ប្រយ័ត្នចំពោះ​ហ្គេមអនឡាញមួយនេះ៖ ប៉ូលីសជុំវិញពិភពលោក កំពុងចេញសេចក្តីព្រមាន ចំពោះហ្គេមមួយនេះ ក្រោយពេលក្មេងស្រីម្នាក់វ័យ ១២ ឆ្នាំម្នាក់ធ្វើអត្តឃាតខ្លួនឯង

ប៉ូលីស​នៅជុំវិញ​ពិភពលោក បានចេញ​សេចក្តីព្រមាណ ប្រឆាំង​នឹង​ហ្គេមនៅលើ WhatApp មួយដែលមានឈ្មោះ Momo Game ដែលគេជឿថា មានប្រភព​មកពី​ប្រទេសជប៉ុន បន្ទាប់ពីក្មេងស្រីអាយុ ១២ ឆ្នាំបាន​ធ្វើអត្តឃាត​ក្រោយ​លេងហ្គេមនេះរួច។

ប្រភពព័ត៌មានមួយ បានប្រាប់អោយដឹងថា ប៉ូលីសទីក្រុង Buenos Aires កំពុងព្យាយាមស៊ើបអង្កេតថា តើហ្គេមម៉ូម៉ូនោះ គួរអោយភ័យ​ខ្លាច​យ៉ាងណា​ទៅ ទើបធ្វើ​អោយ​ក្មេងស្រីអាយុ ១២ ឆ្នាំ ម្នាក់សម្លាប់ខ្លួនបែបនេះ។ បើយោង​តាម ការចុះផ្សាយនៅលើគេហទំព័រព័ត៌មាន Buenos Aires Times បានអោយដឹងថា សពក្មេងស្រីអាយុ ១២ ឆ្នាំម្នាក់ បានប្រទះឃើញថា ចងករនៅលើដើមឈើ នៅមុខផ្ទះរបស់នាង ដែលមានទីតាំងនៅរដ្ឋ Ingeniero Maschwitz ប្រទេសអាហ្សង់ទីន ដែលមានអះអាងថា នាងបានធ្វើអត្តឃាតកាលថ្ងៃទី ២២ ខែកក្តដាកន្លងទៅនេះ។

ប្រភពព័ត៌មានដដែល ​បានអោយដឹងថា ក្មេងស្រីរងគ្រោះ បានថតជាវីដេអូ​​នៅក្នុងទូរស័ព្ទ ហើយនាង ថែមទាំង​បានជួបជជែក​ជាមួយនឹង ក្មេងវ័យជំទង់​អាយុប្រហែល​ជា ១៨ ឆ្នាំម្នាក់ (មិនដឹងស្រីរឺប្រុស ព្រោះជា​គណនីក្លែងក្លាយ) នៅលើ​បណ្តាញសង្គម​ផងដែរ មុនពេល​ដែលនាង​សម្លាប់ខ្លួន។ ខណៈពេលនេះ ​ក្មេងវ័យជំទង់រូបនោះ ក៏ត្រូវបានប៉ូលីស ធ្វើការស៊ើបអង្កេត​ផងដែរ។

ទោះបីជាយ៉ាងណាក៏ដោយ  គេនៅមិនទាន់ស្គាល់ពី ទីតាំងពិត របស់ក្មេងម្នាក់នោះនៅឡើយទេ។ យោងតាម​សំដីមន្ត្រី​ប៉ូលីសម្នាក់ បាននិយាយនៅក្នុង សេចក្តីថ្លែងការណ៍មួយថា «ទូរស័ព្ទរបស់នាង (ទូរស័ព្ទក្មេងស្រីរងគ្រោះ) កំពុងត្រូវបានគេ hack ដើម្បីរកមើលវីដេអូ និងការជជែកគ្នា​នៅលើ WhatApp ហើយពេលនេះ ជនវ័យជំទង់ម្នាក់ ដែលត្រូវបានគេ ចោទប្រកាន់ថា​មានជាប់​ពាក់ព័ន្ធ ចំពោះ​ការស្លាប់​របស់ក្មេងស្រីរងគ្រោះរូបនោះ ប៉ូលីសក៏បាន​ព្យាយាម​ស្វែងរកផងដែរ»។

មន្ត្រីប៉ូលីស​រូបនោះ​បន្ថែម​ទៀតថា «ពួកគេ​ជឿជាក់ថា គោលបំណង​របស់ ក្មេងវ័យជំទង់រូបនោះ ប្រហែលជា យកវីដេអូធ្វើអត្តឃាត របស់ក្មេងស្រីរងគ្រោះ ទៅបង្ហោះ​នៅលើបណ្តាញ​សង្គម ដើម្បីជា​ការប្រកួតប្រជែងថា គេអាចអន្ទោង អោយដៃគូរបស់ខ្លួន ទៅសម្លាប់ខ្លួនបាន»។ ហ្គេមនៅលើ WhatApp មួយនេះ បានក្លាយទៅជា ហ្គេមខ្មោច ហើយវាមានឈ្មោះថា Momo Game ដែលអ្នកលេងអ៊ីនធើណេត នៅតាមបណ្តាប្រទេស ជាច្រើនបានស្គាល់វា។

ក្នុងនោះផងដែរក៏ មានមនុស្សចំនួន បានព្យាយាម ទាក់ទងទៅនឹងគណនី Momo ដោយការខល ហើយពួកគេបាន​រាយការណ៍ថា ពួកគេ​បានទទួលរូបភាព និងសាររំខានជាច្រើន ដែលផ្ញើចូលទូរស័ព្ទរបស់ពួកគេ ដែលសារ និងរូបភាពទាំងនោះគឺគួរអោយខ្លាចខ្លាំងណាស់។

យោងតាម​គេហរទំព័រ Heavy បានប្រាប់​អោយដឹង​ថា Momo នឹងធ្វើការ គំរាមកំហែងមនុស្ស នៅលើ​គណនីផ្សេងទៀត ដែលវា​នឹងបង្ហាញខ្លួន​នៅពេលយប់ រឺដាក់បណ្តាសា អ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម។ វាក៏អាច​បង្ខិតបង្ខំ អ្នកប្រើអោយ ធ្វើរឿងដ៏គ្រោះថ្នាក់ ដូចជាបង្ខំអោយបាបខ្លួនឯង រឺសម្លាប់ខ្លួនជាដើម ហើយពួកគេ​នឹងគម្រាម ចែកចាយ​ព័ត៌មានឯកជន របស់ជនរងគ្រោះ​ជាសាធារណៈ ប្រសិនបើមនុស្សទាំងនោះ មិនព្រមធ្វើតាម នូវអ្វីដែលពួកគេប្រាប់។

រូបតំណាង​ដ៏គួរអោយ​ខ្លាចបំផុត ដែលប្រើ​នៅក្នុង​គណនី Momo ត្រូវបានបង្កើត​ឡើងដោយ ក្រុមហ៊ុន​ជប៉ុនដ៏​ល្បីឈ្មោះមួយ។ ទោះបីជា​យ៉ាងណា​ក៏ដោយ បើយោងតាម​របាយការណ៍របស់ Grapee បានប្រាប់អោយដឹងថា រូបសំណាក​ដ៏គួរអោយ ខ្លាចនេះផងដែរ ក៏ធ្លាប់ត្រូវ​បានគេដាក់បង្ហាញ នៅក្នុងពិធីពិព័រណ៍មួយ ដែលធ្វើឡើងដោយ Vanilla Gallery។

វាផ្អែកទៅលើ​រឿងព្រេង​ជប៉ុនមួយ ដែលពណ៌នាអំពី yokai ដែលត្រូវ​ បានគេស្គាល់ថា​ជា Ubume គឺជាព្រលឹងខ្មោចស្រី ដែលចេញ​លងបន្លាច​នៅកន្លែង ដែលនាងផ្តល់​កំណើត​អោយកូនរបស់នាង ហើយស្លាប់នៅទីនោះ។

រូបសំណាកដ៏គួរ​អោយខ្លាចនេះ បាន​បង្ហាញខ្លួន​នៅលើប្រព័ន្ធអ៊ីនធើណេត ដំបូងឡើយ​កាលពីថ្ងៃទី ២៥ ខែសីហា ឆ្នាំ ២០១៦ ដោយអ្នកលេង IG ម្នាក់ដែលមានឈ្មោះថា @nanaakooo ។ ក្រោយមកទៀត ក៏មានអ្នកលេង IG ម្នាក់ទៀត​ក៏បាន​បង្ហោះរូបសំណាក​ដូចគ្នានេះ នៅលើគណនី​របស់ខ្លួនដែរ។

ទោះបីជាយ៉ាងណាក៏ដោយ ប៉ូលីសម៉ិចស៊ីកូ និង ប៉ូលីសអេស្បាញ បានធ្វើការព្រមានថា ហ្គេមម៉ូម៉ូនេះ គ្មានអ្វីក្រៅពី ការប្រើល្បិចបោកបញ្ឆោត ដើម្បីលួច​យកព័ត៌មានផ្ទាល់ខ្លួន ហើយនឹងការគំរាមហែកកេរ្តិ៍តែប៉ុណ្ណោះ៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial