វិចិត្រករពិការ អស់រយៈពេល ៣២ ឆ្នាំម្នាក់ ផ្តល់កំលាំងទឹកចិត្ត ដល់មនុស្ស​ដែលកំពុង ស្ថិតនៅក្នុងភាពអស់សង្ឃឹមនៅក្នុងជីវិត អោយប្រឹងរស់ឡើងវិញ

វិចិត្រករ​ជនជាតិចិន​ម្នាក់ ដែលមាន​ឈ្មោះថា Zhang Junli មានវ័យ ៤០ ឆ្នាំ មកពី​ទីក្រុង Taiyuan ខេត្ត Shanxi ប្រទេសចិន បានក្លាយ​ជា​កំលាំងចលករ​​ជំរុញ​លើកទឹកចិត្ត ដល់មនុស្សរាប់លាននាក់ ដែលកំពុង​អស់​សង្ឃឹម​នៅក្នុង​ជីវិតរបស់ពួកគេ។

អ្នកស្រីប្រើផ្ទាំងគំនូរដ៏រស់រើករបស់អ្នកស្រី ធ្វើជាកំលាំងលើកទឹកចិត្តដល់ មនុស្សដែលកំពុងស្ថិតនៅក្នុង​ស្ថិតភាពលំបាក រឺកំពុងអស់សង្ឃឹម​នៅក្នុងជីវិត។ យោងតាមការសម្ភាសន៍ ជាមួយអ្នកយកព័ត៌មាន​​​ប្រទេសចិន អ្នកស្រី Zhang  បានប្រាប់អោយដឹងថា អ្នកស្រី​បានកើត​ជំងឺរលាកសន្លាក់រុំារ៉ៃ រយៈពេលយូរអង្វែង ដែលធ្វើ​អោយ​ប្រព័ន្ធភាពសុំា វាយប្រហារ​ទៅលើ​គ្រប់សន្លាក់ទាំងអស់នៃរាងកាយ ជំនួសអោយ​ការវាយប្រហារ​សារធាតុអាក្រក់ៗ​​ដូចជាវីរុស រឺបាក់តេរីផ្សេងៗ។

យោងតាម​ការ​ចុះផ្សាយ​នៅលើ​គេហរទំព័រ Shine បានអោយ​ដឹងថា អ្នកស្រី Zhang បានកើតជំងឺ​នេះតាំងពី​អាយុ ៦ ឆ្នាំម្ល៉េះ។ អ្នកស្រី ចាប់ផ្តើម​ធ្លាក់ខ្លួន​ពិការទាំង​ស្រុង នៅពេល​ដែល​អ្នកស្រីមានអាយុ ៨ ឆ្នាំ ដែល​កាលណោះ ៩០% នៃមុខងារ​សន្លាក់​នៃរាងកាយ​របស់គាត់ ត្រូវបានបាត់បង់ ហើយគាត់​ក៏ធ្លាក់ខ្លួន​គេង​នៅលើ​គ្រែ​ចាប់តាំង​ពីពេល​នោះតែម្តង។ នៅអាយុ ១០ ឆ្នាំ គាត់ ក៏​ចាប់ផ្តើម​រៀបផែន​ការ​សម្រាប់​អនាគតរបស់គាត់។

ពេលដែល នៅវ័យ​ក្មេងអ្នកស្រី Zhang ក៏បាន​ចាប់ផ្តើម​គូរគំនូរលេងៗ ដើម្បីកំសាន្ត​អារម្មណ៍តែប៉ុណ្ណោះ។ រហូត​មកដល់​ឆ្នាំ ២០១៥ អ្នកស្រី​ក៏ចាប់ផ្តើម អភិវឌ្ឍ​ជំនាញ​របស់អ្នកស្រី​បន្ថែមទៀត ដោយមាន​ការណែនាំពី​គ្រូបង្រៀន​គំនូរអាជីព ហើយ​ចាប់តាំងពី​ពេលនោះមក អ្នកស្រី​ក៏គូរគំនូរបានជាង ៣០០ ផ្ទាំង ហើយគាត់​បានលក់​វាអស់​ពាក់កណ្តាល​រួចទៅហើយ នៅលើគណនី WeChat របស់គាត់ ដែល​មានឈ្មោះ​ថា Lily’s Easel។

អ្នកស្រី Zhang បាននិយាយ​ប្រាប់ Daily Mail ថា «គំនូរ​បាន​ផ្លាស់ប្តូរខ្ញុំ។ ពេលដែល​ខ្ញុំចាប់ផ្តើមកាន់ជក់​ជា​លើកដំបូង ស្រាប់តែ​ខ្ញុំប្រទះ​ឃើញថា ខ្ញុំដូចជា​រស់ឡើងវិញ។ ខ្ញុំមាន​អារម្មណ៍ថា ខ្ញុំរស់នៅ​ដើម្បីគូរគំនូរ»។

គាត់បន្ថែមទៀតថា «ពិភពលោកនេះ គឺស្រស់ស្អាត​ខ្លាំងណាស់។ ថ្វីត្បិតតែខ្ញុំ មានសុខភាពខ្សោយ​ក៏ដោយ ប៉ុន្តែខ្ញុំ​មិនចង់បោះបង់​ឳកាស​ដើម្បី​រស់នៅទេ»។

«ខ្ញុំទើប​តែលក់​រូបគំនូរ​ចុងក្រោយ​របស់ខ្ញុំ កាលពីព្រឹកមិញនេះ។ ខ្ញុំមិនចង់ជឿទេ។ ខ្ញុំពិតជារំភើបចិត្ត​ខ្លាំងណាស់ ដោយ​មនុស្សគ្រប់គ្នា​បានគាំទ្រខ្ញុំ។ វាពិត​ជាមាន​អារម្មណ៍​ដូចជា​សុបិន្តអ៊ីចឹង»។

ខណៈ​ពេលដែល​គាត់មិនអាច ធ្វើចលនា​រាងកាយបាន ប៉ុន្តែអ្នកស្រី Zhang នៅតែព្យាយាមស្វែងរកវិធី ក្នុងការ​គ្រប់គ្រង​ការកាន់ជក់ ដោយសៀតជក់ នៅចន្លោះរវាង ម្រាមដៃ​ដែលមិន​អាចកម្រើកបាន​របស់គាត់ ដើម្បីគូរគំនូរ​ដែលជា ចំណង់ចំណូលចិត្ត​របស់គាត់។ អ្នកស្រី​បញ្ជាក់​ប្រាប់ថា «ខ្ញុំអាចកម្រើកត្រគាក ស្មា និងក​របស់ខ្ញុំ​បានតិចតួច។ ក្រៅពីនេះ ខ្ញុំមិនអាច​ធ្វើ​ចលនា​បានទាំងអស់»។

កាពិតទៅ ការគូររូបនេះ មិនងាយស្រួលនោះទេ សម្រាប់អ្នកស្រី Zhang ។ កដៃ​របស់អ្នកស្រី គឺមិនអាច​កម្រើកបាន​ទាំងស្រុងតែម្តង ហើយគាត់​ត្រូវរក​វិធីក្នុងការកាន់ជក់ ដោយប្រើមេដៃ និង ម្រាមដៃចង្អុល។

អ្នកជិតខាង​របស់អ្នកស្រី ក៏បាននាំគ្នា​មកសួរ​សុខទុក្ខ​អ្នកស្រី ហើយពួកគេ​បាន​សួរ​ទៅកាន់​ម្តាយអ្នកស្រីថា «តើមាន​អ្វីកើត​ឡើង​ចំពោះ​កូនអ្នកស្រី?» ម្តាយអ្នកស្រី​យំសោកជានិច្ច នៅពេលដែលលឺសំនូរនេះ។

អ្នកស្រីមាន​ចិត្តអាណិតអាសូរ​ម្តាយ​របស់អ្នកស្រី​ជាខ្លាំង នៅពេល​ដែលឃើញ​ម្តាយយំបែបនេះ គាត់ថែម​ទាំង​លួងលោម​ម្តាយគាត់ថា «ខ្ញុំគ្រាន់តែពិការ តែមិនបានស្លាប់ឯណា»។

ថ្វីត្បិតតែ​ជីវិត​របស់អ្នកស្រី Zhang ជួប​ការលំបាក​យ៉ាងណា​ក៏ដោយ ប៉ុន្តែអ្នកស្រី​នៅតែមានទស្សនៈ​វិជ្ជមាន​ចំពោះជីវិត។ គំនូររបស់​អ្នកស្រី​មួយផ្ទាំង ត្រូវចំណាយ​រយៈពេលពី ១ សប្តាហ៍ ទៅ ១០ ថ្ងៃទើប​គូររួច។

ក្រៅពី​ការគូរគំនូរ អ្នកស្រីក៏បាន​និពន្ធសៀវភៅចំនួន ៤ ក្បាល ដែល ៣ ជា​សៀវភៅ​និពន្ធបែបប្រឌិត ហើយ ១ក្បាលទៀត ជាជីវប្រវត្តិ របស់អ្នកស្រីផ្ទាល់តែម្តង។

អ្នកស្រី​បន្ថែម​ជាចុងក្រោយ​ថា «ខ្ញុំគ្រាន់តែ ចង់​លើក​ទឹកចិត្ត​​ដល់អ្នក ​ដែល​កំពុង​​ស្ថិត​នៅក្នុង​ស្ថានភាព​ដូចខ្ញុំ មិនត្រូវ​​បោះបង់​​ខ្លួនឯង​​ចោល ជា​ដាច់ខាត។ ជំនួស​​អោយ​ការ​​យំយែក និងព្រួយបារម្ភ​រាល់ថ្ងៃនោះ អ្នកត្រូវតែ​​ស្វែងរក ​អំពី​ចំណង់ចំណូល​​ចិត្ត​ខ្លួនឯង ហើយនឹង​រកអត្ថន័យ​​នៃជីវិតអោយឃើញ»។

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial