៩ ចំណុច សម្គាល់ថាម្នាក់នោះគឺជា មនុស្សដែលគួរនៅអោយឆ្ងាយបំផុត

រាប់អានមនុស្សអោយបានច្រើនគឺជារឿងល្អ ប៉ុន្តែមិនមែនបានន័យថាគ្រប់គ្នាសុទ្ធតែជាមិត្តល្អនោះទេ ។ ការដែលនៅក្បែរមនុស្សអវិជ្ជមាន ក៏ធ្វើអោយយើងមានអារម្មណ៍មិនល្អដែរ ។ ដូច្នេះអ្នកគួរតែដឹងថា តើមនុស្សណាដែលគាត់រាប់ជាមិត្ត ហើយមនុស្សណាដែលរាប់ត្រឹមជាមនុស្សដែលស្គាល់គ្នា ? ខាងក្រោមនេះគឺជា ៩ ចំណុច ដែលបង្ហាញថាម្នាក់នោះគឺមនុស្សអវិជ្ជមាន ៖

១. ជាមនុស្សដែលពូកែលាក់ពុតស្តាប់ពីនេះ យកទៅប្រាប់ខាងនោះ
មនុស្សពួកនេះ ចូលចិត្តធ្វើជាមនុស្សល្អមុខយើង ស្តាប់គ្រប់រឿងរ៉ាវយើង ហើយយកទៅនិយាយប្រាប់អ្នកនេះអ្នកនោះ ។ ពួកនោះចូលចិត្តយករឿងរបស់នរណាម្នាក់មកនិយាយ ដើម្បីកៀងអោយយើងនិយាយបន្ត រួចហើយក៏យកសំដីរបស់យើងទៅប្រាប់គេ ។

២. ពួកគេតែងតែជាជនរងគ្រោះ
គ្រប់រឿង គឺពួកគេជាជនរងគ្រោះ ។ មិនថាពួកគេបានធ្វើអ្វីនោះទេ រាល់បញ្ហាជម្លោះទាំងអស់ ពួកគេតែងតែប្រាប់អ្នកដទៃថា ពួកគេគឺជាជនរងគ្រោះជានិច្ច ។

៣. ចូលចិត្តមើលមនុស្សតែសំបកក្រៅ
ពួកនោះ ចូលចិត្តរិះគន់ និងងាយវិនិច្ឆ័យមនុស្ស ដោយគ្រាន់តែឃើញសំបកក្រៅ ។ ប្រសិនបើឃើញគេល្អជាងខ្លួន គឺចាប់ផ្តើមមានអារម្មណ៍ស្អប់គេ ហើយជ្រេញគេតែម្តង ។ តែបើឃើញគេអន់ជាងខ្លួន ចូលចិត្តធ្វើចរឹតខ្ពើមៗគេ ហើយធ្វើដូចគេមិនដល់ខ្លួន ។ ពួកនោះចូលចិត្តប្រើសំដី បែបមើលងាយៗ ធ្វើអោយអ្នកដទៃមានអារម្មណ៍មិនល្អ ។

៤. ចូលចិត្តនិយាយពីអាក្រក់ពីនរណាម្នាក់ ដើម្បីអោយអ្នកស្តាប់មើលមកខ្លួនថាជាមនុស្សល្អ
រាល់ពេលដែលមានបញ្ហាណាមួយកើតឡើង ពួកគេតែងតែនិយាយថាម្នាក់នោះអាក្រក់បែបនេះ អាក្រក់បែបនោះ ហើយលើកយកចំណុចល្អរបស់ខ្លួនមកនិយាយ ដើម្បីអោយអ្នកដទៃមើលមកថា​ ខ្លួនជាមនុស្សគួរអោយអាណិត ។

៥. មិនសូវចេះគោរពអ្នកដទៃទេ
ពួកនោះមិនសូវចេះគោរពអ្នកដទៃទេ ហើយជារឿយៗ ពួកគេប្រើភាសាមើលងាយ ចំពោះអ្នកអន់ជាងខ្លួន ។

៦. ស្គាល់តែចូល អត់ស្គាល់ចេញ
ពួកនេះ ចូលចិត្តសុំជំនួយពីអ្នកដទៃ ប៉ុន្តែមិនសូវចេះជួយអ្នកដទៃវិញទេ ។ ប្រសិនបើជួយ ក៏សំលឹងឃើញអ្វីម្យ៉ាងពីគេវិញដែរ ។ ជាពិសេសពួកនេះ ចូលចិត្តយកមុខមាត់ចំពោះអ្នកដែលមានមុខមាត់ រឺមានទ្រព្យសម្បត្តិច្រើន ដើម្បីអោយគេមើលមកថា ជាមនុស្សល្អ ជាមនុស្សចេះជួយយកអាសារ តែការពិតទៅពួកគេជួយរើសមុខ មិនមែនល្អគ្រប់មនុស្សនោះទេ ។ និយាយរួមពួកគេរាប់អាន ដើម្បីតែផលចំណេញ ។

៧. មិនចេះខុស
ពួកនេះអត់ចេះខុសទេ គ្រប់ពេលគឺត្រូវរហូត ។ ពួកគេមិនព្រមចុះចាញ់ជាដាច់ខាត ឈ្លោះមិនឈ្នះហែកមាត់ចោល ។ សំខាន់គឺត្រូវតែឈ្នះ ហើយនឹងត្រូវជានិច្ច ។ នៅលើលោកនេះ
មានតែខ្លួនទេ ដែលល្អ និងចេះជាងអ្នកដទៃ ។

៨. មិនទទួលខុសត្រូវចំពោះអ្វីដែលខ្លួនបានធ្វើ រឺបាននិយាយ
មិនថាពួកគេបានធ្វើអ្វី រឺនិយាយអ្វីនោះទេ គឺពួកគេមិនទទួលខុសត្រូវឡើយ ។ ប្រសិនបើក្នុងករណីរឿងកើតឡើង គឺពួកគេត្រលប់សំដីលឿនណាស់ ហើយប្រកែកថាមិនដឹងរឿង ។ ពួកនោះមិនមែនជាមិត្តរួមសុខរួមទុក្ខនោះទេ ។

៩. ចូលចិត្តកេងចំណេញចំពោះមិត្តភក្តិ
មិនថាមិត្តភក្តិរាប់អានគ្នាយូរប៉ុណ្ណាទេ ក៏ពួកគេកេងចំណេញពីលើដែរ អោយតែមានឳកាស ។ និយាយរួមពួកនោះ ហ៊ានក្បត់មិត្តភក្តិខ្លួនឯង ដើម្បីតែប្រយោជន៍ខ្លួន ៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial