ស្ត្រីដែលកំពុងមានផ្ទៃពោះ និងអ្នកម្តាយថ្មីថ្មោង គួរយល់ដឹង៖ ជំងឺធ្លាក់ទឹកចិត្តក្រោយពេលសម្រាលកូនរួចរបស់ម្តាយ វាអាចធ្វើអោយប៉ះពាល់ដល់ទំនាក់ទំនងរវាងម្តាយ និងកូន ហើយធ្វើអោយកូនចុះខ្សោយខាងផ្នែកស្មារតី

មានការផ្ទៃពោះ គឺជារឿងដ៏​រីករាយមួយ​សម្រាប់​គ្រួសារ ទោះបីជា​យ៉ាងណា​ក៏ដោយ សម្រាប់មនុស្សស្រីវិញ ក្រៅពី​រីករាយ​ហើយនោះ នាងត្រូវ​ត្រៀមខ្លួន ដើម្បីដើរឆ្លង​នៅក្នុង​ដំណាក់កាល​ដ៏លំបាកបំផុត​នៅក្នុងជីវិត​របស់នាង។ ជាទូទៅគេ​តែងត្រៀមខ្លួន​ ចាំទទួល​សមាជិកតូចរបស់ពួកគេ ប៉ុន្តែពួកគេ​មិនដែល​និយាយ​ដល់បញ្ហា ដែលត្រូវប្រឈមមុខ ក្រោយពេលសម្រាលនោះទេ។

ការពិតទៅ​មានស្ត្រី​ជាច្រើន ដែលប្រឈមមុខ នឹងការធ្លាក់ទឹកចិត្ត ក្រោយពេល​សម្រាលកូនរួច។ បញ្ហាធ្លាក់​ទឹកចិត្ត​ក្រោយ​ពេល​សម្រាល​កូននេះ បណ្តាលមកពី អ័រម៉ូនរបស់អ្នក ដែលធ្វើអោយអ្នកមាន​អារម្មណ៍ថា​ក្រៀមក្រំ និងអស់សង្ឃឹម។

ការពិតទៅ ជំងឺបាក់ទឹកចិត្ត ក្រោយពេលសម្រាល មានពីរប្រភេទខុសគ្នា ដែលទី ១ គឺ Baby Blue ដែលជា​ស្ថានភាព​ផ្លូវចិត្ត​ទូទៅបណ្តោះអាសន្ន ក្រោយពេល​សម្រាលកូន ដែល​ធ្វើអោយ​អ្នកម្តាយថ្មីថ្មោង​​អាចមាន​ឆាប់ប្រែប្រួលអារម្មណ៍ ដែលជួនខ្លះ​ក៏សប្បាយ​រីករាយ​យ៉ាងខ្លាំង បន្ទាប់មក​ក៏ក្រៀមក្រំ​មួយរំពេច ពេលខ្លះទៀតអាចយំ ដោយគ្មាន​មូលហេតុ​ច្បាស់លាស់ អារម្មណ៍អន្ទះអន្ទែង ឆាប់ខឹង ស្រងូតស្រងាត់ ឯកោ និងសោកសៅ។

ចំណែកទី ២ នោះគឺជាស្ថានភាព​ផ្លូវចិត្តធ្ងន់ធ្ងរ​មួយ វាត្រូវបាន​គេហៅថា Postpartum depression (PPD)។ វាត្រូវ​បានផ្សារភ្ជាប់​ជាមួយនឹង​អារម្មណ៍ក្រោយ​ពេលសម្រាលកូន ដែលអាចធ្វើ​អោយប៉ះពាល់​ដល់ទំនាក់ទំនង​រវាងម្តាយ និងកូន។ រោគសញ្ញា​អាចរួមបញ្ជូល​ទាំងភាពទុក្ខព្រួយខ្លាំង កំលាំងចុះខ្សោយ ការថប់បារម្ភ ការយំតាមកាលៈទេសៈ ឆាប់ខឹង ហើយផ្លាស់ប្តូរទំលាប់នៃការគេង ឬហូបជាដើម។

ជាទូទៅ ស្ថានភាពផ្លូវចិត្តទាំង ២ នេះ អាចកើតមានឡើងចំពោះ ស្ត្រីក្រោយ​សម្រាលកូនរួចចាប់ពី ៥០% ទៅ ៨០% ។ PPB ជាទូទៅ​ចាប់ផ្តើម​កើតមាន​ឡើង ក្រោយពេល​សម្រាល​កូនបាន ៣ ថ្ងៃ ។ ការធ្លាក់ទឹកចិត្ត​ក្រោយ​ពេលឆ្លងទន្លេ មានរយៈ​ពេលយូរ​នឹងធ្វើ​អោយ​ប៉ះពាល់​ដល់សុខភាពរបស់ម្តាយ និងទារក។

ថ្វីត្បិតតែជំងឺនេះ មានអាត្រា​កើតឡើងខ្ពស់​យ៉ាងណា​ក៏ដោយ ក៏ប៉ុន្តែមាន​មនុស្សតិចណាស់​ដែលដឹង ហើយក៏មាន​មនុស្សតិចណាស់ ដែលបាន​ទទួលការព្យាបាល។ ការធ្លាក់ទឹកចិត្ត​ក្រោយពេលឆ្លងទន្លេនេះ គួរអោយខ្លាចខ្លាំងណាស់ បើមិន​ទទួល​ការព្យាបាល​បានត្រឹមត្រូវទេ​នោះ វានឹងធ្វើអោយប៉ះពាល់​ដល់ភាព​ស្និទ្ធស្នាល​រវាងម្តាយ និងកូន។

បើយោង​តាមការ​បកស្រាយ របស់វេជ្ជបណ្ឌិត​ឯកទេស​ខាងផ្នែកនេះ បានអោយ​ដឹងថា «ចំពោះកុមារ បញ្ហានេះ​នឹងបង្កើន​ហានិភ័យ នៃការពន្យារ​ពេលក្នុងការ​អភិវឌ្ឍ​ការយល់ដឹង ការអភិវឌ្ឍផ្លូវចិត្ត និងសង្គម។ PPD នេះក៏បង្ក​ជាបញ្ហា​ដល់កុមារ​ដូចជា ពិបាកក្នុងការគេង ការញុំា ឆាប់ខឹងម៉ួម៉ៅ ភាពមិនប្រក្រតី នៃការផ្ចង់អារម្មណ៍ និងអាកប្បកិរិយា ក្នុងការយកចិត្តទុកដាក់។ បញ្ហា​បង្អាក់ការ​អភិវឌ្ឍរបស់កុមារនេះ កើតមានឡើង ដោយសារតែ ទំនាក់ទំនងរវាងម្តាយ និងកូនថយចុះ»។

វេជ្ជបណ្ឌិត​ជំនាញថែម​ទាំងបញ្ជាក់ ប្រាប់ទៀតថា ប្រសិនបើ​ម្តាយមាន ជំងឺបាក់ទឹកចិត្តធ្ងន់ធ្ងរ វាអាច​ធ្វើអោយប៉ះពាល់​ដល់ទារក ដែលអាច​ធ្វើអោយពួកគេ ជួបនឹងហានិភ័យ​ខ្ពស់នៃ​ការចាប់ផ្តើមវិវត្តទៅរក​ជំងឺបាក់ទឹកចិត្តដែរ។ ចំពោះម្តាយវិញ អាចនឹងមានទំនោរ ទៅរកការ​បង្កជា​គ្រោះថ្នាក់ដល់ខ្លួនឯង ចាប់ផ្តើម​ស្អប់កូនខ្លួនឯង ធ្វើបាបខ្លួន ឬអាចសម្លាប់ខ្លួន ដោយសារតែ គេងមិនគ្រប់គ្រាន់ រឺបាត់បង់ចំណង់​អាហារ។

នេះជា​មូលហេតុ​ដែលអ្នក​ត្រូវយកចិត្ត​ទុកដាក់ ស្វែងយល់​អំពីរោគសញ្ញា​នៃការធ្លាក់​ទឹកចិត្តក្រោយពេល​ឆ្លងទន្លេ និងជួយម្តាយ​ អោយទទួលបាន ការព្យាបាលអោយ បានល្អត្រឹមត្រូវ ដើម្បីលើកកំពស់​ចំណងមេត្រីភាព រវាងម្តាយ និងទារក៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial