ដាស់តឿនដល់អ្នក ដែលស្រលាញ់សត្វទាំងឡាយ កុំអោយសត្វចិញ្ចឹមរបស់អ្នកលិឍដៃ រឺជើង ប្រយ័ត្នជួបរឿងអកុសល ដូចជាបុរសម្នាក់នេះ ដែលត្រូវកាត់ដៃ និង ជើងទាំងសងខាងចោល ក្រោយឆ្លងរោគតាមរយៈទឹកមាត់ឆ្កែ

មាន​ហេតុការណ៍ដ៏​គួរអោយ​ភ្ញាក់ផ្អើលមួយ បានកើតឡើង​នៅឯរដ្ឋ Wisconsin សហរដ្ឋអាមេរិក ខណៈពេល ដែលមាន​សេចក្តីរាយការណ៍​ថា មានបុរសម្នាក់ ត្រូវបានគ្រូពេទ្យ​កាត់ដៃ និងជើងចោល ដើម្បីសង្គ្រោះជីវិតរបស់គាត់ បន្ទាប់​ពី​គាត់​ឆ្លងមេរោគ​ម្យ៉ាង ក្រោយពេលដែល​សត្វ​ចិញ្ចឹម​របស់គាត់លិឍ។

យោងតាម​ការចុះផ្សាយ​នៅលើ គេហទំព័រ USA Today បានអោយដឹង បុរស​រងគ្រោះ​រូបនោះមានឈ្មោះថា Greg Manteufel មានអាយុ ៤៨ ឆ្នាំ។ បើយោង​តាមការ​រៀបរាប់​របស់ប្រពន្ធគាត់​អោយដឹងថា វាមាន​រោគសញ្ញា​ដំបូងដូចជា ជំងឺផ្តាសាយ រួមទាំងគ្រុនក្តៅ ហើយក្អួតថែមទៀតផង។ លុះព្រឹកថ្ងៃ​បន្ទាប់ ប្រពន្ធរបស់គាត់ ក៏ប្រញាប់​បញ្ជូនគាត់ ទៅកាន់មន្ទីរពេទ្យ បន្ទាប់ពីប្រទះឃើញគាត់ មានអាការៈមមើរមមាយ ហើយកំដៅ​របស់គាត់ក៏ឡើងខ្ពស់។

ពេលដែល​ទៅដល់​មន្ទីរពេទ្យ ប្រពន្ធរបស់គាត់​ស្រាប់តែ ប្រទះឃើញ​គាត់មាន​ស្នាមជាំ​ពេញខ្លួន។ រយៈពេល ១ សប្តាហ៍​ ដែលគាត់ សម្រាក​ព្យាបាល​នៅ​ក្នុងមន្ទីរពេទ្យលោក Greg ក៏ត្រូវបាត់បង់ដៃ និងជើងរបស់គាត់ ដោយសារតែមេរោគ បានរីករាលដាល។  បើយោង​តាមរបាយការណ៍គ្រូពេទ្យ​បានអោយ​ដឹងថា លោក Gerg ទទួលរងនូវ​ការឆ្លង​មេរោគ នៅក្នុងឈាម​ដ៏កម្រម្យ៉ាង ដែលឆ្លង​ចូលទៅ​ក្នុងចរន្តឈាម​របស់គាត់ តាមរយៈទឹកមាត់របស់ឆ្កែ។

វាបណ្តាលអោយ​មានការ​រីករាល​ដាល​ទៅក្នុង​ឈាមធ្ងន់ធ្ងរ ដែលជា​ធម្មតា​គេហៅថា​ជាការពុល​ឈាម​ដោយ​បាក់តេរី។ ការបង្ករោគនេះ បណ្តាល​អោយមាន​ចំណុចឈាមដុំៗ ដែលមើលទៅដូចជា​ស្នាមជាំ​ពេញទាំងរាងកាយ។ បាក់តេរីនោះ ត្រូវបានគេ​ស្គាល់​ឈ្មោះថា Capnocytophaga canimorsus ដែលត្រូវ​បានគេ​រកឃើញ ជាទូទៅ​នៅក្នុងទឹកមាត់សត្វឆ្កែ និងឆ្មា។

បាក់តេរីនេះ អាចបំពុលឈាម ហើយអាច​បណ្តាលអោយ​ស្លាប់បាន​ទៀតផង។ គ្រូពេទ្យបានព្យាយាម​ជួយសង្គ្រោះ​លោក Gerg ដោយការ​ចាក់ថ្នាំ​អង់ទីប៊ីយោទិច ប៉ុន្តែ​កំណកឈាម​ធ្ងន់ធ្ងរ បានរារាំង​លំហូរឈាម​នៅក្នុងខ្លួន​របស់គាត់ ធ្វើអោយជាលិកា និងសាច់ដុំងាប់។ ដើម្បីសង្គ្រោះជីវិតរបស់គាត់ គ្រូពេទ្យគ្មានជម្រើសទេ មានតែកាត់ជើង របស់គាត់ត្រឹមជង្គង់ចុះ ហើយនឹងដៃរបស់គាត់​ចោលតែប៉ុណ្ណោះ។

ប្រពន្ធ​របស់គាត់​រន្ធត់ចិត្ត​ជាខ្លាំង​ចំពោះរឿងនេះ គាត់ថែមទាំង​និយាយទៀតថា គាត់មិនដឹងថា​ឆ្កែមួយណា ដែលមាន​ផ្ទុកបាក់តេរីទេ ព្រោះប្តីរបស់គាត់​នៅជិតឆ្កែ ៨ ក្បាលឯណោះ រួមទាំងឆ្កែចិញ្ចឹមមួយក្បាល ដែលជាទី​ស្រលាញ់របស់ពួកគាត់​ផងដែរ មុនពេល​ដែលគាត់​ធ្លាក់ខ្លួនឈឺ។ប្រពន្ធរបស់គាត់​បាននិយាយ​ថា «គាត់ស្រលាញ់ឆ្កែណាស់។

គាត់ប៉ះពាល់​គ្រប់ឆ្កែទាំងអស់ គាត់មិនខ្វល់ពីអ្វីនោះទេ»។ លោក Greg សម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ រយៈពេល ១ ខែ ហើយគាត់បានធ្វើការវះកាត់យក ជាលិកា និងសាច់ដុំដែលងាប់ចេញពីរាងកាយរបស់គាត់។ ហើយគាត់នឹង​ត្រូវវះកាត់​ច្រើនដងទៀត ដើម្បីយក​ជាលិកាដែលនៅសេសសល់​ចេញពី​រាងកាយរបស់គាត់។

ប្រពន្ធរបស់គាត់​បាននិយាយ​ថា ពេលនេះ​លោក Greg បានដឹងខ្លួន​ហើយៗ​គាត់មាន​ស្មារតីល្អ គាត់ថែមទាំង​រឹងមាំ​ហួសការស្មាន។ គាត់ទទួលយក​នូវការបាត់បង់​នេះ ហើយថែមទាំងទទួល​យកការពិតថា ជីវិតរបស់គាត់​លែងដូចមុនហើយ គាត់ត្រូវ​នៅលើរទេះរុញ​អស់មួយជីវិត ចាប់ពីពេលនេះតទៅ។ ប្តីរបស់គាត់ ថែមទាំងបាន ប្រាប់គ្រូពេទ្យទៀតថា «លោកគ្រូពេទ្យ​ចង់ធ្វើអ្វីក៏ធ្វើទៅ អោយតែ​អាចជួយ​សង្គ្រោះ​ជីវិត​របស់ខ្ញុំបាន»។

អ្នកស្រី Dawn បានប្រាប់​អោយដឹងទៀតថា គាត់ប្រហែលជា​ត្រូវវះកាត់កែ​កុនច្រមុះ​ផងដែរ ព្រោះតែ​កង្វះឈាម​បានបណ្តាល​អោយ វាប្រែទៅជាខ្មៅ។

នេះគឺជា​ហេតុការណ៍​ដ៏រន្ធត់មួយ ហើយក៏ជា​ការដាស់តឿន ដល់អ្នកដែល​ស្រលាញ់សត្វទាំងឡាយ អោយមានការប្រុងប្រយ័ត្ន កុំអោយឆ្កែ រឺឆ្មា លិឍដាច់ខាត៕

 

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial