ស្ត្រីមានផ្ទះគួរដឹង៖ អាហារ ៦ មុខដែលគួរបរិភោគ នៅអំឡុងពេលបំបៅកូនដោយទឹកដោះ

នៅពេលដែលអ្នកបំបៅកូនដោយទឹកដោះ របបអាហារដែលអ្នកទទួលគឺជារឿងដ៏សំខាន់បំផុត ដើម្បីធានាថាកូនរបស់អ្នកទទួលបាននូវអាហារូបត្ថម្ភគ្រប់គ្រាន់ ។ វាកាន់តែប្រសើរប្រសិនបើអ្នក អាចញុំាចំណីអាហារដែលជួយបង្កើនការផលិតទឹកដោះ ដែលអាហារទាំងនោះត្រូវបានគេទទួលស្គាល់ថាជា galactagogues) ។

ដូច្នេះអ្នកចាំបាច់ត្រូវតែដឹងថា តើអាហារណាដែលអ្នកគួរបរិភោគអោយបានច្រើន នៅអំឡុងពេលបំបៅកូនទឹកដោះ ។ ខាងក្រោមនេះជាគឺបញ្ជីរាយឈ្មោះអាហារដែលផ្តល់អត្ថប្រយោជន៍ដល់ម្តាយ និងទារក៖

១. ល្ហុងខ្ចី
ជារឿយៗ នៅពេលដែលស្ត្រីសម្រាលកូនរួច គេតែងតែយកល្ហុងខ្ចីស្ងោរជាមួយនឹងឆ្អឹងស៊ុប ព្រោះគេជឿថាមុខម្ហូបមួយមុខនេះ ធ្វើអោយមានទឹកដោះច្រើន ។ ដោយសារតែល្ហុងខ្ចី គឺជាភ្នាក់ងារដែលជួយក្នុងការផលិតអ័រម៉ូនអុកស៊ីតូស៊ីន និងការផលិតទឹកដោះ ។ ផ្លែល្ហុងខ្ចី ក៏ផ្តល់អោយអ្នកនូវវីតាមីនដ៏សំខាន់ៗដូចជា វីតាមីន A B C និង E ផងដែរ ។

២. ផ្លែប័រ
មានស្ត្រីជាច្រើន តែងតែគិតថាញុំាអាហារផ្តេសផ្តាស អាចធ្វើអោយទាស់ ។ ការពិតទៅ អ្នកជំនាញបានបញ្ជាក់ប្រាប់យ៉ងច្បាស់ថា ដោយសារតែស្ត្រីដែលសម្រាលកូនរួច តមអាហារ ធ្វើអោយកង្វះជាតិវីតាមីនណាមួយ ទើបធ្វើអ្នកខ្សោយ ហើយងាយនឹងទទួលរងនូវជំងឺផ្សេងៗ ។

ដូច្នេះហើយទើបអ្នកត្រូវញុំាអាហារ ដែលផ្តល់នូវជាតិវីតាមីនអោយបានច្រើន ដែលក្នុងនោះរួមមានទាំងផ្លែប័រផងដែរ ។ ផ្លែប័រ សំបូរទៅដោយ អាស៊ីតខ្លាញ់អូមេហ្គា ៣ អាស៊ីតខ្លាញ់អូមេហ្គា ៦ ហើយនឹង អាស៊ីតខ្លាញ់អូមេហ្គា ៩ ដែលជួយធ្វើអោយសំបូរទឹកដោះ ។

បន្ថែមពីលើនេះទៀត ផ្លែប័រក៏សំបូរទៅដោយអាស៊ីតហ្វូលីក ក៏ដូចជាវីតាមីន C វីតាមីន E ហើយនឹងប៉ូតាស្យូម ដែលជួយអោយកូនរបស់អ្នក លូតលាស់ និងអភិវឌ្ឍបានល្អ ។ ការញុំាផ្លែឈើល្អៗ ក៏ជួយអ្នកក្នុងការថែរក្សាជាតិស្ករនៅក្នុងឈាម និងកម្រិតកូឡេស្តេរ៉ុលផងដែរ ។

៣. ស្ត្រូប៊ឺរី
វាសំបូរទៅដោយសារធាតុចិញ្ចឹមដ៏សំខាន់ៗ ដែលកូនតូចរបស់អ្នកត្រូវការ សម្រាប់ការអភិវឌ្ឍរបស់ពួកគេ។ ផ្លែឈើនេះ ពោរពេញទៅដោយជាតិដែក និងសំបូរទៅដោយវីតាមីនជាច្រើនដូចជា វីតាមីន C ជាតិកាល់ស្យូម និងម៉ាញ៉េស្យូម ។ លើសពីនេះទៀត មាតិការជាតិទឹកដ៏ច្រើនរបស់វា ជួយអ្នករក្សានូវសំណើម នៅពេលដែលអ្នកបំបៅកូនរបស់អ្នក ។

៤. ចេក
វាសំបូរទៅដោយវីតាមីន និងសារធាតុរ៉ែ ។ បន្ថែមពីលើនេះទៀត ដោយសារតែវាមានកាឡូរីល្អច្រើន ទើបវាអាចជួយកាត់បន្ថយការស្រេកឃ្លានអាហារ នៅពេលដែលកំពុងបំបៅកូន ហើយវាជួយបង្កើនកម្រិតជាតិអាស៊ីតហ្វូលិកផងដែរ ។

លើសពីនេះទៅទៀត ចេកសំបូរទៅដោយ ប៉ូតាស្យូម ដែលជួយម្តាយដែលបំបៅកូនដោយទឹកដោះ រក្សានូវកម្រិតជាតិទឹក និងអេឡិចត្រូលីត ដែលអាចជួយរក្សាលំហូរទឹកដោះបានល្អ ។

៥. ផ្លែល្មុត
អ្នកប្រហែលជាមិនធ្លាប់ដឹងទេថា ផ្លែល្មុតគឺផ្លែឈើដ៏ល្អបំផុត សម្រាប់អ្នកម្តាយដែលបំបៅកូនដោយទឹកដោះ ។ វាមានកាឡូរីខ្ពស់ ដែលអ្នកត្រូវការជាចាំបាច់ ដើម្បីផលិតទឹកដោះអោយបានកាន់តែច្រើន សម្រាប់កូនរបស់អ្នក ។ អ្នកដុតបំផ្លាញរហូតដល់ទៅ ៥០០ កាឡូរីក្នុងមួយថ្ងៃ នៅពេលដែលអ្នកបំបៅកូនដោយទឹកដោះ ។

វាក៏សំបូរទៅដោយវីតាមីន A និង C ហើយវាក៏ជួយដល់ការរំលាយអាហារ និងផ្តល់សារធាតុប្រឆាំងនឹងអុកស៊ីតកម្មផងដែរ ។

៦. ស្វាយទុំ
ស្វាយមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់ ហើយនឹងវីតាមីន K ។ លើសពីនេះទៀត មាតិកាជាតិសរសៃ និងប៉ូតាស្យូម ក៏ជួយម្តាយដែលបំបៅកូនដោយទឹកដោះ អាចបំពេញបន្ថែមនូវសារធាតុចិញ្ចឹមរបស់ខ្លួនឡើងវិញផងដែរ ។

ចំណែកផ្លែឈើដែលគួរជៀសវាងទទួលទាន នៅក្នុងអំឡុងពេលបំបៅកូនដោយទឹកដោះមានដូចជា ពពួកផ្លែឈើជូរៗ ដូចជាក្រូចគ្រប់ប្រភេទ គីវី ម្នាស់ និងឈើរីជាដើម ៕

រូបភាព៖ PIXABAY

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial