អ្នកដែលបង្អត់អាហារខ្លួនឯង ព្រោះចង់បានរាងស្លីម ប្រយ័ត្នកើតជំងឺនេះ

នារីជាច្រើនតែងតែព្រួយបារម្ភ ចំពោះគីឡូរបស់ខ្លួន ដូច្នេះពួកគេតែងតែតមអាហារ ដើម្បីការពារការឡើងទំងន់។ ទោះបីជាយ៉ាងណាក៏ដោយ ការបង្អាត់អាហារនេះ មិនមែនជាដំណោះស្រាយល្អនោះទេ។ ជាក់ស្តែង នារីវ័យ ២១ ឆ្នាំ ម្នាក់ដែលរស់នៅខេត្ត Heilongjiang ប្រទេសចិន ហេតុតែចង់បានរាងស្លីម ក៏សុខចិត្តបង្អាត់អាហារខ្លួនឯង អស់រយៈពេល ៣ ឆ្នាំ បណ្តាលអោយកោសិកាខួរក្បាលរបស់នាងយ៉ាប់យ៉ឺន។

យោងតាមគេហរទំព័ត៌មាន Apple Daily បានអោយដឹងថា នារីរូបនោះមានឈ្មោះថា Xiao Qian កាលពីដែលនាងមានវ័យ ១៨ ឆ្នាំ នាងមានទំងន់ ៥៥ គីឡូ ហើយកំពស់របស់នាង ១៦៧សង់ទីម៉ែត្រ ។ ទោះបីជាយ៉ាងណាក៏ដោយ នាងនៅតែមិនទាន់ពេញចិត្តនឹងរូបរាងរបស់នាងទេ ដូច្នេះនាងក៏​សម្រេចចិត្ត​ធ្វើការសម្រកទំងន់ ព្រោះនាងលឺគេប្រាប់ថាធាត់។

ចាប់តាំងពីពេល​នោះ​មកនាង​ក៏ចាប់ផ្តើម ប្រើប្រាស់ភេសជ្ជៈជំនួស និង ផលិតផលសម្រកទំងន់ដទៃទៀត ដើម្បីអោយឆាប់ស្រក។ នាងថែមទាំងកាត់បន្ថយការញុំាអាហារពីមួយថ្ងៃ ៣ ពេល មកត្រឹម ១ ពេលក្នុងមួយថ្ងៃវិញ។ បន្ទាប់ពីឃើញលទ្ធភាពភ្លាមៗ Xiao Qian សប្បាយចិត្តជាខ្លាំង ហើយនាងក៏បន្តធ្វើបែបនេះរហូត។

នាងចាប់ផ្តើមស្អប់អាហារ ហើយតែងតែខ្វាយខ្វល់ ពីការឡើងទំងន់រហូត។ ៣ ឆ្នាំក្រោយពីការបង្អត់អាហាររបស់នាង Xiao Qian ស្រកអស់ ៣០ គីឡូ ដែលមានន័យថាទំងន់របស់នាង នៅពេលនេះគឺសល់តែ ២៥ គីឡូតែប៉ុណ្ណោះ ។

ក្រោយពីការបង្អត់អាហារ និងប្រើប្រាស់ផលិតផលថែរក្សារាងផ្សេងៗ វាបានជះឥទ្ធិពលអាក្រក់ដល់រាងកាយរបស់នាង ដែលរួមមាន កន្ទួលនៅលើស្បែក ចាប់ផ្តើម​ខ្សោយនៅពេលដើរ មានស្នាមជាំនៅលើដងខ្លួន ហើយនឹងបញ្ហាផ្សេងៗជាច្រើនទៀត។ ម្តាយរបស់នាងរន្ធត់ចិត្តខ្លាំងណាស់ នៅពេលដែលដឹងអំពីស្ថានភាពដ៏អាក្រក់របស់ Xiao Qian ។

ម្តាយរបស់នាងក៏បានបញ្ជូននាងទៅកាន់មន្ទីរពេទ្យ កាលពីថ្ងៃទី ២៧ ខែមេសា គ្រូពេទ្យបានធ្វើរោគវិនិច្ឆ័យឃើញថា នាងកើតជំងឺមិនចង់ញុំាអាហារ និងខ្វះអាហារូបត្ថម្ភធ្ងន់ធ្ងរ ខណៈពេលដែល មុខងារសរីរាង្គរបស់នាង ដំណើរការខុសប្រក្រតីទាំងអស់។

ជាអកុសល នៅពេលដែលនាងទៅដល់មន្ទីរពេទ្យ នាងក៏បានដួលសន្លប់ ដែលនេះជាលទ្ធផល ដែលបណ្តាលមកពី ការហូរឈាមក្នុងខួរក្បាល។ គ្រូពេទ្យបាននិយាយថា ដោយសារតែនាងស្រូបយកជាតិកាឡូរីត្រឹមតែ ៤៥០ កាឡូរីក្នុងមួយថ្ងៃ ដែលស្មើ ៣០% នៃការទទួលទានប្រចាំថ្ងៃរបស់មនុស្សធម្មតា ទើបធ្វើអោយនាងមានបង្ហាញកង្វះអាហារូបត្ថម្ភនេះឡើង ដែលធ្វើអោយជាលិកាខួរក្បាលរបស់នាង ធ្លាក់ចុះ ។

ក្រោយទទួលការព្យាបាលបានមួយរយៈ

ដោយសារតែការខូចខួរក្បាលនេះហើយ បានធ្វើអោយ Xiao Qian សន្លប់លែងដឹងខ្លួនអស់រយៈពេល ៤០ ថ្ងៃ។ ជាសំណាងដែល នាងដឹងខ្លួនឡើងវិញ ប៉ុន្តែនាងបានបាត់បង់ការចងចាំមួយចំនួន។

ក្រោយទទួលការព្យាបាល មួយរយៈពេលមក នាងក៏ចាប់ផ្តើមញុំាអាហារបានខ្លះៗឡើងវិញ ហើយទំងន់របស់នាង ក៏ឡើងបន្តិចម្តងៗ តែសុខភាពរបស់នាងនៅមិនទាន់ល្អទាំងស្រុងនៅឡើយទេ ។ ទោះបីជាយ៉ាងណាក៏ដោយ នាងប្តេជ្ញាចិត្តថានឹងខំប្រឹងញុំាឡើងវិញ។

Xian Qian សន្លប់រយៈពេល ៤០ ថ្ងៃ

នេះគឺជាសារដាស់តឿន ដល់មិត្តៗទាំងអស់គ្នា កុំធ្វើបែបនេះ ជៀសវាងជួបរឿងដូចជានារីម្នាក់នេះ ៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial