បុរសម្នាក់គម្រាមសម្លាប់ពេទ្យ ប្រសិនបើមិនព្រមព្យាបាលសត្វឆ្កែរបស់ខ្លួនទេ (មានវីដេអូ)

ចិន៖ មានហេតុការណ៍ដ៏ភ្ញាក់ផ្អើលមួយបានកើតឡើង នៅប្រទេសចិន ខណៈពេលបុរសម្នាក់បានបីសត្វឆ្កែ​ដែល​រងរបួស​របស់ខ្លួន​រត់ចូលក្នុង​មន្ទីរពេទ្យ ដើម្បីសុំអោយ​គ្រូពេទ្យនៅ​ទីនោះជួយសង្គ្រោះ ប៉ុន្តែបានគ្រូពេទ្យបដិសេធមិនធ្វើការព្យាបាល ដោយប្រាប់អោយបុរសនោះ នាំឆ្កែទៅកាន់ពេទ្យសត្វវិញ។

ហេតុការណ៍នេះ​បានកើត​ឡើងកាល​ពីវេលាម៉ោង ៤ ទៀបភ្លឺ ឈានចូលថ្ងៃទី ២៦ ខែសីហា ឆ្នាំ ២០១៨ នៅឯមន្ទីរពេទ្យ Nanning តំបន់ស្វយ័តក្វាងស៊ីចុង ប្រទេសចិន ។ បុរសម្ចាស់ឆ្កែបានខឹងសម្បារនឹងគ្រូពេទ្យ ដែលបដិសេធមិនព្រមព្យាបាលឆ្កែរបស់ខ្លួន ក៏បានដកទូរស័ព្ទចេញពីហោប៉ៅ ដើម្បីថតគ្រូពេទ្យរូបនោះ ហើយបង្ហោះចូលទៅក្នុងបណ្តាញសង្គម ធ្វើអោយមានការចាប់អារម្មណ៍យ៉ាងខ្លាំង ។

គ្រូពេទ្យរូបនោះបានប្រាប់ទៅបុរសម្ចាស់ឆ្កែថា ទីនេះមិនមែនជាពេទ្យសត្វនោះទេ ហើយសុំអោយបុរសនោះ ទោះបីជាយ៉ាងណាក៏ដោយ បុរសម្ចាស់ឆ្កែនៅតែនិយាយដដែលៗថា គ្រូពេទ្យត្រូវតែពិនិត្យមើលអាការៈឆ្កែរបស់ខ្លួន ប្រសិនបើឆ្កែងាប់ គ្រូពេទ្យត្រូវតែទទួលខុសត្រូវ ។

គ្រូពេទ្យនៅតែបដិសេធ ហើយបុរសនោះមិនដឹងធ្វើម៉េច ក៏អង្គុយចុះ ហើយស្រែកយំយ៉ាងខ្លាំង ផ្អើលអស់អ្នកជំងឺ ហើយមនុស្សម្នាជាច្រើនបាននាំគ្នាចោមរោមមើល បុរសកំសត់រូបនោះ ។ សន្តិសុខបានមកដល់ ហើយក៏ទាញបុរសនោះចេញទៅក្រៅបរិវេណមន្ទីរពេទ្យ ព្រោះមិនចង់អោយមានការរំខានដល់អ្នកជំងឺ ដែលកំពុងសម្រាក ។

ក្រោយពីសន្តិសុខអូសចេញទៅក្រៅ បុរសនោះកាន់តែខឹងខ្លាំងឡើងៗ រហូតគម្រាមសម្លាប់គ្រូពេទ្យថែមទៀតផង ។ បើយោងតាមសំដីគិលានុបដ្ឋានយិកា ម្នាក់ដែលបានឃើញហេតុការណ៍នោះបានប្រាប់អោយដឹងថា នាងមិនដឹងថាស្ថានភាពឆ្កែបែបណានោះទេ ប៉ុន្តែនាងគ្រាន់តែឃើញមានរបួសបន្តិចបន្តូចនៅលើជើងរបស់វាតែប៉ុណ្ណោះ ។

បន្ទាប់ពីវីដេអូនោះបានបង្ហោះ ទៅលើបណ្តាញសង្គម ក៏មានអ្នកនិយមលេងអ៊ីនធើណេតជាច្រើននាក់ បានបញ្ចេញមតិហាក់មិនពេញចិត្តចំពោះទង្វើម្ចាស់ឆ្កែ ដែលស្រែកឡូឡាបង្កការភ្ញាក់ផ្អើល ដល់អ្នកជំងឺទាំងមេឃមិនទាន់ភ្លឺនៅឡើយ ។ ក្នុងនោះផងដែរ ពួកគេថែមទាំងបាននិយាយថា ម្ចាស់ឆ្កែគួរតែនាំឆ្កែរបស់ខ្លួនទៅកាន់ពេទ្យសត្វភ្លាមៗ ជាជាងស្រែកឡូឡា ហើយថតគ្រូពេទ្យ បង្ហោះលើបណ្តាញសង្គមបែបនេះ ព្រោះគ្រូពេទ្យបានប្រាប់ច្បាស់ហើយថា នោះមិនមែនជាពេទ្យសត្វទេ ។

ទោះបីជាយ៉ាងណាក៏ដោយ ទីបំផុតបុរសនោះក៏បាននាំឆ្កែរបស់ខ្លួនទៅកាន់ពេទ្យសត្វ ដើម្បីព្យាបាលឆ្កែរបស់ខ្លួន ៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial