ផ្លូវដ៏រន្ធត់ទាំង ១០ ដែលល្បីថាមានព្រលឹងខ្មោច ចេញលងបន្លាចអ្នកធ្វើដំណើរជារៀងរាល់យប់

ជារឿយៗ មនុស្សយើង​តែងតែ​និយាយថា ដោយសារតែ ការ​បើកបរ​នៅក្នុង​ល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន ទើប​ធ្វើ​អោយ​មានគ្រោះថ្នាក់ ។ មានផ្លូវជាច្រើន នៅលើលោកនេះ ដែលតែងតែ​បង្កគ្រោះថ្នាក់​ជាញឹក​ញាប់ បើទោះបី​ជាអ្នក​បើកបរ​មាន​ការ​ប្រុងប្រយ័ត្នក៏ដោយ ហើយផ្លូវទាំងនោះត្រូវ​បានគេ​ដាក់​ឈ្មោះ​ថា​ជា ផ្លូវជើងកប រឺផ្លូវមរណៈ ។

ថ្វីត្បិតតែ​អ្នកជំនាញ​ផ្នែក​សាងសង បាននិយាយថា ផ្លូវខ្លះ​បង្កជាគ្រោះថ្នាក់ ដោយសារ​តែ​ផ្លូវទាំងនោះ បានធ្វើខុសបច្ចេកទេស ហើយភាគ​ច្រើន​ផ្លូវទាំងនោះ គឺជាផ្លូវឡើងទួល ចុះចំណោទ និងផ្លូវភ្នំក៏ដោយ ប៉ុន្តែ​សម្រាប់​ជំនឿផ្លូវងងឹតវិញ ត្រូវបានគេ​លើកឡើងថា ការ​បង្កគ្រោះថ្នាក់​នៅតាមផ្លូវខ្លះ បណ្តាលមកពី​ព្រលឹងជនរងគ្រោះ ដែលបាន​ស្លាប់​នៅទីនោះ ចេញលងបន្លាច ទើបគេហៅផ្លូវទាំងនោះថា ជើងកប រឺផ្លូវមរណៈនេះឯង ។

តួយ៉ាងផ្លូវទាំង ១០ ខាងក្រោមនេះ គឺជាផ្លូវជើងកប ហើយជារឿយៗ អ្នកដែលជិះឆ្លងកាត់ទីនោះ តែងតែឃើញព្រលឹងជនរងគ្រោះ ដែលបានស្លាប់នៅលើផ្លូវនោះ ចេញលងបន្លាចជារៀងរាល់យប់ ៖

១. A75 Kinmont Straight
ផ្លូវ A75 Kinmont Straight ជាកន្លែង​កើតហេតុ​ដ៏រន្ធត់​មួយកាលពី ៥០ ឆ្នាំមុន ដែលបានសម្លាប់ប្តីប្រពន្ធមួយគូ ។ ចាប់តាំងពីពេលនោះមក មានអ្នក​ដំណើរ​ដែល​ជិះឆ្លង​កាត់ទីនោះ​ជាច្រើននាក់ បានអះអាងថា បាន​ឃើញខ្មោច​ពីរនាក់​ប្តីប្រពន្ធនោះ​ដើរឆ្លងផ្លូវជាញឹកញាប់ ។

២. Kelly Road
ផ្លូវមួយខ្សែនេះ មានទីតាំងនៅរដ្ឋ Pennsylvania ត្រូវបាន​គេរាយការណ៍ថា មួយកំណាត់នៃផ្លូវនេះ ដែលមានប្រវែង ប្រហែល ១ គីឡូម៉ែត្រ គឺ​តែងតែ​កើតមាន​ឡើង​នូវរឿងដ៏ចម្លែកៗ រួមទាំង​សោកនាដ​កម្មដ៏រន្ធត់ៗ​ផងដែរ ។ របាយការណ៍​ជាច្រើន​បាន​អះអាងថា មានសត្វពាហៈបានដើរចូល​មក​ដោយ​សុវត្ថិភាព តែពេល​ត្រលប់​ទៅវិញ គឺតែងតែជួបគ្រោះថ្នាក់ ។ ផ្លូវនេះគឺងងឹត ហើយមានព្រៃ​ដុះស៊ុប​ទ្រុបព័ទ្ធជុំវិញ ហើយជារឿយៗគេតែងតែលឺសំលេងដ៏គួរអោយព្រឹរក្បាលចេញពីក្នុងព្រៃនោះ ។

៣. ផ្លូវ Dead Man’s Curve
ផ្លូវមួយខ្សែនេះ​មានទីតាំងនៅ Clermont Country រដ្ឋ Ohio សហរដ្ឋអាមេរិក ។ កំណាត់ផ្លូវនេះ តែងតែ​បង្កគ្រោះថ្នាក់ ដែលត្រូវ​បាន​គេចុះ​បញ្ជីរថា មានអ្នកដេក​ស្លាប់​នៅលើ​ផ្លូវនេះ​ច្រើនជាងគេបំផុត ។ ក្មេងជំទង់ ៥ នាក់​បាន​ស្លាប់ នៅក្នុងឆ្នាំ ១៩៦៩ ហើយ​រហូត​មក​ដល់​សព្វថ្ងៃនេះ អ្នក​ដំណើរ​ដែល​ឆ្លងកាត់ទីនោះ បាននាំគ្នានិយាយតៗគ្នា​ថា ពួកគេបាន​ឃើញ​ក្មេង​ៗ​ទាំង ៥ នាក់ដើររាល់យប់ ។

៤. Boone County
នៅ Boone Country រដ្ឋ Illinois មានចំណុច​ប្រសព្វតូចមួយ ដែល​តែងតែ​មាន​ការ​លងបន្លាច ជាពិសេសនៅផ្លូវ Bloodspoint Road ។ ជារឿយៗនៅទីនោះ តែងតែមានករណីចងក ការធ្វើអត្តឃាត គ្រោះថ្នាក់រថភ្លើង ហើយទីនោះ​ក៏ក្លាយ​ទៅជា​ផ្ទះខ្មោចព្រាយបិសាច មនុស្សគ្រប់គ្នាលែងហ៊ានឆ្លងកាត់នៅពេលយប់។

៥. Stocksbridge By-Pass
ផ្លូវនេះ​ត្រូវបានគេ​ស្គាល់ថាជា M67 Motorway វាមាន​ទីតាំង​នៅ​ប្រទេសអង់គ្លេស ។ ផ្លូវនេះជម្រាលចុះ ទើបវា​បង្កជាគ្រោះថ្នាក់​ជាច្រើន ។ ជាញឹកញាប់ គេតែងតែ​ឃើញ ព្រះសង្ឃមួយអង្គ ដូចជា​ខ្មោច ភ្លឹបភ្លែតៗ ប៉ុន្តែគ្មាន​នរណាម្នាក់ដឹងថា ព្រះសង្ឃនោះ​និមន្តទៅណា ហើយបាត់ត្រឹមណានោះទេ ។

៦. M6 Motorway
ផ្លូវ M6 Motorway ត្រូវបាន​គេចាត់​ទុកថា​ជាផ្លូវមួយ ដែលមាន​ខ្មោចលង​ច្រើនបំផុត​នៅក្នុងប្រទេសអង់គ្លេស ។ ទាហានរ៉ូមុំាង ធ្លាប់បាន​ប្រើផ្លូវនេះ ដើម្បីហែរក្បួន ហើយគ្រោះថ្នាក់​ក៏កើតមានឡើង ជារៀងរាល់សប្តាហ៍ ។ យប់ឡើង គេតែងតែ​ឃើញរថយន្ត pick-up មួយគ្រឿងជិះលឿនដូចហោះ នៅលើផ្លូវនោះជាច្រើនដង ដែល​រថយន្ត​នោះគេ​អះអាង​ថា ជារថយន្តខ្មោច ព្រោះមួយភ្លែត​ជិះ ៣ ទៅ ៤ ដង (គេមិន​ឃើញ​ជិះត្រលប់មកវិញទេ ឃើញ​តែជិះទៅ ហើយ​ក៏ឃើញ​​ជិះ​ទៅ​ម្តង ហើយម្តងទៀត បន្ទាប់មកក៏​បាត់ស្រមោល​តែម្តង) ។

៧. Tuen Mun Road
ផ្លូវនេះ​មាន​ទីតាំង​នៅហុងកុង ។ ផ្លូវនេះ គឺជាសំណង់ចាស់ ដែលនៅមិនធ្លាប់ មានការរៀបចំសារជាថ្មីនោះទេ ហើយ​ផ្លូវនេះ​តែងតែ​ស្ទះ​ចរាចរណ​គ្រប់​ពេល​វេលា​ទាំងអស់ ។​ អ្នក​ដំណើរ  ដែល​បាន​ឈប់​ដោយសារ​តែការ​កកស្ទះចរាចរណ តែងតែ​ប្រទះ​ឃើញ​ខ្មោច​ជានិច្ច ។ អ្នកខ្លះ​ថែមទាំងអះអាងថា ខ្មោចលេច​ឡើង​នៅចំ​កណ្តាល​ផ្លូវតែម្តង ដែល​ជា​ហេតុធ្វើ​អោយ​អ្នកបើកបរ បត់ឆេវយ៉ាងខ្លាំង ហើយ​ពេលខ្លះ​ក៏បង្ក​ជាគ្រោះថ្នាក់ទៀតផង ។

៨. Highway 666
ផ្លូវហាយវេមួយខ្សែនេះ ត្រូវបាន​ជាប់ឈ្មោះ​ជាផ្លូវ​គ្រោះថ្នាក់បំផុត ហើយក៏ត្រូវ​បានគេ​ទទួលស្គាល់​ថាជាផ្លូវ ដែល​មាន​គ្រោះថ្នាក់​ដ៏រន្ធត់ៗជាខ្លាំង ។ លើសពីនេះទៀត ផ្លូវនេះល្បីខាងខ្មោចលង ។ គេតែងតែឃើញ សត្វឆ្កែខ្មោចមួយក្បាល ចេញមកខាំហែក​សំបកកង់​រថយន្ត ហើយក្មេងស្រី​ម្នាក់​ បាន​ដើរ​នៅលើ​ផ្លូវជា​រៀងរាល់យប់ ។

៩. ផ្លូវ A229 ពី Sussex ទៅ Kent
ផ្លូវនេះ គឺតំបន់ដែល​គួរអោយ​ខ្លាចបំផុត ។ អ្នកបើកបរ​ជាច្រើននាក់ បាន​ឃើញក្មេងស្រី ដែលអត់មានសំលៀកបំពាក់ ប៉ុន្តែសស្គុះ ឈរនៅពី​មុន​រថយន្ត​របស់ពួកគេ ។ ហើយក្មេងស្រីនោះ តែងតែបាត់ស្រមោល​នៅក្រោម​កង់​រថយន្ត ប៉ុន្តែពេល​​ជិះហួស ក៏មិន​ឃើញ​មានអ្វី​ទាល់តែសោះ ។

១០. Clinton Road
ផ្លូវមួយ​ខ្សែនេះ​មានទីតាំង​នៅ Passaic Country រដ្ឋ New Jersey វាជា​ផ្លូវកោង ដែលមានគ្រោះថ្នាក់បំផុត ។ អ្នកបើកបរ​នៅលើផ្លូវនោះ បើមិនបានប្រុងប្រយ័ត្នទេនោះ គឺតែងតែ​ជួបគ្រោះថ្នាក់ជានិច្ច ។ ពួកគេ​តែងតែ​ឃើញ​ភ្លើងចម្លែកហោះ​ជារៀងរាល់យប់ ហើយ​នឹង​មាន​ស្នាមឈាមប្រឡាក់​នៅលើ​ចិញ្ចឹមផ្លូវ​ជានិច្ច ៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial