ក្មេងស្រីអាយុ ៤ ឆ្នាំម្នាក់ឆ្លងជំងឺម្យ៉ាង តាមរយៈការលស្បែកជើងថ្មី

ក្មេងៗងាយ​នឹង​ទទួល​រងនូវ​ការឆ្លង​ជំងឺ​ផ្សេងៗ ខ្លាំង​ជាង​មនុស្សធំ ដែលជា​ហេតុ​ឪពុកម្តាយ​គ្រប់រូប គួរតែ​ប្រុង​ប្រយ័ត្ន​អោយ​បាន​ខ្ពស់បំផុត ។ ជាក់ស្តែង​ដូចជា​ករណីថ្មី​មួយនេះ ដែលបាន​កើតឡើង​លើ​កុមារីវ័យ ៤ ឆ្នាំ ម្នាក់ រស់នៅចក្រភពអង់គ្លេស បានឆ្លងជំងឺម្យ៉ាង ដោយ​សារ​នាង​បាន​លស្បែកជើង ដោយ​មិនពាក់​ស្រោមជើង ។

កាលពីថ្ងៃទី ២៤ ខែសីហា ស្ត្រីម្នាក់ ដែល​មាន​ឈ្មោះថា Jodie Thome វ័យ ២៦ ត្រូវជាម្តាយក្មេងស្រី បាន​សរសេររៀបរាប់ រឿងរ៉ាវ​ដែល​បាន​កើត​ឡើង​លើ​កូន​របស់​នាងថា កូនស្រី​របស់នាងឈ្មោះ Sienna Rasul វ័យ ៤ ឆ្នាំ បានជំងឺម្យ៉ាងហៅថា sepsis ដែលធ្វើអោយជើងកូនរបស់នាង ឡើងហើម ហើយក្លាយជាដំបៅខ្ទុះ ក្រោយពីនាងបាន​លស្បែក​ជើងថ្មី ដោយ​មិន​បាន​ពាក់​ស្រោម​ជើងការពារ ។

ម្តាយក្មេង​ស្រី​បាន​បញ្ជាក់ប្រាប់​អោយ​ដឹងថា កុមារី Sienna បាន​ធ្លាក់ខ្លួនឈឺធ្ងន់ ក្រោយពេលដែល​មេរោគ​បាន​រាលដាល​ពេញរាងកាយ​​របស់នាង ហើយ​សីតុណ្ហភាព​របស់នាង​បានឡើងកំដៅ​យ៉ាងខ្លាំង ។ បន្ទាប់​ពី​បញ្ជូន​កូន​ទៅដល់​មន្ទីរពេទ្យ គ្រូពេទ្យបាន​រកឃើញ​ថា ក្មេងស្រីរូបនេះ បាន​កើត​ជំងឺម្យ៉ាងហៅថា sepsis វាជាជំងឺដែល​បង្កឡើង ដោយ​មេរោគ​ចូលទៅ​ក្នុងឈាម ។ វាធ្វើអោយដំបៅស្អុយរលួយ ។ គ្រូពេទ្យ​បញ្ជាក់ប្រាប់ថា ទំនងជាជើងរបស់នាង មានការដាច់ រឺរលាត់ស្បែក រឺក៏មានស្នាមខាំ ទើបធ្វើអោយ​មេរោគដែលនៅក្នុងស្បែកងជើង អាចឆ្លងចូលទៅបាន​ ។

អ្នកស្រី Jodie មានការ​ភ្ញាក់ផ្អើល​ជាខ្លាំង នៅពេល​ស្តាប់​គ្រូពេទ្យ​ពន្យល់ប្រាប់ នាងមិន​ធ្លាប់ដឹងរឿងនេះ​ពីមុន​មកទេ ។ គ្រូពេទ្យ​ប្រាប់ថា ប្រសិនបើជំងឺនេះ កាន់តែ​រីករាល​ធ្ងន់ធ្ងរ អ្នកជំងឺប្រហែលជា​នឹងត្រូវ​ធ្វើ​ការ​វះកាត់ ប៉ុន្តែជា​សំណាង​ដែល កុមារីម្នាក់នេះ ទើបតែ​ឆ្លង​ដំណាក់កាលដំបូង ទើបគ្រូពេទ្យ​អាចគ្រប់​គ្រង​បានល្អ ដោយគ្រាន់តែ​ចាក់​បង្ហូរខ្ទុះ​ទាំងអស់ ចេញពីជើងរបស់នាង និង​អោយថ្នាំ​ផ្សះ​នាង​លេប​តិចតួច​តែប៉ុណ្ណោះ ។

ក្រោយពី​សម្រាក​ព្យាបាល​នៅមន្ទីរ​ពេទ្យ​កុមារ​​មួយរយៈ កុមារី Sienna ក៏ជា​សះស្បើយ ហើយគ្រូពេទ្យ​ក៏​អោយ​ត្រលប់ទៅផ្ទះវិញ ។ អ្នកស្រី Jodie បាន​ធ្វើការ​ដាស់តឿន​ដល់​ឪពុកម្តាយ​គ្រប់រូប អោយ​មាន​ការប្រុង​ប្រយ័ត្ន ចំពោះកូនៗ​នៅពេល​ដែល​លស្បែក​ជើង​នៅតាម​ផ្សារ ព្រោះបាក់តេរីតូចល្អិត ដែលយើង​មិន​អាច​មើល​ឃើញ​នឹងភ្នែក វាអាច​បង្កជា​គ្រោះថ្នាក់​ធ្ងន់ធ្ងរ ដល់កូនលោកអ្នកបាន ៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial