ដាស់តឿនដល់អ្នក​ដែល​ចូលចិត្តប្តូរពណ៌សក់ ប្រយ័ត្នជួបរឿងដូចនារីម្នាក់នេះ

នារីជនជាតិសាំងហ្គាពួរម្នាក់ ដែលមានឈ្មោះថា Rachele Tan បានដាស់តឿនដល់នារីៗ ដែលនិយមចូលចិត្តធ្វើការប្តូរពណ៌សក់ ប្រយ័ត្នជួបរឿងដូចនាង ។ Tan បាននិយាយថា ថ្ងៃមួយនាង​សម្រេច​ចិត្តទៅ​ប្តូរពណ៌សក់ នៅក្នុង​ហាងកែសម្ភស្សមួយកន្លែង បន្ទាប់ពី​ឃើញការផ្សព្វផ្សាយនៅលើហ្វេសប៊ុក ។ នាងជ្រើសរើសលាបពណ៌ប្រាក់ និងចុងសក់ពណ៌ខៀវខ្ចី ដូច្នេះនាងត្រូវឆ្លងកាត់ការលាងសក់ ៤ ដំណាក់កាលសិន ដើម្បីអោយសក់មានពន្លឺ មុននឹងលាបពណ៌ដែលនាងចង់បាន ។

នាងបាននិយាយថា ជាងលាបសក់ បានលាងសក់ដល់ស្បែកក្បាល ដោយទុកចោលរយៈពេលយ៉ាងតិច ៣ ម៉ោង ដោយ​មិនមាន​ការលាង​ចេញនោះទេ មុននឹងធ្វើការលាបម្តងទៀត ។ យោងតាមសំដីអ្នកជំនាញ បានប្រាប់អោយដឹងថា ថ្នាំនេះគេ​ទុកចោល​យ៉ាងយូរបំផុតតែ ៤០ នាទី តែប៉ុណ្ណោះ តែដោយឡែក ហាងមួយនេះ​ទុកយូរលើស​កំណត់ ទើបធ្វើអោយ​ស្បែកក្បាល​របស់នាង រលាកបែបនេះ ។

នារីរងគ្រោះបាននិយាយថា «ខ្ញុំបានសួរទៅ​កាន់ជាងលាបសក់ថា ហេតុអ្វីបានជា​មិនលាងចេញ មុននឹងលាបម្តងទៀត? ជាងលាបសក់​បាន​ឆ្លើយប្រាប់​ខ្ញុំថា វិធីខុសគ្នា ។ នាងអត់​បាន​លាងចេញទេ គ្រាន់តែ​លាបពី​លើបន្ថែមទៀត» ។ នាងបន្តទៀតថា «នៅពេល​ដែលខ្ញុំ​លាងសក់ចេញ ហើយចាប់ផ្តើម​លាបថ្នាំ​ពណ៌ទឹកប្រាក់ ស្បែកក្បាល​របស់ខ្ញុំ​ឡើងក្រហម ហើយឈឺតិចៗ ។

ខ្ញុំក៏បានប្រាប់ជាង ប៉ុន្តែជាង​ប្រាប់វិញថា វាអត់ទេ តិចទៀតបាត់ហើយ។ ស្របគ្នានោះដែរ ក៏មាននារីម្នាក់ទៀត ដែលលាប​នៅក្បែរខ្ញុំ ក៏បានរអ៊ូប្រាប់​ជាងដូចខ្ញុំដែរ ថាស្បែកក្បាល​របស់នាងរលាក ហើយឈឺ តែជាងអត់បាននិយាយអីទេ» ។

នៅពេលដែល​លាបថ្នាំ​រួចរាល់ហើយ ត្រលប់មកផ្ទះវិញ ទើប Tan ដឹងច្បាស់ថា​ស្បែកក្បាលរបស់នាងកាន់តែ​មិនស្រួល​ហើយ ព្រោះស្បែកក្បាលរបស់នាង មានចេញទឹករងៃសើមៗ ។ នាងព្យាយាម​ពិនិត្យ​មើល​ក្បាល​របស់នាង ដឹងថា​ស្បែក​ក្បាល​របស់នាង​ឡើងខ្ទុះ លាយឈាម និងធុំក្លិនមិនល្អ ។

នាងមាន​អារម្មណ៍​ថាកាន់​តែមិនស្រួល ហើយ​ស្បែកក្បាល​របស់​នាងកាន់​តែរមាស់ឡើងៗ នាងក៏ទៅជួបគ្រូពេទ្យ ហើយពេទ្យប្រាប់នាងថា ស្បែកក្បាលរបស់នាងរលាក ដោយសារតែគីមីនៅក្នុងថ្នាំប្តូរពណ៌សក់។

ក្រោយពីត្រលប់មកពីមន្ទីរពេទ្យវិញ នាងក៏បានផ្ញើសារទៅកាន់ម្ចាស់ហាងកែសម្ភស្សនោះ ដើម្បីប្រាប់ពីរឿងដ៏អាក្រក់នេះ ប៉ុន្តែម្ចាស់ហាងបាន block នាង ហើយថែមទាំង​បាន​ប្តូរឈ្មោះ​គណនីហ្វេសប៊ុកទាំងពីរ​របស់នាងថែមទៀតផង ។

Tan មានអារម្មណ៍ខឹងជាខ្លាំង បន្ទាប់ពីម្ចាស់ហាងបាន block នាង បែបនេះ ។ នាងក៏បានបង្ហោះរូបភាពជាច្រើនសន្លឹក ហើយថែមទាំងបាន screenshot ឈ្មោះហាងកែសម្ភស្សនោះ បង្ហោះទៅលើហ្វេសប៊ុក ដោយសរសេររៀបរាប់​ពីហេតុការណ៍ ដែលបាន​កើតឡើង​ចំពោះនាង។

ទីបំផុតម្ចាស់ហាង ក៏បានទាក់ទងមកនារីរងគ្រោះ ហើយផ្សះផ្សារសងលុយវិញ និងព្រមចេញថ្លៃថ្នាំ និងព្យាបាល​ស្បែកក្បាល​ដោយ​ឥតគិត​ថ្លៃថែមទៀតផង ៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial