អ្នកមានទម្លាប់ខាំក្រចកដៃ សូមបញ្ឈប់ទម្លាប់របស់អ្នកភ្លាមៗ ប្រយ័ត្នជួបរឿងអកុសល ដូចនារីម្នាក់នេះ

យោងតាមការ​ចុះផ្សាយ​នៅលើ​គេហរទំព័រ The Sun បានអោយដឹងថា មាននារវីវ័យ​ក្មេងម្នាក់ ត្រូវបានគ្រូពេទ្យ​កាត់​​មេដៃ​​របស់នាង ត្រឹមគន្លាក់ម្រាម​ចោល ក្រោយពី​ធ្វើរោគវិនិច្ឆ័យឃើញថា កើតជំងឺ​មហារីក​ដ៏កម្រម្យ៉ាង ដែល​គ្រូពេទ្យ​ជឿជាក់ថា វាផ្សារ​ភ្ជាប់​ទៅនឹងទម្លាប់ខាំក្រចកដៃ ។ប្រភពព័ត៌​មាន​ដដែល​បាន​អោយដឹងថា នារីវ័យក្មេង​រូបនោះ​មានឈ្មោះថា Courtney Whithorn នាង​ចាប់ផ្តើម​ចេះ​ខាំក្រចក​របស់នាង​តាំងពី​អាយុ ១៦ ឆ្នាំ ​នៅពេល​ដែលនាង​ត្រូវគេ​សម្លុត​ធ្វើបាប​នៅសាលារៀន ។

ការខាំក្រចកនេះ ក៏ក្លាយ​ទៅជា​ទម្លាប់មួយ ដែល​នាង​មិនអាច​កែប្រែបាន ហើយវា​កាន់​តែអាក្រក់​ខ្លាំងឡើងៗ នៅក្នុងឆ្នាំ ២០១៤ នាងបាន​ខាំក្រចកមេដៃទាំង​មូលតែម្តង ជាហេតុ​ធ្វើអោយ​ក្រចក​របស់នាង​ មិនអាច​ដុះលូតលាស់​បានល្អនោះទេ ។

ទោះបីជា​យ៉ា​ងណា​ក៏ដោយ នាងមិន​ដែល​អោយនរណាម្នាក់ បានឃើញ​មេដៃ​របស់នាងទេ រហូតមកដល់ឆ្នាំ ២០១៨ នេះ នៅពេល​ដែល​មេដៃ​របស់នាង ចាប់ផ្តើម​ប្រែទៅ​ជាពណ៌ខ្មៅ ទើបនាង​ប្រាប់​ប៉ាម៉ាក់របស់នាង ។ នៅក្នុងខែ​កក្តដា ឆ្នាំ ២០១៨ ជាពេលដែល Courtney ធ្វើរោគវិច្ឆ័យ​រក​ឃើញថា នាងបាន​កើត​ជំងឺ​ម្យ៉ាង​ហៅថា Acral lentiginous subungal melanoma (ALM) ជាជំងឺមហារីក ដែលបណ្តាល​មកពី​ការ​ប៉ះទង្គិច យ៉ាងធ្ងន់ធ្ងរ​នៅពេល​ដែល​ខាំក្រចកដៃ ។

ចាប់តាំង​ពីរក​ឃើញ​ជំងឺនេះ កើតមាន​ឡើង​ចំពោះនាង Courtney បានធ្វើការវះកាត់ចំនួន ៤ ដងហើយ ដោយសង្ឃឹមថា​អាច​សង្គ្រោះ​មេដៃ​របស់នាងបាន ប៉ុន្តែជាអកុសល ទោះបីជា​គ្រូពេទ្យ​បានព្យាយាម​ជួយនាង និងធ្វើការ​ព្យាបាល​ច្រើន​ដំណាក់កាល​យ៉ាងណា​ក៏ដោយ នាង​នៅតែ​ត្រូវបង្ខំ​អោយ​ធ្វើការ​កាត់​មេដៃ​របស់នាងចោល នៅពេល​ដែល​កោសិកាមហារីក​បាន​រាល​ដាល​ទៅលើ​ស្បែក​របស់នាង ។ មានតែការកាត់ទេ ដែលជា​មធ្យោបាយ​ចុងក្រោយ ក្នុងការ​សង្គ្រោះ​ជីវិត​នាងទាំងមូលបាន ។

ថ្វីត្បិត​តែ​​នាង​បានកាត់​មេដៃ​របស់នាង​រួចហើយ​ក៏ដោយ ប៉ុន្តែនាង​នៅរង់ចាំ​លទ្ធផល​ចុងក្រោយថាតើ កោសិកាមហារីក​របស់នាង​ពិតជា​អាចយក​ចេញ​អស់ពិត​មែនរឺទេ។

Courtney បានពន្យល់ប្រាប់​ពី​ស្ថានភាព​របស់នាងថា «ខ្ញុំនៅ​រង់ចាំ​លទ្ធផល​នៃការវះកាត់​របស់ខ្ញុំ ថាតើកោសិកា​មហារីក​ពិតជាលែងមានមែនរឺអត់ ហើយ​គ្រូពេទ្យនឹង​តាមដាន​មើលថាតើ ៥ ឆ្នាំទៀត វាអាចកើត​មានម្តង​ទៀតរឺអត់ ដូច្នេះខ្ញុំត្រូវស្កាន និងធ្វើ​តេស្តឈាម​អោយបាន​ទៀងទាត់» ។

ពិតជា​គួរអោយ​ខ្លាចខ្លាំងណាស់ គ្រាន់តែ​ខាំក្រចកដៃ​ក៏អាច​ក្លាយ​ទៅជា​ជំងឺធ្ងន់ធ្ងរ​បែបនេះ ។ ដូច្នេះប្រសិន​បើអ្នក​មាន​ទម្លាប់​ខាំក្រចកដៃ សូមកែប្រែ​ទំលាប់របស់អ្នក ជៀសវាង​ជួបរឿង​អកុសលបែបនេះ ៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial