ស្ត្រីម្នាក់កើតជំងឺអាឡែកស៊ីធ្ងន់ធ្ងរ ដែលត្រូវតែនៅក្នុងផ្ទះ និងឆ្ងាយពីគេឯងអស់មួយជីវិត បន្ទាប់ពីនាងស្រូបយកជាតិឧស្ម័នពុល ដែលធ្លាយនៅក្នុងផ្ទះរបស់នាងរាប់ឆ្នាំ

ស្ត្រីវ័យ ៣០ ឆ្នាំម្នាក់ ត្រូវរស់នៅ​ក្នុងផ្ទះ​អស់មួយ​ជីវិត ដោយមិនអាច​ចេញ​ទៅក្រៅបាន ព្រោះនាងមានប្រតិកម្ម​ជាមួយ​នឹង​បរិយាកាសខាងក្រៅ ហើយសូម្បីតែ​ប្តីរបស់នាង ក៏មិនអាច​ចូលទៅ​ជិតនាងបានដែរ បន្ទាប់ពី​នាងបាន​ស្រូបយក​ឧស្ម័ន​ដែលលេចធ្លាយ​ នៅក្នុងផ្ទះរបស់នាងរាប់ឆ្នាំ ។ ប្រភពព័ត៌មាន​បាន​អោយដឹងថា ស្ត្រីរូបនោះ​មានឈ្មោះថា Pilar Olave វ័យ ៣០ ឆ្នាំ រស់នៅទីក្រុង Los Angeles រដ្ឋ California សហរដ្ឋអាមេរិក ។

នាងត្រូវ​ដេក​​នៅគ្រែ​​តែមួយ​​កន្លែង មិនអាច​​ចេញ​ទៅ​ណាបាន ហើយមិន​អាច​​សូម្បីតែ​រស់នៅ​ជា​មួយនឹង​​ស្វាមី​របស់នាង អស់រយៈពេលជាង ២ ឆ្នាំហើយ ដោយសារ​​តែនាង​កើតជំងឺ​អាឡែកស៊ីធ្ងន់ធ្ងរបំផុត ។ Pilar Olave ក៏ធ្លាប់ជាតារាសម្តែង មុនពេល​ដែលនាង​ជួបរឿងអកុសលនេះ ។ប្រភពព័ត៌មានដដែលបន្តថា កាលពី ៤ ឆ្នាំមុន Pilar គ្រាន់តែ​ចាប់ផ្តើម ចេញរោគសញ្ញា​ភ្លេចភ្លាំង វង្វេងវង្វាន់ ច្របូលច្របល់ និងតឹងទ្រូង ឈឺក្រពះធ្ងន់ធ្ងរ ហើយនឹងញ័រទ្រូង ។

ក្រោយមក​​ រាងកាយ​​របស់នាង​ក៏បាន​វិវត្តន៍ ​ទៅជា​ជំងឺអាឡែកស៊ីធ្ងន់ធ្ងរបំផុត ដែលធ្វើអោយ​នាងមាន​ប្រតិកម្ម​ជាមួយ​នឹងចំណីអាហារ ទឹក សម្លៀកបំពាក់ ឧបករណ៍​បច្ចេកវិទ្យា​ទាំងអស់ ដែលរួមទាំង​ទូរស័ព្ទរបស់នាង ហើយនឹង​របស់របរ​ប្រើប្រាស់​ជាច្រើន​ផ្សេងទៀត ។

ស្ថានភាព​របស់នាងបាន​ធ្វើអោយ​គ្រូពេទ្យ​ជាច្រើន​នាក់​ទាល់គំនិត នៅពេល​ដែល​ស្ថានភាព​ជំងឺ​របស់​នាង កាន់តែអាក្រក់ឡើងៗ រហូតដល់​កំរិតធ្ងន់ធ្ងរបំផុត ដែលគ្រាន់​តែបាក់តេរីតូចមួយ ប៉ះនឹង​ស្បែករបស់នាង ហើយ​សូម្បីតែ​ក្លិនអ្វីមួយ ដែលរួមទាំងក្លិនមនុស្ស ក៏អាច​ធ្វើ​អោយ​នាងប្រតិកម្មដែរ ។

កាលពីឆ្នាំ ២០១៤ នាង ហើយ​នឹង ស្វាមីរបស់នាង បានរកឃើញ​ការលេច​ធ្លាយឧស្ម័យ នៅក្នុងផ្ទះរបស់ពួកគេ ដែលជា​ហេតុបណ្តាល​អោយ​ប្រព័ន្ធភាពសុំារបស់នាង ប្រែទៅ​ជា​ប្រឆាំងនឹងខ្លួនឯង​ទៅវិញ ដោយសារតែ​រាងកាយរបស់នាង​ខ្វះអុកស៊ីសែន ។

Pilar បាននិយាយថា រោគសញ្ញាដំបូង​នៃបញ្ហា​នោះគឺ ខួរក្បាល​របស់នាង​ដូចជា​មាន​ដុំពពកបាំងដែលធ្វើអោយនាង​គិតអ្វី​មិនចេញ ហើយសតិ​អារម្មណ៍​របស់នាងក៏ មានការច្របូកច្របល់ផងដែរ ។ នាងឆាប់ភ្លេច​ណាស់ គ្រាន់តែពីរបីវិនាទី ក៏ភ្លេចបាត់ នាងគិតអីមិន​ចេញ ហើយមិនដឹង​​សូម្បី​​​តែ​នាង​​កំពុង​នៅទីណា ។

នាងបន្ថែមទៀតថា នាងឆាប់​ទទួល​អារម្មណ៍​ប្រតិកម្មទៅលើក្លិន និងសារធាតុគីមី នៅពេល​ដែលនាងប្រើ​ស្ព្រាយបាញ់សក់ រឺ លាបគ្រឿងសម្អាង នាងក៏មានប្រតិកម្មភ្លាមៗ ដូចជាឈឺពោះ ឈឺក្បាល ចង្អោរ ហើយមាន​អារម្មណ៍​ថា​ឈឺចាប់​ផ្សេងៗ ។ វាកាន់តែ​ធ្ងន់​ឡើងៗ រហូតធ្វើ​នាង​ត្រូវគេងនៅ​លើគ្រែ​តែមួយកន្លែង ។ អ្វីដែល​គួរ​អោយ​ខ្លាចបំផុត​នោះគឺ នាងដកដង្ហើមបានខ្លីៗ ហើយនាងមាន​អារម្មណ៍​ចេះ​តែត្រូវ​ការ​អុកស៊ីហ្សែន​ជាប្រចាំ ។

បង្អួចនៅ​ក្នុងផ្ទះ​របស់នាង បាន​បើកចំហ​ទាំងអស់ ប៉ុន្តែនាង​នៅតែ​មាន​អារម្មណ៍ថា តឹងទ្រូង ហើយនាង​មិនអាច​ដកដង្ហើម ដោយខ្លួនឯងបានទេ ។ លើសពីលើនេះទៀត នាងមានអាការៈញ័រទ្រូងថែមទៀតផង ។

នាងបានប្រាប់អោយដឹងថា នាងតែងតែ​ស្ពឹក​នៅ​ចុងដៃចុងជើង ហើយភ្នែករបស់នាង​ព្រិលស្រវាំងផងដែរ ដែលជា​ហេតុធ្វើអោយនាង គិតថា​នាង​ប្រហែល​ជាត្រូវពិការភ្នែកហើយ ។ នាងមានបញ្ហាប្រតិកម្មខ្លាំង ដែលធ្វើអោយ​បំពង់ករ​របស់នាងបិទ ប៉ុន្តែ​ពេល​ដែលនាងទៅដល់​មន្ទីរពេទ្យ ដើម្បីសង្គ្រោះបន្ទាន់ គ្មានគ្រូពេទ្យណា​ម្នាក់ដឹង​ពីវិធីព្យាបាលទេ ។

គ្រប់យ៉ាង​ដែល​នាងប៉ះពាល់ រឺដកដង្ហើមចូល សុទ្ធតែ​ធ្វើអោយ​នាងប្រតិកម្ម​ទាំងអស់ ។ ក្លិនមនុស្ស ទីកន្លែង ចំណីអាហារ សម្លៀកបំពាក់ ទឹក ពណ៌ ភ្លើង ហើយមាន​ច្រើនទៀត និយាយរួមនាងប្រតិកម្ម​គ្រប់យ៉ាង ដែលមាននៅ​លើពិភព​លោកនេះ ។

Pilar បាននិយាយរៀបរាប់ហេតុការណ៍​ដែលបាន​កើតឡើង​កាល​ពីឆ្នាំ ២០១៤ ថា៖ «គ្រប់យ៉ាង​ចាប់ផ្តើមឡើង ពេលដែលស្វាមីរបស់ខ្ញុំ បានដួលសន្លប់​នៅក្នុង​បន្ទប់​អាផាត់មីន​របស់ពួកយើង។ ខ្ញុំជឿថា មានអ្វីម្យ៉ាងដែល នៅក្នុងបន្ទប់នោះ ហើយពួកយើងប្រហែលជាត្រូវស្លាប់ ហើយ» ។

បន្ទាប់ពី​ធ្វើការ​ស៊ើប​អង្កេត​របស់​ក្រុមហ៊ុនហ្គាស បានបង្ហាញថា បន្ទប់ដេករបស់នាង មានការបំពុលយឺតៗ ដោយសារតែ​ការលេច​ធ្លាយឧស្ម័ន ដែលបង្ក​ឡើង​ដោយ​បំពង់ធ្លាយ ដោយសារច្រេះស៊ីខ្លាំង រយៈពេល​រាប់ឆ្នាំមកហើយ ។ ក្រុមហ៊ុនហ្គាស​បានរកឃើញ បំពង់​ច្រេះស៊ីមួយនៅក្រោម​បន្ទប់គេង​របស់នាង ហើយទំនង​ជាលេចធ្លាយ​ អស់រយៈ​ពេល​ជា​ច្រើន​ឆ្នាំមកហើយ ។

Pilar និយាយថា ៖ «ពួកយើង​មិន​ដែល​ធុំក្លិន​ហ្គាស​នោះទេ ដោយសារតែ​ក្លិនរបស់វា​ស្រាលពេក ហើយវា​លាយឡំ​ជាមួយ​នឹងក្លិនផ្សេងៗ នៅក្នុងផ្ទះផងនោះ ទើបពួក​យើងមិន​ចាប់អារម្មណ៍។ ដោយសារតែ​ស្ថានភាព​របស់ខ្ញុំ​កាន់តែ​អាក្រក់ឡើង ហើយខ្ញុំ​គេងនៅលើ​គ្រែរាប់ឆ្នាំ នៅក្នុងខុនដូដែល​មានឧស្ម័នពុល ទើប​ធ្វើអោយ​ខ្ញុំពុល​កាន់តែខ្លាំងឡើង »។

បន្ទាប់ពី​នាងធ្វើ​រោគវិនិច្ឆ័យ ក៏ពិនិត្យ​ឃើញ​ថា​ នាងត្រូវបានបំពុល ដោយបរិយាកាស​ធ្ងន់ធ្ងរ ។ ខួរក្បាល និងសួតរបស់នាង ខ្វះអុកស៊ីហ្សែនខ្លាំង រហូតធ្វើអោយ ប្រព័ន្ធភាព​សុំា​រាងកាយ​របស់នាង ធ្វើការហួសកំលាំង ហើយវា​វាយ​ប្រហារ​គ្រប់យ៉ាង​ដែលនាង​ប៉ះពាល់ ។ រាយកាយ​របស់នាងខូច​ដោយ​សារ​តែ​ជាតិពុល ។

នាង​និយាយ​ទាំង​​ក្រៀមក្​រំបំផុតថា «ខ្ញុំមាន​អារម្មណ៍ថា ខ្ញុំកើតមកជាតិនេះគឺខុស ជីវិតរបស់ខ្ញុំ ប្រៀប​ដូចជា​មានអ្វី​បញ្ជា​ថា អោយរស់ ឬអោយស្លាប់អ៊ីចឹង ។ អ្វីដែល​ខ្ញុំត្រូវ​ធ្វើនោះគឺ ព្យាយាមរស់នៅពី​មួយថ្ងៃ​ទៅមួយថ្ងៃ ។ ខ្ញុំប្រតិកម្ម​គ្រប់យ៉ាង សូម្បីតែប្តីរបស់ខ្ញុំ ក៏ធ្វើអោយ​ខ្ញុំប្រតិកម្មដែរ ។ ខ្ញុំមិន​អាច​រស់នៅ​ជាមួយគាត់​បានទេ ។ ខ្ញុំត្រូវរស់នៅក្នុងផ្ទះ ដើម្បីព្យាបាល ដោយការប្រើឧបករណ៍បន្សុទ្ធខ្យល់ ២៤/៧ »។

នាងបន្ថែមថា វាប្រៀប​ដូចជា​សុបិន្​តដ៏អាក្រក់​មួយសម្រាប់នាង ប៉ុន្តែនាង​នៅតែសង្ឃឹមថា ​ថ្ងៃណាមួយ នាងនឹងជា​សះស្បើយ​ឡើងវិញ អាចរស់នៅ​ដូចជា​មនុស្សធម្មតាបាន ៕

 

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial