ប្រុងប្រយ័ត្នចំពោះក្មេងៗពេលលេងជាមួយគ្នា៖ ក្មេងប្រុសអាយុ ៦ ឆ្នាំ ម្នាក់ត្រូវក្មេងៗដែលរស់នៅជិតខាង ព្រួតគ្នាធ្វើបាបរហូតក្លាយជាបែបនេះ

ក្មេងប្រុសវ័យ ៦ ឆ្នាំម្នាក់ បានរងរបួសយ៉ាងធ្ងន់ធ្ងរនៅលើផ្ទៃមុខ និងបាក់ឆ្អឹងដៃ បន្ទាប់ពីក្មេងៗដែលរស់នៅជិតខាងផ្ទះ នាំគ្នាវាយធ្វើបាប ។

ប្រភពព័ត៌មាន​មួយ​បាន​ប្រាប់​អោយ​ដឹងថា ក្មេងប្រុសរងគ្រោះអាយុ ៦ ឆ្នាំមានឈ្មោះថា Carter English រស់នៅរដ្ឋវ៉ាសីនតោន ត្រូវបានក្មេងៗ មួយក្រុម​ដែលមានអាយុប្រហាក់ប្រហែលគ្នា នាំគ្នាវាយធ្វើបាប រហូតរងរបួសធ្ងន់ធ្ងរ ។

យោងតាម​សំដីក្មេងប្រុសរងគ្រោះ បានប្រាប់អោយដឹងថា ដំបូងឡើយ ក្មេងៗទាំងនោះ មិនបានធ្វើបាបរូបគេទេ ប៉ុន្តែក្មេងៗ​ទាំងនោះ បានធ្វើបាបមិត្តភក្តិរបស់គេ ដោយឃើញបែបនេះ ខ្លួនក៏បាន​ចូលទៅឃាត់ ហើយការពារមិត្តភក្តិ ទើបត្រូវគេ​ ព្រួតវាយ​រហូត​របួសធ្ងន់បែបនេះ ។

Carter និយាយ​នៅក្នុង​បទសម្ភាសន៍​មួយថា ៖ «ពួកគេ​បាន​វាយ​ធ្វើ​បាប​មិត្តរបស់ខ្ញុំ ។ ខ្ញុំប្រាប់ពួកគេអោយឈប់ តែពួកគេមិនឈប់ ហើយក៏វាយ​ខ្ញុំតែម្តងទៅ »។

ក្មេងៗ​ទាំងនោះ មិនត្រឹម​តែ​ជេរប្រមាថ ហើយ​ប្រើ​កណ្តាប់ដៃ​វាយ​ប្រហារ​មកលើ Carter ប៉ុណ្ណោះទេ ប៉ុន្តែ​ពួកគេ​ថែម​ទាំង​ប្រើដំបង និង​ដុំថ្ម​គប់​មក​លើគេ​ទៀតផង ។ ក្រោយ​ការវាយប្រហារ Carter រង​របួស​យ៉ាង​ធ្ងន់ធ្ងរ ហើយ​មាន​ស្នាមជាំ​ពេញ​រាងកាយ ។

គ្រូពេទ្យ​បាន​និយាយ​ថា ដៃរបស់ Carter ត្រូវបានបាក់ ហើយមុខ និង​ភ្នែក​របស់គេ មានស្នាមជាំធ្ងន់ធ្ងរ ។ អ្នកស្រី Dana ត្រូវជាម្តាយរបស់ Carter ខឹងសម្បារជាខ្លាំង ប៉ុន្តែអ្នកស្រីមិនអាចធ្វើអ្វីបានក្រៅពីយំអាណិតកូនតែប៉ុណ្ណោះ ។

អ្នកស្រីបាន​និយាយឡើងថា «វាជារឿង​ដ៏អាក្រក់​ខ្លាំង​បំផុត ។ ខ្ញុំញុំាមិនបាន គេងមិនលក់ ពេលដែល​ឃើញ​ស្ថានភាព​កូន​របស់​ខ្ញុំ​បែបនេះ ។ ខ្ញុំមិន​អាច​ធ្វើអ្វី​បាននោះទេ ។ ខ្ញុំមិនអាចទៅ​ណា​ចោល​កូន​របស់​ខ្ញុំបាន​ទេ​ពេលនេះ » ។ Carter ត្រូវ​សម្រាក​ព្យាបាល នៅមន្ទីរពេទ្យ​ជាច្រើនថ្ងៃ ហើយ​គ្រូពេទ្យ​បាន​លាង​សម្អាត​យកធូលីដី ចេញពី​ភ្នែករបស់គេ ។

ទោះបីជាយ៉ាងណាក៏ដោយ ប៉ូលីស​បាន​ទាក់ទង​ទៅ​សេវាសង្គម ដើម្បី​ធានាថា រឿងនេះ​នឹងមិនកើត​ឡើង​ម្តងទៀត​នោះទេ ។ ថ្វីអី អ្នកស្រី Dana ហើយនឹង Carter នៅតែមានអារម្មណ៍មិនសប្បាយរីករាយ ។ អ្នកស្រី និងកូន រស់នៅ​ដោយ​ភាព​ភ័យខ្លាច ហើយ​នឹង​ខ្លាច​ថា វានឹងអាចកើតមានឡើងម្តងទៀត ៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial