ស្ត្រីម្នាក់​ធ្លាក់​ឈាមរហូតដល់ស្លាប់ បន្ទាប់ពីជ្រើសរើស​វិធី​បង្កើត​កូន នៅផ្ទះដោយខ្លួនឯង ដែលបង្រៀនតាម Youtube

ស្ត្រីវ័យក្មេងម្នាក់ បានស្លាប់​នៅក្នុង​អំឡុង​ពេល​សម្រាលកូន បន្ទាប់ពី​ប្រើវិធី​បង្កើតកូន នៅផ្ទះដោយខ្លួនឯង ដែល​បង្រៀន​នៅតាម Youtube។ យោងតាម​​ការចុះផ្សាយ នៅលើ​គេហរ​ទំព័រព៌ត័មាន​ របស់​ប្រទេសឥណ្ឌាមួយ បានអោយ​ដឹងថា ស្ត្រីរងគ្រោះ ​ដែលស្លាប់​​នៅក្នុង​អំឡុងពេល សម្រាលកូននោះ មានឈ្មោះថា Krithiga វ័យ ២៦ ឆ្នាំ រស់នៅក្នុងភូមិ Rathnagiriswarar ភាគខាងត្បូង​ប្រទេសឥណ្ឌា។

មុនពេល​កើតហេតុ​ស្ត្រីរងគ្រោះ បានឈឺពោះឆ្លង ប៉ុន្តែនាង ហើយនឹង​ស្វាមីរបស់នាង បានសម្រេចចិត្តថា នឹងផ្តល់​កំណើត​កូន​នៅផ្ទះដោយខ្លួនឯង ដោយគ្រាន់តែ​មើល​វីដេអូ​ស្តីពី​ការបង្រៀន​បង្កើតកូនតាម Youtube។ ប្រភព​ព័ត៌មាន​​ដដែល​​បានអោយដឹងថា ទារក​របស់នាង​ជាទារក​​ដែលមាន​​សុខភាពល្អ ដែល​មានទំងន់ 3.2 គីឡូ។

យោងតាម​សំដីប៉ូលីស បានអោយដឹងថា ស្ត្រីរងគ្រោះ​ស្លាប់​ដោយសារតែ ផលវិបាកដែល​​ពួកគេ​មិនមាន​​ឧបករណ៍គ្រប់គ្រាន់ ហើយពួកគេ​គ្រាន់តែ​​ ធ្វើ​តាម​វីដេអូ​បង្រៀន​​តែប៉ុណ្ណោះ។ ប្តីនារីរងគ្រោះ ដែលមាន​វត្តមាន​នៅក្នុង​អំឡុង​ពេល​សម្រាលកូន ក៏មិនធ្លាប់​មាន​បទ​ពិសោធន៍​ខាងផ្នែកវេជ្ជសាស្ត្រដែរ ដោយគាត់គ្រាន់តែជា កម្មករធ្វើការ​នៅក្នុង​រោងចក្រ​សំលៀក​បំពាក់​តែប៉ុណ្ណោះ។

ក្រោយកើតហេតុ បុរសជា​ស្វាមី ហើយរួមជាមួយនឹង មិត្តភក្តិម្នាក់ផ្សេងទៀត ក៏ត្រូវបាន​ប៉ូលីស​​ធ្វើ​ការស៊ើបអង្កេត នៅលើ​ករណី​នៃ​ការ​ស្លាប់របស់​ ស្ត្រីរងគ្រោះផងដែរ។ ប៉ូលីស​បាន​និយាយ​ថា វីដេអូ​ដែល​ពួកគេ​បាន​មើល​នោះ មានចំណងជើងថា «តើធ្វើ​ដូចម្តេច​ដើម្បី ជួយស្ត្រី​មាន​ផ្ទៃពោះ» ប៉ុន្តែវាមិន​បាន​បង្ហាញ​អំពី វិធីធ្វើ​យ៉ាងណា នៅពេល​​ដែល​សុក​ចេញ​មកក្រៅ នៅក្នុង​អំឡុង​ពេល​សម្រាល​នោះទេ។ នេះហើយ​ជា​បញ្ហា ធ្វើអោយ​ស្ត្រីរងគ្រោះ​ធ្លាក់ឈាម​រហូតដល់ស្លាប់។

ប្រភព​ព័ត៌មាន​ដដែល​បន្តថា ការពិតទៅ​កូននេះ​គឺជា​កូនទី ២ ហើយកូនទី ១ របស់ពួកគេ គឺជាកូនស្រីដែលមានអាយុ ៣ ឆ្នាំ ដោយសារ​តែគិតថា ពួកគេ​ធ្លាប់កើត​កូនរួចម្តង​ទៅហើយ ដូច្នេះពួកគេមាន​ទំនុកចិត្តថា វីដេអូនៅក្នុង Youtube គឺគ្រប់គ្រាន់ហើយ ដែលអាច​អោយពួកគេ​បង្កើតកូនទី ២ ដោយខ្លួនឯងបាន។

អ្នកនាំ​ពាក្យប៉ូលីស​ម្នាក់បាន​បញ្ជាក់ថា «នាង​ចាប់ផ្តើម​ឈឺពោះ​នៅវេលា​ម៉ោង ២ រសៀល ប៉ុន្តែនាងត្រូវ​បានគេ​បញ្ជូន​ មកដល់​ពេទ្យរដ្ឋ ក្រោយពេល​ដែល​ទារកកើត​រួចទៅហើយ»។ ជាអកុសលនាង បានស្លាប់​បាត់បង់​ជីវិតទៅហើយ ដោយ​​បច្ចេកទេស​​ក្នុងការ​​បង្កើត​កូន​​នៅផ្ទះ ដោយ​ខ្លួនឯង៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial