ពិតជាចង្រៃមែន៖ តាមស្រលាញ់នាងមិនបាន ជះទឹកអាស៊ីតអោយខូចមុខតែម្តង

នារីវ័យ ២០ ឆ្នាំម្នាក់​ដែលមាន​ឈ្មោះថា Anshu Rajput ជា​ជនរងគ្រោះ​ដោយសារ​ទឹកអាស៊ីតម្នាក់ បានរៀបរាប់ជីវិតដ៏ជូរចត់របស់នាង មុនពេលដែលរកពន្លឺថ្ងៃថ្មីឃើញ។ ក្រោយហេតុការណ៍ដ៏អាក្រក់នេះ នាងបានរស់នៅជាមួយនឹង ផ្ទៃមុខដ៏អាក្រក់បំផុត ហើយភ្នែករបស់នាងថែមទាំងពិការថែមទៀតផង។ Anshu Rajput រង​ការវាយប្រហារ​ដោយ​ទឹកអាស៊ីត តាំងពី​នាងមាន​អាយុ ១៥ ឆ្នាំម្ល៉េះ ក្រោយពេល​ដែលនាង ប្រកែក​មិន​ព្រមរៀបការ​ជាមួយនឹង​ បុរស​ចំណាស់​វ័យ ៥០ ឆ្នាំម្នាក់។

យោងតាម​​​សំដី​​​បុគ្គលិក​​ធ្វើការ​​នៅក្នុង​​ហាង​កាហ្វេ​ម្នាក់បាន​អះអាងថា Anshu Rajput ត្រូវបាន​បុរសចំណាស់វ័យ ៥០ ប្លាយឆ្នាំ តាមជាប់ជានិច្ច ហើយ​បុរសនោះ​បាន​សុំនាង​រៀបការ​ជាមួយគាត់​ ។ ថ្វីត្បិតតែកាលនោះ នាងបានប្រាប់រឿងនេះ ដល់ឪពុកម្តាយ​របស់នាង​ និងប៉ូលីស​ហើយក៏ដោយ ប៉ុន្តែបុរសនោះ​​នៅតែ​តាម​គំរាមកំហែង​នាងទៀត បន្ទាប់ពី​នាង​បដិសេធ​មិនព្រម​រៀបការ​ជាមួយ​នឹងគាត់។

Anshu ចាប់ផ្តើមដឹងខ្លួន ថាមាន​គេតាមនាង នៅក្នុងអំឡុង​ពេល​ដែលនាង ធ្វើដំណើរ​ទៅសាលារៀន។ នាងនិយាយថា «គាត់បាន​ឈរស្ទាក់​កណ្តាលផ្លូវ​តែម្តង ហើយថ្ងៃមួយ​គាត់បាន​សុំខ្ញុំរៀបការ។ គាត់មាន​អាយុប្រហែល​ជា ៥០ ឆ្នាំ។ ខ្ញុំប្រាប់គាត់ថា គាត់បាត់បង់សតិហើយ ខ្ញុំនឹងប្រាប់រឿងនេះ​ដល់ឪពុកម្តាយខ្ញុំ ថាគាត់កំពុង​រំខានខ្ញុំ។

ប៉ុន្តែគាត់មិនព្រមស្តាប់ខ្ញុំទេ ដូច្នេះខ្ញុំក៏ប្តូរសាលា ដោយសារតែខ្ញុំខ្លាច។ ទោះបីជា​ឪពុកម្តាយរបស់ខ្ញុំ បានជួបជាមួយគាត់ផ្ទាល់ ហើយប៉ូលីស​បានព្រមានថា នឹងឃាត់ខ្លួន​គាត់ក៏ដោយ ក៏គាត់នៅតែមានះទៀត។ យប់មួយគាត់ បានលួចផ្លោះ​ចូលក្នុងផ្ទះ​របស់ខ្ញុំ។ ខ្ញុំគេង​ជាមួយ​ឪពុកម្តាយ និងបងប្រុសរបស់ខ្ញុំ ពេល​ដែលគាត់​យកទឹក​អាស៊ីតជះលើ​មុខរបស់ខ្ញុំ។

ភ្លាមៗខ្ញុំភ្ញាក់ដឹងខ្លួន ហើយស្រែកយ៉ាងខ្លាំង ដោយសារតែ​ខ្ញុំមានអារម្មណ៍ថា ដូចមានអ្វីកំពុងឆេះមុខរបស់ខ្ញុំខ្លាំងណាស់ ប៉ុន្តែខ្ញុំមិនដឹងទេ​ថាវាជា​ទឹកអាស៊ីត។ បងប្រុសរបស់ខ្ញុំ បានព្យាយាមចាប់គាត់ ប៉ុន្តែគាត់តដៃ ហើយក៏រត់គេចខ្លួនបាត់»។

ពេលដំបូងឡើយ នាងពិបាក​នឹង​ទទួលយក ហើយនាង​ក៏មិន​ហ៊ាន​ឆ្លុះកញ្ចក់ផងដែរ មិនតែប៉ុណ្ណោះ កញ្ចក់នៅក្នុងផ្ទះ​របស់នាង​ទាំងអស់ ក៏ត្រូវបាន​យកទៅចោលទាំងអស់។

Anshu ដែល​ជាអ្នក​រស់នៅ​ខេត្ត Bijnor ប្រទេសឥណ្ឌា បាននិយាយ​រៀបរាប់ថា «រយៈពេល ១២ ថ្ងៃ ដែលខ្ញុំគេងយំ​នៅលើ​គ្រែពេទ្យ​ទាំងឈឺផ្សារ។ ខ្ញុំមើលអ្វីមិនឃើញ ដោយសារតែ​ទឹកអាស៊ីតបានស៊ីភ្នែក​របស់ខ្ញុំ ហើយខ្ញុំមិនអាច​និយាយបាន ព្រោះវាក៏បាន​ចូលទៅក្នុង​មាត់របស់​ខ្ញុំផងដែរ។

ខ្ញុំគ្រាន់តែ​អាចស្តាប់​លឺនូវ​សំលេង​យំរបស់​ឪពុកម្តាយ​ខ្ញុំ ហើយនឹង​ការអង្វរករ​សុំអោយ​វេជ្ជបណ្ឌិត​ជួយតែ​ប៉ុណ្ណោះ។ បន្ទាប់ពីចេញពី​មន្ទីរពេទ្យ ឪពុកម្តាយរបស់ខ្ញុំ បាននាំខ្ញុំមកដល់ផ្ទះ ប៉ុន្តែរយៈពេល ៧ ខែ ដែលខ្ញុំមើល​អ្វីមិន​ឃើញ រឺនិយាយមិនបាន។ ខ្ញុំបាន​លឺថា បុរសចំណាស់​ដែលជះទឹកអាស៊ីតលើខ្ញុំ ក៏ត្រូវគេចាប់ខ្លួន​បានភ្លាមៗ ក្រោយកើតហេតុ ដែលដំណឹងនេះ ធ្វើ​អោយខ្ញុំមានអារម្មណ៍​ធូរស្រាលបន្តិច។

នៅពេល​ដែលខ្ញុំមកផ្ទះ ឪពុកម្តាយរបស់ខ្ញុំបាន យកកញ្ចក់​ទាំងអស់ចេញ​ពីក្នុងផ្ទះទៅបោះចោល។ អ្វីដែល​ឈឺចាប់បំផុត​នោះគឺ ខ្ញុំមិនបាន​ដឹងទេ​ថា ការពិតទៅ​មុខរបស់​ខ្ញុំត្រូវបានខូច​ទាំងស្រុង​តែម្តង។

ប៉ុន្តែ​នៅថ្ងៃមួយ ខ្ញុំបាន​យកកែវ​ដែល​ធ្វើអំពី​ដែក​ មកចាក់ទឹកផឹក ពេលនោះហើយ​ដែលខ្ញុំ បានឃើញមុខ​របស់ខ្ញុំ។ មុខខ្ញុំពិតជា​អាក្រក់​មើល​ខ្លាំងណាស់ ពិតជា​គួរអោយរន្ធត់ណាស់។ កែវក៏បាន​ធ្លាក់ពីដៃខ្ញុំ ហើយខ្ញុំក៏​ចាប់ផ្តើម​ស្រែកយ៉ាងរន្ធត់។

វាជាពេលវេលា​ដ៏គួរ​អោយ​ខ្លាច​បំផុត នៅក្នុងជីវិត​របស់ខ្ញុំ។ ក្តីសុបិន្ត​របស់ខ្ញុំ​ទាំងប៉ុន្មាន ក៏ត្រូវបានរលាយបាត់អស់ ហើយទំនុកចិត្ត​របស់ខ្ញុំ ដែលធ្លាប់មាន ក៏លែងមានទៀតដែរ។ ខ្ញុំមិនចង់ជឿទេថា មុខរបស់ខ្ញុំ​ខូច​ទាំងស្រុង​បែបនេះទេ។

មុខរបស់ខ្ញុំ​គ្មានអ្វី​ទាំងអស់ សូម្បីតែ​ភ្នែក ច្រមុះ និងមាត់ ក៏ត្រូវ​រលួយ​ទាំងអស់ ហើយស្បែករបស់ខ្ញុំ​ក៏ខូចដែរ។ ផ្ទៃមុខ​ទាំងស្រុង​របស់ខ្ញុំ មានតែ​ស្នាម​ដ៏អាក្រក់​បំផុត។ ខ្ញុំស្រាប់​តែមាន​ជំងឺបាក់ទឹកចិត្ត ដោយមិន​ដឹងថា ត្រូវធ្វើអ្វី​បន្តទៅទៀត។ ខ្ញុំអង្គុយ​យំរាប់ម៉ោង​រាល់ថ្ងៃ។ ឪពុកម្តាយ​របស់ខ្ញុំ ពិបាក​ចិត្តណាស់ ពេលដែល​ឃើញខ្ញុំ ស្ថិតនៅក្នុង​សភាពបែបនេះ ប៉ុន្តែគាត់​តែងតែ​លើកទឹកចិត្តខ្ញុំ។ ខ្ញុំធ្លាប់​ប្រាប់គាត់ថា ខ្ញុំចង់ស្លាប់ ប៉ុន្តែគាត់​បាន​ធ្វើ​អោយ​ខ្ញុំ​ យល់​ពីសារៈ​សំខាន់​នៃការរស់នៅ ហើយ​ពួកគាត់​ប្រាប់ខ្ញុំថា ពួកគាត់​ស្រលាញ់​ខ្ញុំខ្លាំង​ណាស់។​

ក្រោយ​ហេតុការណ៍​ដ៏អាក្រក់នេះ​បាន​កើត​ឡើង​លើរូបនាងខ្ញុំ សាលារៀន​ដែលខ្ញុំធ្លាប់រៀន ក៏បាន​បញ្ឈប់ខ្ញុំ​មិនអោយ​​រៀន​បន្តទៀតដែរ ដោយពួកគេ​​ប្រាប់ថា មុខដ៏​អាក្រក់របស់ខ្ញុំ​អាចធ្វើ​អោយសិស្ស​ដទៃទៀត មានការភ័យខ្លាច ហើយខ្ញុំក៏លែង​បានទៅរៀន។ នៅក្នុងភូមិ​ដែល​ខ្ញុំរស់នៅ ក៏គ្មាន​នរណា​ម្នាក់​ហ៊ាន​សំលឹង​មើល​មុខខ្ញុំដែរ។ ពួកគេ​មិននិយាយ​រកខ្ញុំ ហើយ​ក៏មិន​អោយកូនៗរបស់ពួកគេ​និយាយ​ជាមួយខ្ញុំដែរ។ ឆ្នាំនោះ​គឺជា​ឆ្នាំ ដែល​លំបាក​បំផុត​នៅក្នុងជីវិតខ្ញុំ។ ប៉ុន្តែថ្ងៃមួយ ឪពុកម្តាយរបស់ខ្ញុំ ក៏បានជួបនឹងអង្គការ Stop Acid Attack ដែលជាអង្គការជួយសង្គ្រោះ​ជនរងគ្រោះ​ដែលវាយ​ប្រហារ​ដោយ​ទឹកអាស៊ីត។

នៅពេលដែល​ខ្ញុំទៅលេង​នៅក្នុងអង្គការ​នោះជា​លើកដំបូង នៅក្នុងឆ្នាំ ២០១៥ ខ្ញុំមាន​ការភ្ញាក់ផ្អើល​ជាខ្លាំង ពេលដែលឃើញស្ត្រីជាច្រើន ដែលដូចខ្ញុំ ប៉ុន្តែការពិត​ទៅ​ពួកគេ​មិនដូចខ្ញុំ​ទេ ដោយសារ​តែពួកគេ​មាន​ទំនុកចិត្ត ហើយ​រីករាយ​នៅក្នុង​ជីវិត​របស់ពួកគេ។

ថ្វីត្បិតតែ មានភាពតានតឹង​ក៏ដោយ ប៉ុន្តែឪពុកម្តាយ​របស់ខ្ញុំ ក៏បាន​អោយខ្ញុំ​ចូលទៅ​ជិត Stop Acid Attacks ហើយខ្ញុំក៏បានដឹងថា មានស្ត្រីវ័យក្មេងជាច្រើន ដែល​រងការ​វាយប្រហារ​ដោយទឹកអាស៊ីតនេះ។ ពេលនេះ​ខ្ញុំចាប់ផ្តើម​មាន​ទំនុកចិត្ត​ឡើងវិញ​ហើយ ខ្ញុំកំពុង​រស់នៅជាមួយនឹងជីវិតដ៏ពេញលេញមួយ»។

រយៈពេលជាង ៤ ឆ្នាំ​កន្លងផុតទៅ ពេលនេះ​នាងអាច​រស់នៅ​ជាមួយនឹង​ជីវិត​ដ៏រឹងមាំ ហើយនាងថែម​ទាំងបាន​ជួយ​ជនរងគ្រោះ​ដទៃទៀត ដែល​រងការ​វាយប្រហារ​ដោយ​ទឹកអាស៊ីត ដោយការផ្តល់ជា​កំលាំងចិត្ត​ដល់ពួកគេ។

នាងថែមទាំង​មាន​ចិត្ត​សប្បាយ​រីករាយ​ខ្លាំងណាស់ ក្រោយពី​បានចូលរួម​ជាមួយនឹង អង្គការ Stop Acid Attacks ហើយរួមជាមួយ យុទ្ធនាការ​បញ្ចប់អំពើ​ហឹង្សា​លើ​ស្ត្រីភេទ​​នៅប្រទេសឥណ្ឌា។

ក្រោយពី​បានចូលរួមជាមួយនឹងអង្គការនោះ ពេលនេះនាង​មានជីវិត​ស្រស់ថ្លា​ជាងមុន ហើយនាងថែមទាំង​សង្ឃឹមថា​នឹងអាច​ជួបបុរសល្អម្នាក់ ដែលសក្តិសម​សម្រាប់ជីវិត​នាងទៀតផង៕

 

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial