ដាស់តឿនដក់ឪពុកម្តាយ មានក្មេងស្លាប់ម្នាក់ហើយ ដោយសារហ្គេម PUBG ៖ក្មេងប្រុសវ័យ ១៣ ឆ្នាំម្នាក់ លោតពីលើអគារស្លាប់ភ្លាមៗ ព្រោះស្លង់អារម្មណ៍ទៅតាមហ្គេម PUBG

PUBG គឺជាហ្គេមបាញ់គ្នា ដ៏ពេញនិយមមួយ ដែលមនុស្សជាច្រើន​ចូលចិត្តលេង មិនថា​ក្មេង​ចាស់ប្រុស​ស្រីនោះទេ​ ។ ក្នុងនោះផងដែរ ក៏មាន​មនុស្សជា​ច្រើន ញៀន​នឹង​ហ្គេម​នេះខ្លាំង រហូត​​ភ្លេចបាយភ្លេចទឹក ហើយភ្លេច​ទាំង​ដេក​ថែមទាំងផង ។ តួយ៉ាង​ដូច​ក្មេង​ប្រុសវ័យ ១៣ ឆ្នាំម្នាក់នេះ គេញៀននឹងបាញ់ PUBG រហូត​ភ្លេចខ្លួន ហើយ​បាន​លោតពី​លើអគារ​ជាន់ទី​ ៤ ស្លាប់ភ្លាមៗ ។

យោងតាមប្រភពព័ត៌មាន ET today បានអោយដឹងថា ក្មេងប្រុសម្នាក់ ដែលជា​អ្នកស្រុក​​រស់​នៅក្នុង​ទីក្រុង Haimen ខេត្ត Jiangsu ប្រទេសចិន បានញៀននឹង​ការលេងហ្គេមបាញ់គ្នា ដ៏ពេញនិយមមួយឈ្មោះថា PUBG រហូតស្លុងអារម្មណ៍ទៅតាមហ្គេម លោតចុះពីជាន់ទី ៤ នៃអគារស្នាក់នៅរបស់គេ ហើយក៏បាន​ស្លាប់​​យ៉ាង​អនោចអធម​បំផុត ។

ប្រភពព័ត៌មានដដែលបន្តថា ក្មេងប្រុសរូបនោះ មានឈ្មោះថា Xu Tianci បានលោតពី​លើ​អគារស្នាក់នៅជាន់ទី ៤ កាលពីព្រឹកព្រលឹមថ្ងៃទី ៣០ សីហាកន្លងទៅនេះ ដោយសារតែគេធ្វើតាមតួអង្គនៅក្នុងហ្គេម ។

បើតាមការបញ្ជាក់ ពីអ្នកនិយមលេង ហ្គេមបាញ់គ្នាតាមអនឡាញ (PUBG) នេះ បានអោយដឹងថា ហ្គេមនេះ មានអ្នក​លេង នៅលើអនឡាញច្រើន រហូតដល់ទៅ ១០០ នាក់ ដែលនឹងលោតឆត្រយោង ទៅលើកោះមួយ ដើម្បីស្វែងរកអាវុធ និងឧបករណ៍​​ជាច្រើន​ទៀត ដើម្បីយក​ទៅ​សម្លាប់​អ្នកដទៃ មុនពេល​ដែល​​ត្រូវ​គេ​​សម្លាប់ ។

ហ្គេមនេះ តម្រូវអោយ​តួអង្គ​នៅក្នុងហ្គេមនោះ មានការរត់ លោត ហក់ និង បាញ់ប្រហារ ទៅតួអង្គផ្សេងទៀត ដែលនៅក្នុងហ្គេម។  តួអង្គនៅក្នុងហ្គេម អាច​លោត​ចុះ​ពីលើ​អគារដោយ​ងាយ និង សុវត្ថិភាព ដោយគ្មានគ្រោះថ្នាក់អ្វីទាំងអស់។

ម្តាយរបស់ Xu ជឿជាក់ថា ហ្គេមនេះ​ធ្វើអោយ​​កូនប្រុស​របស់គាត់ គិតថាខ្លួន​គេ​ក៏​អាច​ធ្វើដូច​តួអង្គនៅក្នុងហ្គេមដែរ ដោយ​លោតចុះ​ពីលើ​អគារ ដោយគ្មានរបួសអ្វីទាំងអស់ ប៉ុន្តែជាអកុសល ក្រោយ​ពេល​លោតចុះមក គេក៏ស្លាប់ភ្លាមៗតែម្តង ។

យោងតាមរបាយការណ៍ ស៊ើបអង្កេតរបស់ប៉ូលីសបាន​​បង្ហាញថា ក្មេងប្រុសរូបនោះ ​ពិតជា​​បាន​លេងហ្គេម PUBG មែន មុនពេល​ដែល​គេស្លាប់ វាមិន​ជាប់​ទាក់ទង​ទៅនឹង​ការធ្វើ​អត្តឃាត​នោះទេ ។

ម្តាយ​ក្មេងប្រុស​​ក៏ជឿជាក់​​ដូច្នេះដែរ ដោយអ្នក​ស្រី​​បញ្ជាក់​​ប្រាប់​អោយ​ដឹងថា Xu គឺជាក្មេងប្រុសរីករាយ និងចិត្តល្អ ហើយគេមាន​មិត្តភក្តិ​ច្រើនណាស់ ។ មួយវិញទៀត នៅក្នុងគ្រួសារ​ក៏មិន​ដែល​មានសម្ពាធអ្វី​ដែរ ដូច្នេះគេ​គ្មាន​មូលហេតុអ្វី​ដែល​ត្រូវ​ធ្វើអត្តឃាត​នោះទេ ។

អ្នកស្រី​ថែមទាំង និយាយទៀតថា នាងចង់ប្តឹងក្រុមហ៊ុន ដែល​បង្កើតហ្គេមនេះឡើង ព្រោះនាងជឿជាក់ថា ហ្គេមនេះ​មាន​ឥទ្ធិពលអាក្រក់ ចំពោះអ្នកដទៃ ជាពិសេស​ក្មេងៗ ដែល​លេងហ្គេមនេះ ព្រោះពួកគេអាចគិតថា ខ្លួនរបស់ពួកគេ គឺជាតួអង្គនៅក្នុងហ្គេម ដែលអាច​លោតហត់​ពីលើអគារ បានតាមចិត្ត ដោយ​គ្មានគ្រោះថ្នាក់អ្វីឡយ ។

ទោះបីជា​យ៉ាងណា​ក៏ដោយ បន្ទាប់ពី​ម្តាយ​ក្មេងប្រុស​រងគ្រោះ បាន​លើកឡើង​ដូច្នេះ ក៏មាន​អ្នក​និយម​លេង​ហ្គេមនេះ​ជាច្រើន​នាក់ បានលើក​ជា​មតិផ្ទុយ​ពីនោះ​ថា ដោយសារតែ​ឪពុកម្តាយ មិន​យក​ចិត្ត​ទុក​ដាក់​​លើកូន​របស់ខ្លួន​ទៅវិញទេ ដែលជា​ហេតុ​ធ្វើ​អោយ ក្មេងក្លាយ​ជាជន​រងគ្រោះ​បែបនេះ មិន​មែន​មកពី​ហ្គេមនោះទេ ។

អ្នកស្រី​បាន​បញ្ជាក់ថា​ អ្នកស្រីចង់​បានកូន​ត្រលប់មក​វិញ មិនមែន​ចង់បាន​លុយពី​ក្រុមហ៊ុន​នោះទេ ។ ប្រសិនបើ​អ្នក​ស្រីឈ្នះ​ក្តី ហើយទទួលបាន ប្រាក់សំណងនោះ អ្នកស្រីនឹងយកប្រាក់​​សំណង​​ទាំងនោះ ទៅបរិច្ចាគទាំងអស់ ។

គួរបញ្ជាក់ផងដែរថា នៅប្រទេសចិន នេះមិនមែនជាករណីទី ១ នេះ ទេ ដែលអ្នកលេងហ្គេមស្លុងចិត្តស្លុងអារម្មណ៍ ទៅតាមហ្គេម រហូតធ្វើរឿងឆ្គួតៗបែបនេះ ។ ជាក់ស្តែង ធ្លាប់មានក្មេងប្រុសម្នាក់ បានរុញឪពុករបស់គាត់ ធ្លាក់ពីលើជណ្តើរយន្ត ព្រោះតែខឹងឪពុកមិនព្រមលេងហ្គេម PUBG ជាមួយ ។ ជាសំណាងល្អ ដែលបុរសជាឪពុកមិនស្លាប់ គ្រាន់តែបាក់កដៃតែប៉ុណ្ណោះ ។

នេះគ្រាន់តែជា​​សារដាស់តឿន​ដល់ឪពុកម្តាយ​គ្រប់រូប ដែលបណ្តោយ​អោយកូនលេង​ហ្គេមច្រើនពេក ទោះបី​ជាការ​ស្លាប់​របស់ក្មេង​ប្រុសរូបនេះ មាន​ជាប់ពាក់​ព័ន្ធ​នឹងហ្គេម រឺមិនជាប់ក៏ដោយ ប៉ុន្តែការ​លេង​ទូរស័ព្ទច្រើន ពិតជា​អាចជះឥទ្ធិពល​អាក្រក់​ដល់​កូនពិតប្រាកដមែន ៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial