្លាំងណាស់ ព្រោះនាង​តែងតែ​ក្រោក​ពីគេង​យឺតរាល់ព្រឹក  ព្រោះតែប្រញាប់ចូលរៀន នាងក៏មិនបានញុំា។

យូរៗទៅវា​ក៏ក្លាយ​ទៅជា​ទម្លាប់ លែង​ឃ្លាន​អាហារពេលព្រឹក រហូតមក​ដល់ថ្ងៃមួយ នាងស្រាប់តែ​មាន​អាការៈ​ឈឺចាប់​នៅក្នុង​ពោះរបស់​នាង​យ៉ាងខ្លាំង ហើយ​ថែម​ទាំង​ទល់លាមក និងក្អួតចង្អោរ​ទៀតផង ។

នាងក៏ទៅ​មន្ទីរពេទ្យ​ពិនិត្យ ក្រោយពី​ធ្វើតេស្ត​រួចរាល់​ហើយ លទ្ធផល​បាន​បង្ហាញថា នាងបាន​កើតជំងឺដំបៅ​ក្រពះ និងមាន​ជាតិអាស៊ីត​ច្រើន​ហួសប្រមាណ ។ គ្រូពេទ្យ​បាន​ប្រាប់​នាងថា ជំងឺដំបៅក្រពះ​របស់នាង ត្រូវការ​ពេលវេលា ដើម្បីជា​សះស្បើយ​ឡើងវិញ ។ ប្រព័ន្ធភាពសុំា​របស់នាង ចុះខ្សោយ​ដែល​ធ្វើអោយ​នាង​ងាយ​នឹង​ឈឺខ្លាំងណាស់ ។

លុះថ្ងៃមួយ ពេលដែលនាងញុំាអាហារពេលល្ងាចឆ្អែត នាងមាន​​អាការៈ​​ឈឺចាប់ ​នៅក្នុង​ពោះខ្លាំងរហូតទ្រាំលែងបាន ។ នាងក៏​បាន​​ទៅ​ជួប​គ្រូពេទ្យ​ម្តងទៀត ដើម្បីធ្វើការឆ្លុះអេកូ ។ គ្រូពេទ្យ​បាន​ប្រាប់នាងថា ស្ថានភាព​​របស់នាង​​កាន់តែ​ធ្ងន់ធ្ងរហើយ ព្រោះនាងកើត​ជំងឺ​រលាក​ក្រពះធ្ងន់ធ្ងរ ។

នាងប្រាប់ថា ជំងឺរលាកក្រពះ​របស់នាងនេះ គឺជា​ការរលាក​នៃស្រទាប់់ក្រពះ ។ វាអាចឈឺចាប់ម្តងៗ​ក្នុងរយៈ​ពេលខ្លី​ ឬវែង មិនទៀងនោះទេ ។ គ្រូពេទ្យបាន​ប្រាប់នាងថា នេះបណ្តាល​មកពីទម្លាប់នៃការ​រំលង​អាហារពេលព្រឹក ។ បន្ទាប់ពី​ទទួល​ការ​ព្យាបាល​មួយរយៈ អាការៈរបស់នាងក៏ល្អប្រសើរឡើងវិញ ហើយនាងក៏​ចាប់ផ្តើម ញុំាអាហារពេលព្រឹក​តិចឡើងវិញ ។

ក្រោយពីនាងជួបរឿងបែបនេះហើយ ទើបនាងចង់ធ្វើដាស់តឿន ដល់មនុស្សគ្រប់គ្នា ថាអាហារពេលព្រឹកគឺសំខាន់ខ្លាំងណាស់ អ្នកមិនគួររំលងវាទេ ។ ក្នុងនោះផងដែរ ក៏មានអ្នកនិយមហ្វេសប៊ុកជាច្រើននាក់ បានអរគុណដល់នាង ដែលបានចែករំលែកបទពិសោធនរបស់នាងដល់មនុស្សគ្រប់គ្នាផងដែរ ៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial