ដាស់តឿនដល់អ្នកដែលប្រើចង្ក្រានបែបនេះ សូមមានការប្រុងប្រយ័ត្នអោយបានខ្ពស់៖ ក្មេងប្រុសអាយុ ២ ឆ្នាំម្នាក់រលាកពេញខ្លួន ដោយសារតែផ្ទុះចង្ក្រាន

បន្ទាប់ពីអានអត្ថបទនេះរួច សូមឪពុកម្តាយ​គ្រប់​រូប​បង្កើន​ការប្រុងប្រយ័ត្ន​អោយ​បាន​ខ្ពស់ចំពោះកូនៗ​ សូមអោយ​ពួកគេ​នៅអោយ​ឆ្ងាយពី​កន្លែងចំណីអាហារ ជៀសវាង​ជួបរឿង​អកុសល​ដូចក្មេងប្រុស ជនជាតិម៉ាឡេស៊ីអាយុ ២​ឆ្នាំម្នាក់នេះ ។ យោងតាម​​ការបង្ហោះ​នៅលើ​ហ្វេសប៊ុក​របស់ស្ត្រីម្នាក់ ដែលត្រូវជាម្តាយក្មេងប្រុសរងគ្រោះ បានចែករំលែក​​នៅរឿង​​ដ៏​ឈឺផ្សារ​​មួយ​​ដែល​​បាន​កើត​ឡើង​លើ​កូនប្រុស​របស់នាង ដែលមានអាយុទើបតែ ២ ឆ្នាំ ។

នាងបាន​និយាយ​រៀបរាប់​នៅក្នុងសារនោះថា កាលពីថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០១៨ មានហេតុការណ៍​ផ្ទុះចង្ក្រាន​នៅក្នុងផ្ទះរបស់នាង ដែលបណ្តាល​អោយ កូនប្រុសរបស់នាង​​រលាកពេញខ្លួនប្រាណតែម្តង ហើយគ្រូពេទ្យបានប្រាប់ថា កូនរបស់នាងរលាកកំរិតទី ២ ដែលជាកំរិតធ្ងន់ធ្ងរ ។

ស្ត្រីរូបនោះបាននិយាយថា មុនពេលកើតហេតុ នាងនៅក្នុងចង្ក្រានបាយ កំពុងចិតផ្លែឈើ ហើយពេលនោះនាងក៏​កំពុងដាំទឹក​ផងដែរ ។ មួយសន្ទុះទឹកក៏បានពុះ ប៉ុន្តែនាងមិនទាន់​បានបិទភ្លើងនៅឡើយទេ ខណៈពេលនោះផងដែរ កូនប្រុសរបស់នាង បានឈរពីក្រោយ រង់ចាំយកផ្លែឈើដែលចិតរួច ស្រាប់តែនាងបាន​លឺសំលេងស្រែក ស្របគ្នានឹងសំលេង​កញ្ចក់បែកខ្ចាយ។

ពេលដែលនាងងាកក្រោយ ក៏ស្រាប់តែឃើញចង្ក្រានផ្ទុះ ហើយគាត់​ក៏ប្រញាប់ពរ​កូនរត់ចេញពីទីនោះ ។ ប៉ុន្តែយឺតពេលបន្តិច ព្រោះកំសៀវទឹក​បានបែកខ្ចាយ ហើយទឹក​ដែលកំពុងពុះក៏បាចសាចពេញចង្ក្រាន ហើយស្រោច​ពេញខ្លួន​កូនរបស់គាត់ ។ ឃើញដូច្នេះ គាត់ក៏យកទឹកត្រជាក់​ទៅស្រោច​លើកូន​របស់គាត់ ដើម្បីបន្ថយកំដៅ ហើយក៏ប្រញាប់បញ្ជូន​ទៅកាន់​មន្ទីរពេទ្យភ្លាមៗ ។

គ្រូពេទ្យ បាននិយាយប្រាប់គាត់ថា កូនរបស់គាត់រលាកកំរិតទី ២ ដែលមានន័យថា រលាក ៣០% នៃរាងកាយ ដោយសារតែ​ទឹកក្តៅ​ស្រោច​លើរាងកាយ ។ សំណាងល្អ​ ដែលនាំមកកាន់មន្ទីរពេទ្យទាន់ពេលវេលា ក្រោយ​សម្រាក​ព្យាបាល​នៅមន្ទីរពេទ្យ​អស់រយៈ​ពេល ៧ ថ្ងៃ គ្រូពេទ្យក៏អនុញ្ញាតអោយត្រលប់ទៅផ្ទះវិញ ។

ក្រោយហេតុការណ៍នេះកើតឡើង គាត់ក៏បានបង្ហោះសារដាស់តឿន ដល់ឪពុកម្តាយគ្រប់រូបអោយមានការប្រុងប្រយ័ត្ន ចំពោះចង្ក្រានប្រភេទកញ្ចក់ ព្រោះវាអាចបង្កជាគ្រោះថ្នាក់ នៅពេលវាក្តៅខ្លាំង ៕

 

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial