ម្តាយកើតជំងឺដំណាក់កាលចុងក្រោយម្នាក់ ព្យាយាមរស់ជារៀងរាល់ថ្ងៃ ដើម្បីឃើញមុខកូនស្រី ដែលទើបនឹងកើតរបស់ខ្លួន

គ្មានក្តីស្រលាញ់ណា ស្មើនឹងក្តី​ស្រលាញ់​របស់ម្តាយនោះទេ ។ តួយ៉ាង​ដូចស្ត្រីម្នាក់​នេះ មិនលះបង់​កូន​នៅក្នុង​ផ្ទៃចោល​ជាដាច់ខាត ទោះបីជា​ខ្លួន​កើត​ជំងឺធ្ងន់ធ្ងរ ដំណាក់​កាល​ចុង​ក្រោយក៏ដោយ ។ យោងតាម​ប្រភព័ត៌មាន​មួយ បានអោយ​ដឹងថា មានស្ត្រីវ័យ ២៥ ឆ្នាំម្នាក់ បានធ្វើរោគ​វិនិច្ឆ័យ រកឃើញថា ខ្លួនបាន​កើត​ជំងឺ​ស្វិតសាច់ដុំ ខណៈពេល​ដែលកំពុង​ពរពោះកូន​ស្រីទី ២ បាន ៥ ខែម្ល៉េះ ។

បន្ទាប់ពី​រក​ឃើញជំងឺនេះ គ្រូពេទ្យបានជំរុញ អោយស្ត្រីរូបនោះ លះបង់​កូន​ដែល​នៅក្នុង​ផ្ទៃចោល ព្រោះ​នាង​ត្រូវ​ទទួលការ​ព្យាបាល​ជាច្រើន​ដំណាក់កាល ហើយម្យ៉ាងវិញទៀត នាង​នៅសល់​ទំងន់ត្រឹមតែ ២០ គីឡូតែប៉ុណ្ណោះ ។

ទោះបីជា​យ៉ាងណា​ក៏ដោយ ស្ត្រីរូបនោះ មិនដាច់ចិត្តនោះទេ ប៉ុន្តែនាងថែមទាំង​បាន​ប្តេជ្ញា​ចិត្តថា​ នឹងមិនបោះបង់កូន ដែល​នៅក្នុង​ផ្ទៃ ចោលជា​ដាច់ខាត ហើយនាង​នឹង​ប្រឹង​ប្រែង​​ប្រយុទ្ធ​តតាំង​​ជាមួយ​នឹង​​ជំងឺដ៏​សាហាវ​នេះ ព្រោះខ្លួន​ចង់​ឃើញ​មុខ​កូនស្រីខ្លាំងណាស់ ។

ជំងឺរបស់​នាង​ធ្ងន់ធ្ងរ​ខ្លាំងណាស់ ហើយ​គ្មាន​វិធី​ណា​អាចជួយ សង្គ្រោះនាងបានឡើយ ដូច្នេះជីវិតរបស់នាង ហើយនឹង​កូន​នៅក្នុងផ្ទៃ គឺស្ថិត​នៅក្នុង​ដំណាក់​កាលស្លាប់រស់ ។

ថ្វីត្បិតតែ​គ្មានសង្ឃឹមសូម្បីបន្តិចក៏ដោយ ស្ត្រីរូបនោះ​បាន​ព្យាយាមពរពោះ ៣២ អាទិត្យ ដោយស្នាក់នៅមន្ទីរពេទ្យ ទីបំផុតកូន​របស់នាង​ក៏កើត​ចេញមក អាចឃើញពន្លឺថ្ងៃ ។ ប្រភពព័ត៌មាន​ដដែលបន្តថា ទារិការូបនោះ ត្រូវបាន​ជីដូន​ដាក់ឈ្មោះថា Miracle នាង​កើតមក​មាន​ទំងន់ត្រឹមតែ ១.៩ គីឡូតែប៉ុណ្ណោះ ។

ទោះ​បីជា​ទារិកា​រស់នៅ​ក្នុងផ្ទៃម្តាយ ដែល​មានសុខភាព​មិនល្អក៏ដោយ ប៉ុន្តែ​ដោយការតាំងចិត្ត ហើយព្យាយាមយ៉ាងលំបាកនោះ ទើបធ្វើអោយ ទារិកា​កើត​មក​មាន​សុខភាព​ល្អធម្មតា ។ យោងតាមសំដីអ្នកស្រី Thu ដែលត្រូវជាជីដូន បានអោយដឹងថា ឪពុកទារិកា​បាននាំ​កូនស្រីទី ១ រត់ទៅរស់នៅ​ផ្ទះម្តាយ​បាត់ហើយ ក្រោយពី​ដឹងថា ប្រពន្ធបានកើតជំងឺនេះ ។ រូបគេ​មិនខ្វល់​ពីប្រពន្ធ និងកូនទី ២​ ដែល​នៅក្នុងផ្ទៃនោះទេ ។

ដោយសារ​ជំងឺស្វិតសាច់ដុំនេះធ្ងន់ធ្ងរខ្លាំង បានធ្វើអោយ​ម្តាយទារិកា មិនអាច​និយាយ​បានឡើយ ហើយនាង​បានត្រឹម​បើកភ្នែក សំលឹងមើល​ពិដាននៃ​បន្ទប់ពេទ្យតែប៉ុណ្ណោះ ។ ​នាងអាចដកដង្ហើមបាន​ដោយប្រើ​អុកស៊ីសែន។ ទោះបីជា ជីវិតរបស់នាង​ហាក់ដូចជា គ្មានសង្ឃឹម តែក្តីស្រលាញ់ចំពោះកូន បានជំរុញ​លើក​ទឹកចិត្ត​របស់នាង អោយមាន​ការតស៊ូ​ទៅមុខ​ទៀត ។

ជីដូនទារិកាបាននិយាយឡើងថា «នាងអាចធ្វើបានពិតមែន ។ Miracle កើតមកហើយ ទោះជានាងមានទំងន់ត្រឹមតែ ១.៩ គីឡូក៏ដោយ តែសុខភាពនាងល្អធម្មតានោះទេ » ។

គាត់បន្តទៀតថា «កូនស្រីរបស់ខ្ញុំ ប៊ិះនឹងត្រូវ​ស្លាប់ជា​ច្រើនដងហើយ ដើម្បីសង្គ្រោះជីវិត Miracle ។ នាងត្រូវគេង​នៅមន្ទីរពេទ្យ ចាប់តាំងពី​នាង​កើត​ជំងឺនេះ ព្រោះតែ​នាង​ចង់​ឃើញ​មុខកូន ។ ខ្ញុំតែង​តែ​បន់ស្រន់​សូមអោយ​រឿងល្អ កើតមាន​ឡើង​ចំពោះនាង និងកូនក្នុងផ្ទៃ ។ ទីបំផុត​នាងអាចធ្វើបាន ។ ក្តីសង្ឃឹម​របស់ខ្ញុំ​អាច​ក្លាយជា​ការពិតហើយ  »។

«នាង​ស្រលាញ់​កូនស្រី​របស់នាង​ខ្លាំងណាស់ ។ ខ្ញុំគ្រាន់តែសង្ឃឹមថា នាងអាច​ជាសះស្បើយ ហើយរឹងមាំ​​អាច​​មើល​ថែ​កូន​របស់នាង ដោយខ្លួនឯងបាន ។ កូនប្រសារ​របស់ខ្ញុំ មិនខ្វល់ពីម្តាយ និងកូនពួកគេទេ ហើយគេ​ក៏មិន​ដែល​មក​សួរសុខ​ទុក្ខ​នៅមន្ទីរ​ពេទ្យដែរ ។ ខ្ញុំបាន​ព្យាយាមខលទៅគេ ច្រើនដងហើយ ប៉ុន្តែគ្មាន​ការឆ្លើយតបនោះទេ» ។

រហូតមក​ទល់ពេលនេះ នាង​នៅតែ​សម្រាក​នៅក្នុង​មន្ទីរពេទ្យ ដោយសារ​តែ​សុខភាព​របស់នាងកាន់តែ​ទ្រុឌទ្រោមទៅៗ ។ ទោះបីជា​យ៉ាងណា​ក៏ដោយ គ្រូពេទ្យនៅតែ​ព្យាយាម​ជួយសង្គ្រោះ យ៉ាងយកចិត្ត​ទុក​ដាក់​បំផុត ទោះបី​ជាគ្មាន​សង្ឃឹមថា​រស់ក៏ដោយ ៕

 

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial