សាហាវសម្លាប់ប្រពន្ធហើយ យកសាកសពទៅក្លាស្សេនៅក្នុង ទូរទឹកកករយៈពេល ៣ ខែ ទំរាំតែធ្លាយរឿង

យោងតាម​ការចុះផ្សាយ​នៅលើ​គេហរទំព័រ​ព័ត៌មាន china daily បានអោយ​ដឹងថា​មានបុរស​ម្នាក់រស់នៅទីក្រុងសៀងហៃ ត្រូវបានតុលា​សៀងហៃ​កាត់ទោស អោយជាប់គុក​អស់មួយជីវិត កាលពីថ្ងៃពុធកន្លងទៅនេះ លើករណី​សម្លាប់​ប្រពន្ធខ្លួនឯង ហើយលាក់​សាកសព​នៅក្នុង​ទូរទឹកកករយៈពេល ៣​ ខែ។ បុរស​ដែលជាជនដៃដល់ឈ្មោះថា Zhu Xiaodong វ័យ ៣១ ឆ្នាំ ត្រូវជាស្វាមី របស់នារីរងគ្រោះ ដែលមានឈ្មោះថា Yang Liping ។

យោងតាម​ចម្លើយ​សារភាព​​របស់ជនដៃដល់ បានប្រាប់​អោយដឹងថា នៅថ្ងៃកើតហេតុ រូបគេ ហើយនឹង​នារីរងគ្រោះ ដែលត្រូវជាប្រពន្ធ បានឈ្លោះប្រកែកគ្នាយ៉ាងខ្លាំង ហើយខ្លួនក៏បានជ្រុលដៃ​សម្លាប់ប្រពន្ធតែម្តង។  បន្ទាប់ពី​សម្លាប់ប្រពន្ធរួច លោក Zhu បានយកភួយរុំសាកសពប្រពន្ធ ហើយយក​ទៅលាក់ទុកនៅក្នុងទូរទឹកកក ក្នុងផ្ទះរបស់ខ្លួន​អស់រយៈពេល ១០៥ ថ្ងៃ ។

មុនពេល​ធ្លាយរឿង​អាថ៌កំបាំងនៃការស្លាប់របស់ប្រពន្ធគាត់ លោក Zhu បានក្លែងធ្វើជា​ប្រពន្ធរបស់គាត់ ដោយបាន​ប្រើប្រាស់គណនីបណ្តាញសង្គមរបស់នាង ដើម្បីឆ្លើយតបសារទៅ​កាន់គ្រួសារ និងមិត្តភក្តិរបស់នាង ។ គាត់ថែមទាំង​បានយក​លុយប្រពន្ធ​របស់គាត់ ទៅចាយវាយទិញរបស់ថ្លៃៗ ហើយចំណាយ​ទៅលើការ​ធ្វើដំណើរ​កំសាន្ត​ជាមួយនឹង​ស្រីផ្សេងទៀតផង ។

ដោយមិនអាច​លាក់បាំង​ការពិត​តទៅទៀតបាន ព្រោះខ្លួន និងប្រពន្ធ ត្រូវទៅចូលរួមពិធីខួបកំណើតឪពុកក្មេក ដូច្នេះលោក Zhu ក៏បាន​ប្រគល់ខ្លួន​អោយប៉ូលីស នៅល្ងាចថ្ងៃខួបកំណើតឪពុកក្មេកនោះតែម្តង ។ ក្រោយបែកធ្លាយរឿងឃាតកម្មដ៏ឃោឃៅនេះ បានធ្វើអោយប្រជាជន​ចិន​មាន​ការភ្ញាក់ផ្អើល​ជាខ្លាំង ហើយក៏​មានមតិ​ជាច្រើន​បានសុំ​អោយ​មានការ​កាត់ទោសប្រហារជីវិតបុរសនោះ។ ទោះបីជាយ៉ាងណាក៏ដោយ តុលាការបានសម្រេចចិត្ត កាត់ទោសអោយជនដៃដល់ជាប់គុកអស់មួយជីវិត ។

ឪពុក​នារីរងគ្រោះ​បាននិយាយ​ទាំងសោកសៅថា គ្រួសាររបស់គាត់មិនពេញចិត្ត ចំពោះការសម្រេចចិត្ត​​របស់តុលាការទេ ប៉ុន្តែគាត់ និងគ្រួសារ​របស់គាត់ក៏​ស្ងប់ចិត្តដែរ ដែលជនដៃដល់បានទទួលទោស។ គាត់បន្ថែមថា ប្រពន្ធរបស់គាត់ ក៏រសាយកំហឹងបានបន្តិច ។ គាត់នឹងទៅផ្នូរកូនស្រីគាត់ ដើម្បីប្រាប់ពី​លទ្ធផលនៃការកាត់ក្តីនេះ។ ជាចុងក្រោយគាត់​ក៏​សូមអរគុណ​ដល់មេធាវី ក្រុមអ្នកកាសែត ហើយនឹង​អ្នកប្រើប្រាស់​បណ្តាញសង្គម និងគ្រប់គ្នា​ដែលគាំទ្រគ្រួសារផងដែរ ៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial