កូនប្រុសកត្តញ្ញូអាយុ ១២ ឆ្នាំ នាំម្តាយទៅសាលារៀនជាមួយ ព្រោះមិនដាច់ចិត្តទុកម្តាយពិការ នៅផ្ទះតែម្នាក់ឯង

ជាធម្មតា​គេតែងតែ​និយាយថា​កូនប្រុស មិនដូចកូនស្រីទេ កូនស្រី​ទោះបីជា​យ៉ាងណា​ក៏មិន​ចោលម្តាយដែរ ប៉ុន្តែការ​ពិតទៅ វាមិនបែបនេះ​ទាំង​អស់​នោះទេ។ តួយ៉ាង​ដូច​ក្មេងប្រុស​អាយុ ១២ ឆ្នាំ ជនជាតិហ្វីលីពីនម្នាក់នេះ ដែលមាន​ឈ្មោះថា Jhon Mark Nasih បានធ្វើអោយ​អ្នកនិយម​លេងហ្វេសប៊ុកជាច្រើន មានអារម្មណ៍​ក្តុកក្តួលជាខ្លាំង បន្ទាប់ពី​ស្តាប់រឿង​ដ៏រំជួលចិត្តរបស់គេ។

យោងតាម​ការ​ចុះផ្សាយ​នៅលើ​គេហរ​ទំព័រព័ត៌មាន របស់ហ្វីលីពីន បានអោយដឹងថា Mark ដែលជាសិស្សថ្នាក់ទី ៥ តែងតែ​នាំម្តាយរបស់គេ ទៅសាលារៀន​ជាមួយ​ជារៀងរាល់ថ្ងៃ ដោយសារតែគេ​មិនដាច់ចិត្ត​ទុកម្តាយ ដែលមាន​ពិការ​នៅផ្ទះ​តែម្នាក់ឯង។ ប្រភព​ព័ត៌មាន​ដដែល​បន្តថា ម្តាយរបស់ Mark មានជំងឺពិការខួរក្បាល តាំងពីគាត់​មាន​អាយុ ១៧ ឆ្នាំម្ល៉េះ។​

ជារៀងរាល់​ថ្ងៃច័ន្ទ ដល់សៅរ៍ អ្នកដែល​រស់នៅម្តុំនោះ តែងតែឃើញ Jhon Mark ស្លៀកពាក់ឯកសណ្ឋាន​សិស្សសាលា រុញរទេះ​ម្តាយឆ្ពោះ ទៅកាន់សាលារៀន។

យោងតាមសំដី​ អ្នកជិតខាង ​បានអោយដឹងថា Mark និងម្តាយរបស់គេ រស់នៅតែ​ពីរនាក់​ទេ ព្រោះឪពុករបស់គាត់ បានស្លាប់ចោលគេយូរណាស់ហើយ។

ជារៀងរាល់ព្រឹក Mark តែងតែធ្វើអាហារពេលព្រឹក និងងូតទឹក​អោយម្តាយរបស់គេ​ មុនពេល​ដែល​ទៅ​សាលារៀន។ អ្នកជិតខាង​តែងតែ​អោយម្ហូប​អាហារដល់ពួកគេ ហើយពេលខ្លះ​ក៏ទិញ​ជំពាក់គេ។ ឪពុករបស់ Mark បានស្លាប់ ដោយសារតែ​ជំងឺគ្រុនឈាម តាំងពីឆ្នាំ ២០០៨ ។

Jhon Mark ត្រូវដើររយៈពេល ៣០ នាទី ទំរាំដល់សាលារៀន ហើយគេ​តែងតែ​យកឆ័ត្រ​ទៅជាមួយ ទុកបាំងអោយម្តាយ ប្រសិន​បើមាន​ភ្លៀងធ្លាក់។ ពេល​ដែលទៅ​ដល់​សាលារៀន Mark ទុកម្តាយ​នៅកន្លែង​កង់ទីន រហូតដល់ម៉ោង ៥ ល្ងាច ។  ទោះបីជា​ម្តាយ​របស់គេ​នៅ​ខាងក្រៅថ្នាក់រៀន​ក៏ដោយ ប៉ុន្តែ​នៅទីនោះ​មានអ្នកគ្រូចិត្តល្អ​ម្នាក់ តែងតែ​ជួយមើល​ថែម្តាយរបស់ Mark និងអោយអាហារ​ទៅអ្នកស្រី​ញុំាទៀតផង។

អ្នកស្រី Alma ដែលត្រូវជាម្តាយ Mark បាននិយាយថា «ខ្ញុំគ្រាន់តែ​ចង់​អោយ​កូនប្រុស​របស់ខ្ញុំបានរៀន​សូត្រ​ចប់ចុង​ចប់ដើម។ នេះគឺជា​បំណងប្រាថ្នា​របស់ខ្ញុំ ព្រោះខ្ញុំមិនអាច​រស់នៅជា​មួយកូនប្រុសខ្ញុំ​រហូតទេ»។ Mark បាន​ប្រាប់​អោយដឹងថា ក្តីស្រមៃរបស់គេ ចង់ក្លាយជា​វេជ្ជបណ្ឌិត ដូច្នេះ​គេអាច​ព្យាបាលម្តាយ​របស់គេ​បាននៅថ្ងៃ​អនាគត។

ក្រោយរូបថត និងការសម្ភាសន៍ របស់ Mark បានបង្ហោះ​ចែកចាយ​នៅលើ​បណ្តាញ​សង្គម ក៏បានធ្វើ​អោយ មនុស្សជាច្រើន មានការចាប់អារម្មណ៍ ហើយរឿងរ៉ាវ​របស់​ម្តាយកូន​ទាំងពីរ​នាក់នេះ ក៏បានក្លាយជា​ការ​លើកទឹកចិត្ត ដល់មនុស្សគ្រប់គ្នា អោយមានការតស៊ូនៅក្នុងជីវិតផងដែរ៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial