រូងភ្នំនាងដេក និងរឿងរ៉ាវនៃការជាប់នៅក្នុងរូងភ្នំ របស់មនុស្សទាំង ១៣ នាក់ បានក្លាយជាគោលដៅដ៏សំខាន់ ក្នុងការផលិតជាខ្សែភាពយន្តរបស់ហូលីវូដ

ក្រោយព័ត៌មាន​ដ៏ល្បីមួយនៃ មនុស្សទាំង ១៣ នាក់ ដែលបាន ជាប់នៅក្នុងរូងភ្នំមួយ ដែលគេហៅថារូងភ្នំនាងដេកនោះ បានផ្ទុះឡើង​​នៅ​ប្រទេសថៃ ​កាលពីខែមុន ពេលនេះមាន​អ្នកផលិតខ្សែភាពយន្ត​ធំៗ​ជាច្រើន បានចុះទៅ​ដល់កន្លែង​នោះផ្ទាល់ ដើម្បីសម្ភាសន៍ និងទាក់ទងផលិតជាខ្សែភាពយន្ត។

យោងតាម ការចុះផ្សាយ នៅលើគេហរទំព័រមួយបាន ប្រាប់អោយ​ដឹងថា លោក Michael Scott ជាដៃគូគ្រប់គ្រង​របស់ក្រុមហ៊ុន Pure Fix ជាក្រុមហ៊ុន​ផលិត​របស់អាមេរិក បានចុះទៅ​ដល់កន្លែងនោះ​ផ្ទាល់តែម្តង ជាមួយនឹងលោក Adam Smith ដែលជា​សហការី​របស់លោក ជាអ្នកចុះផ្ទាល់ ម្បីសុំសិទ្ធសម្ភាសន៍ផ្តាច់មុខ អំពីរឿងរ៉ាវរបស់មនុស្សទាំង ១៣ នាក់ដែលជាប់នៅក្នុងរូងភ្នំ ហើយនឹងប្រតិបត្តិការ ជួយសង្គ្រោះ​ពួកគេចេញពីក្នុងនោះ។

យោងតាម​សំដី អ្នកផលិត​​ខ្សែភាពយន្តរូបនោះ បានប្រាប់​អោយដឹង​ថា រឿងរ៉ាវរបស់ក្មេងៗទាំង ១២ នាក់ ហើយនឹង​គ្រូ​បង្វឹកកីឡា​បាល់ទាត់របស់ពួកគេ ធ្វើអោយពិភពលោក មានការចាប់អារម្មណ៍ជាខ្លាំង ហើយរឿងរ៉ាវរបស់ពួកគេ នឹងត្រៀមថតជា ខ្សែភាពយន្តហូលីវូដ។

លោក Scott បានលើកឡើងថា «គ្មានអ្វីដែល ធ្វើអោយខ្ញុំរំភើប​ជាងនេះទេ។ រឿងរ៉ាវរបស់ពួកគេ បានធ្វើអោយ​ខ្ញុំចាប់​អារម្មណ៍​យ៉ាងខ្លាំង ហើយខ្ញុំបាន​​តាមដានព័ត៌មាន​របស់ពួកគេ តាំងពីថ្ងៃដំបូង។ ភរិយារបស់ខ្ញុំ គាត់រំជួលចិត្តជាខ្លាំង នៅពេលដែល អតីតទាហានជើងទឹក​របស់ថៃម្នាក់ បានស្លាប់នៅក្នុងរូងភ្នំ ខណៈពេលដែល ជួយសង្គ្រោះមនុស្សទាំង ១៣ នាក់នោះ។ នៅពេលដែលឃើញ ពីភាពក្លាហាននៅក្នុងរូងភ្នំ ហើយនឹងការ ជួយសង្គ្រោះគ្រប់គ្នា ចេញពីក្នុងរូងភ្នំនោះ វាពិតជា​ព្រឹត្តការណ៍​ដ៏រំភើបមួយ ហើយវាពិត​ជាមាន​ន័យណាស់​សម្រាប់ខ្ញុំ»។

លោកបន្ថែមទៀតថា «ពួកយើងនៅទីនេះ ដើម្បីស្វែងយល់​អោយច្បាស់​ពីព្រឹត្តការណ៍ ដើម្បីថតជាខ្សែភាពយន្ត ដែលបណ្តុះគំនិត មនុស្សរាប់លាននាក់ នៅជុំវិញពិភពលោក។ ហើយពួកយើងនៅទីនេះ ដើម្បីប្រមូលផ្តុំពីព្រឹត្តការណ៍ ទំនាក់ទំនង និងអ្វីៗគ្រប់យ៉ាង ដែលទាក់ទងនឹង កិច្ចខិតខំប្រឹងប្រែង​ទូទាំងពិភពលោក ដែលបាន​រួមគ្នា ក្នុងការ​ជួយ​សង្គ្រោះ​មនុស្សទាំង​ ១៣ នាក់ដែលជាប់នៅក្នុងរូងភ្នំនោះ។

លោក Scott ថែមទាំង​បញ្ជាក់​ប្រាប់ថា គម្រោងនៅ​ក្នុងការ​ផលិតជា​ខ្សែភាពយន្តនោះ នឹងត្រូវធ្វើឡើងក្នុង​ពេលឆាប់ៗនេះ ដោយសារ​តែមាន​ក្រុមហ៊ុនធំៗ ជាច្រើន​កំពុង ទាក់ទងផលិតជាខ្សែភាពយន្តដូចគ្នា៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial