ស្វែងយល់ពីជំងឺបាក់ទឹកចិត្ត និងវិធីជួយខ្លួនឯងចាកចេញពីស្ថានភាពដ៏លំបាកនេះ

នៅពេលដែល​អ្នកធ្លាក់នៅ​ក្នុង​ស្ថានភាព​បាក់ទឹកចិត្ត អ្នកនឹង​ចាប់ផ្តើម​មានអារម្មណ៍ថា​អស់សង្ឃឹម និង​មានអារម្មណ៍ថា ហាក់ដូចជាឯកកោខ្លាំងណាស់ ។ ជំងឺបាក់ទឹកចិត្ត គឺជាជំងឺដ៏កាចសាហាវមួយ ដែលអាចសម្លាប់មនុស្សបាន ប្រសិនបើ​អ្នក​ជំងឺធ្វេសប្រហែស មិនបាន​ទទួលការព្យាបាលត្រឹមត្រូវទេ ។ ពេលខ្លះទៀត អ្នកជំងឺខ្លួនឯង​ផ្ទាល់ក៏មិនដឹងថា ខ្លួនឯងកំពុងតែ​កើតជំងឺនេះដែរ ដែលជាហេតុធ្វើអោយ ជំងឺនេះកាន់តែវិវត្តន៍ធ្ងន់ឡើងៗ ។

ជំងឺនេះផងដែរ ក៏អាចធ្វើ​អោយ​អ្នកជំងឺ​មាន​ការ​ផ្លាស់ប្តូរអត្តចរិត និង​ការរស់នៅប្រចាំថ្ងៃថែមទៀតផង។ ជារឿយៗ ជំងឺបាក់ទឹកចិត្ត ធ្វើអោយ​អ្នកជំងឺ​មានអារម្មណ៍ស្អប់សង្គម រឺហ្វូងមនុស្ស ហើយ​តែងតែ​មានអារម្មណ៍​ថា ចង់ផ្តាច់ខ្លួន នៅអោយឆ្ងាយពីអ្នកដទៃ ដែលជាលទ្ធផល​ធ្វើអោយអ្នកជំងឺមាន​អារម្មណ៍ឯកកោ ហើយអ្នកដទៃមើលមកថា ខ្លួន គឺជាមនុស្ស​ដែល​មិនសូវចូលចិត្តរាប់អានអ្នកដទៃ ។

រោគសញ្ញាមួយចំនួននៃជំងឺបាក់ទឹកចិត្តរួមមាន៖

-នៅសុខៗ​ស្រាប់តែ​​មានអារម្មណ៍​ក្រៀមក្រំ ឯកកោ ខ្វះអ្នកយល់ចិត្ត និង បាត់បង់ការជឿជាក់លើខ្លួនឯង
-ពិបាកផ្តោតអារម្មណ៍ លែងសូវមានការចងចាំល្អ សូម្បីតែប្រព្រឹត្តថ្មីៗ ហើយ ពិបាកក្នុងការសម្រេចចិត្ត
-ចេះតែអស់កម្លាំង ដោយគ្មានមូលហេតុ
-មានអារម្មណ៍ថាខ្លួនឯងមានកំហុស គ្មានតម្លៃ និង អស់សង្ឃឹម

-ចេះតែមានអារម្មណ៍អវិជ្ជមានចំពោះខ្លួនឯង និងមនុស្សដទៃដែលនៅជុំវិញខ្លួន ហើយមានអារម្មណ៍ថាខ្លួនឯងដូចជាគ្មានប្រយោជន៍
-គេងមិនលក់រុំារ៉ៃ រឺ ឆាប់ភ្ញាក់ពីព្រឹកព្រលឹម តែគ្មានកំលាំង ជួនខ្លះវិញគេងច្រើនលើសពីមនុស្សទូទៅ ប៉ុន្តែនៅតែគ្មានកំលាំងកំហែង
-ឆាប់ខឹង អារម្មណ៍ប្រែប្រួលមិនទៀង ម្តងរីករាយ ម្តងអស់សង្ឃឹមខ្លាំង ម្តងតែលតោល
-ចេះតែមានអារម្មណ៍អន្ទះអន្ទែង រសាប់រសល់ ភ័យខ្លាច
-លែងចង់ទៅណាមកណា រឺជួបអ្នកណា

-ញុំាលើសប្រមាណ រឺ បាត់បង់ការចង់ញុំាអាហារតែម្តង (លែងមានអារម្មណ៍ឃ្លាន)
-ចេះតែមានអារម្មណ៍ថាឈឺចាប់ឥតឈរឈប់ ដែលរួមទាំង ឈឺក្បាល ឈឺសាច់ដុំ រឺ រមួលក្រពើជាប្រចាំ
-មានបញ្ហាការរំលាយអាហារ ដែលព្យាបាលយ៉ាងណាក៏មិនព្រមជា
-មានអារម្ម៍ធុញថប់ តានតឹង អួរអាប់នៅក្នុងជីវិត ហើយមានអារម្មណ៍ថាហេងហាង ដូចខ្វះអ្វីម្យ៉ាង
-ចាប់ផ្តើមមានគំនិតលែងចង់រស់ រឺ ចង់ធ្វើអត្តឃាត (ករណីជំងឺនេះធ្ងន់ធ្ងរឡើង)

ដំណោះស្រាយដែលអាច​ជួយ អ្នកជំងឺអោយចាកចេញពី ស្ថានភាពបាក់ទឹកចិត្ត​នេះរួមមាន៖

-ហាត់ប្រាណ៖ ការហាត់ប្រាណជាប្រចាំអាចជួយព្យាបាលការបាក់ទឹកចិត្តបាន។ ដោយសារតែការហាត់ប្រាណ មិនត្រឹមតែជួយជំរុញបន្ថែមនូវសារធាតុស្តេរ៉ូតូនីន (សារធាតុម្យ៉ាងបញ្ចេញប្លាកែតនៅពេលដែលជាលិកាមានរបួស) ប៉ុណ្ណោះទេ វាថែមទាំងជួយជំរុញដល់ការផលិតអ័រម៉ូនអង់ដូហ្វីន (ជាអ័រម៉ូនដែលបញ្ចេញនៅក្នុងប្រព័ន្ធខួរក្បាល និងប្រព័ន្ធសរសៃប្រសាទ ដែលមាន តួនាទីជួយបំបាត់អារម្មណ៍ឈឺចាប់) ។ លើសពីនេះទៀត ការហាត់ប្រាណនឹងជួយជំរុញដល់ការ ផលិតគីមីសរីរាង្គនៅក្នុងខួរក្បាល ដែលជួយធ្វើអោយមានអារម្មណ៍ល្អថែមទៀតផង។ វាធ្វើអោយកោសិកាខួរក្បាលលូតលាស់ថ្មី និងផ្សារភ្ជាប់ទៅនឹងខួរក្បាល ដែលដូចគ្នាទៅនឹងថ្នាំប្រឆាំងនឹងជំងឺបាក់ទឹកចិត្តដែរ ។ អ្នកមិនចាំបាច់រត់ រឺហាត់ប្រាណអីខ្លាំងក្លានោះទេ គ្រាន់តែដើរធម្មតាអោយបានយ៉ាងតិច ៣០ នាទីជារៀងរាល់ថ្ងៃ នោះអ្នកនឹងអារម្មណ៍ប្លែក ។

-ការគាំទ្រ និងផ្តល់កំលាំងចិត្ត ពីអ្នកនៅជុំវិញខ្លួន
ការគាំទ្រ និងផ្តល់កំលាំងចិត្តពីអ្នកជុំវិញខ្លួន អាចជួយកាត់បន្ថយភាពឯកកោ ។ នេះគឺជាគន្លឹះដ៏សំខាន់ក្នុងការកាត់បន្ថយការធ្លាក់ទឹកចិត្ត។ អ្នកជំងឺផ្ទាល់ ត្រូវរក្សាទំនាក់ទំនងជាមួយនឹងមិត្តភក្តិ ក្រុមគ្រួសារ រឺចូលរួមក្រុមពិភាក្សាផ្សេងៗ ។ ផ្លាស់ប្តូរទំលាប់នៅតែម្នាក់ឯង មកចូលរួមការងារសង្គម។

-ញុំាអាហារដែលសំបូរទៅដោយជីវជាតិ
ញុំាអាហារល្អ គឺជាកត្តាដ៏សំខាន់​សម្រាប់​សុខភាពរាងកាយ និងសុខភាពផ្លូវចិត្ត ។ កែប្រែទំលាប់នៃការញុំា ដោយអ្នកត្រូវញុំាតិចៗ ពេញមួយថ្ងៃ និងអោយ​មានតុល្យភាព ។ វិធីនេះ​នឹង​ជួយអោយអ្នកមាន​កំលាំងកំហែង​ឡើងវិញ ហើយ​វាអាច​ជួយកាត់​បន្ថយ​ការផ្លាស់ប្តូរ​អារម្មណ៍របស់អ្នកផងដែរ ។ អាហារដែលអ្នកគួរញុំា ត្រូវតែជាអាហារ​ដែល​សំបូរ​ទៅដោយ​ជាតិម៉ាញេស្យូម ដែលរួមមាន ផ្លែចេក ផ្លែទំពាំងបាយជូរ ផ្លែស្ត្រូប៊ឺរី ផ្លែឈើរី ផ្លែឪឡឹក ពពួកបន្លែដូចជា បន្លែស្លឹកពណ៌បៃតងចាស់ សណ្តែកគ្រប់ប្រភេទ ការ៉ុត ត្រសក់ ផ្កាខាត់ណា ប្រូខូលី ស្ពៃក្តោប ពោត ពពួកសាច់រួមមាន សាច់គោ សាច់មាន់ ត្រីធូណា និង ពពួកផលិតផលធ្វើពីទឹកដោះគោ ។

-គេង៖
ការគេង មានឥទ្ធិពលខ្លាំងក្លា​ណាស់​ទៅលើ​អារម្មណ៍ ។ នៅពេល​ដែលអ្នកគេង​មិនគ្រប់គ្រាន់ទេ វានឹង​កាន់តែ​ធ្វើអោយ​ ជំងឺបាក់ទឹកចិត្ត វិវត្តន៍ទៅរកភាពធ្ងន់ធ្ងរឡើងៗ។ ការគេងមិនលក់ នឹងធ្វើអោយអារម្មណ៍ឆាប់ខឹង មួរម៉ៅ សោកសៅ និងអស់កម្លាំង ។ ដូច្នេះ អ្នកត្រូវផ្លាស់ប្តូរ ទំលាប់នៃការគេងរបស់អ្នក ដោយកាត់បន្ថយការគេងថ្ងៃ មកគេង​ពេលយប់​អោយបានច្រើន ។

-ស្តាប់តន្ត្រី
តន្ត្រីមាន ឥទ្ធិពលទៅលើខួរក្បាល និងអារម្មណ៍របស់អ្នក ។ តន្ត្រី អាចកាត់បន្ថយសម្ពាធឈាម កាត់បន្ថយភាពតានតឹងសាច់ដុំ ជួយបង្កើនការជឿជាក់លើខ្លួនឯង កាត់បន្ថយការថប់បារម្ភ ជួយបង្កើនទំនាក់ទំនងរវាងបុគ្គល និងបុគ្គល កាត់បន្ថយអារម្មណ៍ចង់ធ្វើអត្តឃាត ។ តន្ត្រីនេះផងដែរ ក៏ជួយជំរុញអោយអ្នកគេងឆាប់លក់ ដែលទាក់ទងទៅនឹងចំណុចខាងលើ។ ប្រសិនបើអ្នកគេងមិនលក់ សូមសាកល្បងបើកតន្ត្រី (Music Anti-Depression and Anxiety) ស្តាប់ នោះអ្នកនឹងគេងលក់ ៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial