កូនភ្លោះពីរឈឺទាំងពីរ អត់ជម្រើសក្រពេក ឪពុកម្តាយសម្រេចចិត្តចាប់ឆ្នោតយកម្នាក់ ហើយលះបង់ម្នាក់ចោល

ប្តីប្រពន្ធជនជាតិចិនមួយគូ បានធ្វើអោយ​អ្នកនិយម​លេងអ៊ីនធើណេត​ប្រទេសចិន មានការរំជួលចិត្តជាខ្លាំង ក្រោយពេល​ដែល​រឿងរ៉ាវ​របស់​ពួកគេ បានបង្ហោះ​ចែកចាយ​ទៅលើ​បណ្តាញសង្គម ។

យោងតាមការ​ចុះ​ផ្សាយ​នៅ​​លើគេហទំព័រព័ត៌មាន theapricity បានអោយដឹងថា កូនភ្លោះពីរនាក់ដែល មានឈ្មោះថា Kangkang និង Lele បានកើត​នៅក្នុងគ្រួសារក្រីក្រ​ រស់នៅខេត្ត Guangzhou ប្រទេសចិន ហើយជា​អកុសល​ពួកគេ​ទាំងពីរនាក់ បានកើត​ជំងឺរលាកបំពង់រំលាយ​អាហាររ៉ាំរ៉ៃ ហើយគោលិកាឈាម​​ ធ្វើការមិនប្រក្រតី ដែលបណ្តាល​អោយរាងកាយ​​របស់ពួកគេ បាត់បង់​សមត្ថភាព​ក្នុងការ​ប្រឆាំងនឹង​ជំងឺដ៏កាចសាហាវ។

ជំងឺ​រលាក​បំពង់​រំលាយ​អាហាររ៉ាំរ៉ៃនេះ អាចព្យាបាល​បាន ដោយការវះ​កាត់​ប្តូរសរីរាង្គ ដែលតម្លៃព្យាបាល​ប្រហែលជា ១ លានយន់ (ប្រហែល ១៤ម៉ឺនដុល្លា) ក្នុងម្នាក់ ប៉ុន្តែ​ដោយសារ​តែជីវភាពគ្រួសារ​ក្រីក្រពេក គ្មានលទ្ធភាព ចំណាយលើថ្លៃ​ព្យាបាល កូនភ្លោះទាំងពីរនាក់បាន ដូច្នេះហើយទើប​​ឪពុកម្តាយ​​របស់ពួកគេ ​​សម្រេចចិត្តថា​នឹង​ធ្វើការ​ចាប់ឆ្នោតថា អ្នកណា​ដែល​ត្រូវ​បន្តការព្យាបាល ហើយអ្នកណា​ដែល ត្រូវលះបង់ចោល ។

យោងតាមសំដីគ្រូពេទ្យបានអោយដឹងថា ប្រសិនបើមិនទទួលការព្យាបាលទេនោះ កូនភ្លោះទាំងពីរ អាចរស់បានត្រឹម ២ ឆ្នាំតែប៉ុណ្ណោះ ។ ប្រឈមនឹង​ស្ថានភាព​ដ៏លំបាកនេះ ឪពុកម្តាយរបស់កូនភ្លោះទាំងពីរនាក់ បានសម្រេចចិត្ត​កំណត់​ជោគវាសនា​របស់ពួកគេ តាមរយៈ​ការដាក់ក្រដាស នៅក្បែរខ្លួនពួកគេ ហើយអោយពួកគេចាប់ ។

ក្រោយរឿងនេះដឹងដល់​ យាយរបស់ Kangkang និង Lele ខឹងសម្បារ​នឹង​ឪពុកម្តាយ​របស់គេជាខ្លាំង ហើយ​គាត់ថែម​ទាំងបាន​ស្តីបន្ទោស​កូនប្រសារស្រី ដែលត្រូវ​ជាម្តាយកូនភ្លោះ​ទាំងពីរនាក់ ម្តងហើយម្តងទៀត ដែលធ្វើរឿង​ឆ្គួតៗបែបនេះ ។ យាយរបស់ Kangkang និង Lele ថែមទាំងនិយាយ​សង្កត់ធ្ងន់​ទៅកាន់​ឪពុកម្តាយ​កូនភ្លោះថា «អ្នកទាំងពីរ​ត្រូវតែ​រកវិធី​ជួយសង្គ្រោះ ពួកគេទាំងពីរនាក់ ដោយគ្មានការលះបង់នរណាម្នាក់ជាដាច់ខាត»។

ក្រោយរឿងរ៉ាវរបស់ Kangkang និង Lele បានផ្ទុះឡើងនៅលើអ៊ីនធើណេត ក៏មានមូលនិធិមួយដែលមានឈ្មោះថា China Child Support Fund បានធ្វើការអំពាវនាវរៃអង្គាសប្រាក់ ដើម្បីជួយសង្គ្រោះជីវិតពួកគេ ។ រហូតមកដល់ថ្ងៃទី ២៤ សីហា យុទ្ធនាការនេះ បានប្រមូលប្រាក់បានជាង ៨២០,០០០ យន់ហើយ ។ ឪពុកម្តាយរបស់ Kangkang និង Lele ត្រេតអរជាខ្លាំង ហើយក្តីសង្ឃឹមក៏កើតឡើងម្តងទៀត សម្រាប់ពួកគេ ៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial