ធ្លាយរឿងអាថ៌កំបាំង តារាសម្តែងដ៏ល្បី Fan Bingbing ជាប់ពន្ធនាគារ ពីបទគេចវេសការបង់ពន្ធ

ក្រោយពីការបាត់ខ្លួន​យ៉ាង​អាថ៌កំបាំង នៃតារា​សម្តែងដ៏ល្បីឈ្មោះ អ្នកនាង Fan Bingbing អស់រយៈពេល ៣ ខែកន្លងមកនេះ ក៏ស្រាប់តែថ្មីៗនេះ មានព័ត៌មានលេចលឺថា អ្នកនាង Fan Bingbing បច្ចុប្បន្នកំពុង​ជាប់ក្នុង​ពន្ធនាគារ ពីបទជាប់​​ពាក់ព័ន្ធនឹង​​ការគេច​វេស​​មិនបង់ពន្ធ ។

យោងតាម​​ការ​ចុះផ្សាយ​ព័ត៌មាន​នៅលើគេហរទំព័រ taiwan news បានអោយដឹងថា តារាសម្តែងវ័យ ៣៦ ឆ្នាំរូបនេះ ត្រូវបានគេចាប់ខ្លួន កាលពី​ពាក់កណ្តាលខែមិថុនាឆ្នាំនេះ ពីបទគេចពន្ធ។ ប្រភពព័ត៌មានដដែលបន្តថា អ្នកនាង Fan Bingbing បានចុះកង់ត្រា ២ ក្នុងលើគម្រោងខ្សែភាពយន្តតែមួយ ដែលមួយតម្លៃ ២លានដុល្លា ខណៈកុងត្រាមួយផ្សេងទៀត មានតម្លៃ ១០​ លានដុល្លា ។

ប៉ុន្តែជាក់ស្តែងអ្នកនាង Fan Bingbing បានរាយការណ៍ទៅខាងមន្ត្រីពន្ធដារ តែកិច្ចសន្យា ១ ប៉ុណ្ណោះ ចំណែកឯកិច្ចសន្យាមួយទៀត លាក់មិនអោយគេដឹង ។ បើតាមសេចក្តីរាយការណ៍​បន្ថែមទៀត​ថា កិច្ចសន្យានោះគឺ ការចុះកុងត្រាថតខ្សែភាពយន្តរឿង «Cell Phone 2» របស់ផលិតកម្ម Feng Xiaogang ។

អ្នកនាង Fan Bingbing ត្រូវបានគេឃើញចុងក្រោយបំផុត នៅលើបណ្តាញសង្គមនៅក្នុងខែមិថុនា មុនពេល​ដែលនាង​ត្រូវបានគេចាប់ខ្លួន ក្នុងខែមិថុនានោះ ប៉ុន្តែបន្ទាប់ពីចាប់ខ្លួនបានរយៈពេលពីរថ្ងៃ នាងក៏ត្រូវបានគេដោះលែង អោយមានសេរីភាពឡើងវិញ ។ ទោះបីជាយ៉ាងណាក៏ដោយ តារាសម្តែងរូបនេះ ក៏ត្រូវបានចាប់ខ្លួនម្តងទៀត នៅក្នុងខែសីហា ហើយនាងក៏ត្រូវបានគេដាក់ អោយជាប់ទោសនៅក្នុងពន្ធនាគារតែម្តង ។

យោងតាមការចុះផ្សាយជា​ផ្លូវការ​ជាភាសាចិនដោយ Securities Daily បានបញ្ជាក់យ៉ាងច្បាស់ថា អ្នកនាង Fan Bingbing ពិតជាត្រូវបានចាប់ខ្លួនពិតមែន ហើយនាងត្រូវបានគេដាក់នៅក្រោមការស៊ើបអង្កេត ហើយនាងនឹងទទួលយកនូវការសម្រេចចិត្តតាមផ្លូវច្បាប់ ។

ប្រភពព័ត៌មានដដែលបានបន្តថា «កិច្ចសន្យា Yin-Yang នោះគ្រាន់តែជាភស្តុតាងតូចមួយប៉ុណ្ណោះ ។ ការពិតទៅនាង ក៏ត្រូវបានគេសង្ស័យថាបានចូលរួមក្នុងការផ្តល់ប្រាក់កម្ចីខុសច្បាប់ ហើយទម្រង់នៃអំពើពុករលួយផ្សេងៗទៀតផងដែរ ។ ក្នុងករណីធ្ងន់ធ្ងរនោះ នាងនឹងត្រូវប្រឈមមុខ ក្នុងការដាក់ទោសទៅតាមផ្លូវច្បាប់» ។

គម្រោងខ្សែភាពយន្ត ដែលនាងបានចូលរួមនៅក្នុងអំឡុងនៃការបាត់ខ្លួននោះ ត្រូវបានគេផ្អាក ហើយពួកគេជឿជាក់ថា មិនអាចបញ្ចាំងនៅក្នុងរោងកុនសាធារណៈបានទេ ៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial