បុរសម្នាក់ឆ្លងមេរោគម្យ៉ាង ក្រោយញុំាអាហារឆៅ ១២ ម៉ោង ត្រូវគ្រូពេទ្យកាត់ដៃម្ខាងចោល ដើម្បីសង្គ្រោះជីវិត

យោងតាមការចុះផ្សាយនៅលើគេហទំព័រព័ត៌មាន Daily Mail បានអោយដឹងថា​ មានបុរសវ័យចំណាស់ជនជាតិកូរ៉េខាងត្បូងម្នាក់ ត្រូវបានគ្រូពេទ្យកាត់ដៃចោល ដោយសារតែឆ្លងមេរោគ ក្រោយពីគាត់ញុំា sushi ដែលមានផ្ទុក បាក់តេរីអាក្រក់ ។ ប្រភពព័ត៌មាន​ដដែល​បាន​អោយដឹងថា បុរសរងគ្រោះមានវ័យ ៧១ ឆ្នាំ ក្រោយពីគាត់ញុំា sushi ហើយបាន ១២ ម៉ោង ស្រាប់តែគាត់មានអារម្មណ៍ថាឈឺដៃយ៉ាងខ្លាំង ហើយមានអាការៈហើមទៀតផង ។

ពីរថ្ងៃក្រោយមក អាការៈរបស់គាត់មិនស្រក់ស្រុតសោះ ប៉ុន្តែគាត់ចាប់ផ្តើម​ឡើងគ្រុនក្តៅ និងឈឺដៃរហូតទ្រាំលែងបាន ។ គាត់ក៏បានទៅជួបគ្រូពេទ្យ នៅឯមន្ទីរពេទ្យ Jeonju ប្រទេសកូរ៉េខាងត្បូង ។ ដំបូងឡើយ គ្រូពេទ្យបាន​បង្ហូរពងបែក ដែលមានទំហំប៉ុនគ្រាប់បាល់ នៅលើដៃរបស់កាត់ ដើម្បីយក​ជាលិកា​ដែលមាន​មេរោគចេញ ។

បន្ទាប់ពីពួកគេ​បាន​ធ្វើរោគ​វិនិច្ឆ័យ​ បានរកឃើញថា គាត់បាន​ឆ្លងមេរោគ​ម្យ៉ាង​ដែល​បង្ក​ឡើងពីបាក់តេរីឈ្មោះថា Vibrio vulnificus ។ គ្រូពេទ្យបានចាក់បំបែកពងខ្ទុះ ហើយអោយថ្នាំទៅគាត់លេប ប៉ុន្តែអាការៈរបស់គាត់មិនបានប្រសើរឡើងនោះទេ ដោយសារតែគាត់មានជំងឺទឹកនោមផ្អែម​ប្រភេទទី ២ ជំងឺលើសឈាម ហើយនឹងជំងឺតម្រងនោមដំណាក់កាលចុងក្រោយផងនោះ ទើបដំបៅរបស់គាត់កាន់តែធ្ងន់ឡើងបែបនេះ ។

ដោយសារតែ​ជំងឺតម្រងនោម​របស់គាត់ បានធ្វើអោយ​ប្រព័ន្ធភាពសុំា​របស់គាត់​ចុះខ្សោយ ដែលជាហេតុធ្វើ​អោយគាត់​ងាយ​ទទួល​រងនូវ​ការ​ងាប់​ជាលិកា​នៅ​កន្លែងណាមួយ នៃរាងកាយ។ដោយ​ហេតុនេះ​ហើយ​ទើប​ធ្វើអោយ​ដៃខាងឆ្វេង និងកំភួនដៃរបស់គាត់ ត្រូវបានគេកាត់ចេញ ដើម្បីយកសាច់ដែល​ស្អុយរលាយចេញ ហើយដើម្បី​បញ្ឈប់​​ការ​រីករាល​ដាល​​ទៅផ្នែកផ្សេងៗ ​នៃរាងកាយរបស់គាត់ ។

សំណាងល្អ ដែលប៉ះពាល់ដល់អាយុជីវិតរបស់គាត់ ហើយក្រោយពីសម្រាកព្យាបាល នៅឯមន្ទីរពេទ្យជាច្រើនថ្ងៃ គាត់ក៏អាចត្រលប់ទៅផ្ទះវិញ ។ នេះគឺជាសារ​ដាស់តឿន​ដល់អ្នក​ដែលនិយមចូលចិត្តញុំា​អាហារ​សមុទ្រឆៅ ជាពិសេស​អ្នកជំងឺទឹកនោម​ផ្អែម​នេះតែម្តង ព្រោះប្រព័ន្ធ​រាងកាយចុះខ្សោយ ធ្វើអោយងាយ​នឹងឆ្លងមេរោគផ្សេងៗ ខ្លាំងណាស់ ៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial