កូនសេដ្ឋីម្នាក់ជះលុយរាប់លានយន់ ដើម្បីផ្គាប់ចិត្តមិត្តស្រី តែអកុសលក្រោយអស់លុយ ត្រូវសង្សារទាត់ចោល ហើយអាចប្រឈមមុខនឹងការជាប់ពន្ធនាគារទៀត

ចិន៖ បុរសវ័យ ២៩ ឆ្នាំម្នាក់ រស់នៅទីក្រុង Hangzhou រដ្ឋធានីនៃខេត្ត Zhejiang ប្រទេសចិន បានជះលុយរាប់លានយន់ ដើម្បីយកឈ្នះចិត្តនារីម្នាក់។ តែស្នេហាដែលប្រើលុយទិញ មិនមែនជាស្នេហាដែលយូរអង្វែងនោះទេ ទីបំផុតក្រោយពេលដែលគាត់អស់លុយ នាងក៏ទាត់គាត់ចោល ហើយគាត់អាចប្រឈមមុខនឹងការជាប់ពន្ធនាគារថែមទៀតផង។

យោងតាមការចុះផ្សាយនៅលើគេហទំព័រព័ត៌មាន iFeng បានអោយដឹងថា បុរសរូបនោះមានឈ្មោះថា Zhang Xiaoen ជាកូនប្រុសគ្រួសារអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភម្នាក់។ គាត់ធំធាត់ឡើងនៅក្នុងវីឡាដ៏ប្រណិតបំផុតនៅក្នុងប្រទេសចិន ហើយគាត់ចាយលុយដូចជាក្រដាសអ៊ីចឹង។

កាលពីឆ្នាំមុន គាត់បានជួបនឹងនារីម្នាក់ ដែលជាតារាម៉ូដែលក្រៅម៉ោង ហើយក៏ជាតារា live-stream ល្បីម្នាក់ដែលមានឈ្មោះថា Yang Yizhen។ ចាប់តាំងពីបានស្គាល់នាង គាត់ក៏ចាប់ចិត្តស្រលាញ់នាង ហើយក៏បានទិញអំណោយដែលមានតម្លៃថ្លៃៗជូននាង។

យោងតាម​សេចក្តី​រាយការណ៍​ នៅលើ​សារព័ត៌មាន ប្រទេសចិន​​អោយដឹងថា អំណោយដែលនាង​ទទួលបាន​ពីលោក Zhang ដែលរួមមាន ការកាត់សម្លៀកបំពាក់ថ្លៃៗ កាបូបប្រេនៗ គ្រឿងអលង្ការថ្លៃៗ រថយន្ត និងការធ្វើដំណើរជុំវិញពិភពលោក។ ជាក់ស្តែង គាត់ថែមទាំងបានទិញផ្ទះអោយនាង ដែលមានតម្លៃ ៤ លានយន់ (ប្រហែលជាង ៥០ម៉ឺនដុល្លា)។

ការទាមទារនេះ ពិតជាច្រើនពេកហើយ សូម្បីតែកូនសេដ្ឋីដូចលោក Zhang ក៏រត់មិនរួចដែរ។ ដោយគ្មានជម្រើសលោក Zhang ក៏បានយកប្រាក់ចំនួន ៧0 លានយន់ (ប្រហែល 10,314,850$) ចេញពីក្រុមហ៊ុនឪពុករបស់លោក ដោយគ្មានការអនុញ្ញាតិ ដើម្បីបំពេញជីវិតដ៏ថ្លៃថ្នូរបស់គាត់។

ក្រោយមកទៀត គាត់ក៏បានខ្ចីលុយពីមិត្តភក្តិរបស់គាត់ ដែលជាអ្នកមានដែរនោះ យកទៅលេងល្បែង ដោយសង្ឃឹមថានឹងយកលុយ ដែលឈ្នះពីល្បែងនោះទៅទូតទាត់សងបំណុលឪពុក និងមិត្តភក្តិ ហើយសល់ប៉ុន្មានទុកសម្រាប់ចាយវាយ ប៉ុន្តែជាអកុសលគាត់ត្រូវបាត់បង់ប្រាក់ចំនួន ១៧០ លានយន់នៅក្នុងបនល្បែង។

ដោយឃើញសភាពមិនស្រួលបែបនេះ ហើយពេលនេះមិត្តប្រុសក៏ធ្លាក់ខ្លួន មិនអាចខ្វេះលុយបានទៀត ហើយថែមទាំងត្រូវបានម្ចាស់បំណុល ដាក់ពាក្យបណ្តឹងទៅកាន់ប៉ូលីសអោយចាប់ខ្លួនផងនោះ តារាម៉ូដែលក្រៅម៉ោង ក៏សម្រេចចិត្តរត់ចោលគាត់តែម្តង។ បន្ទាប់មកប៉ូលីសក៏បានចាប់ខ្លួនលោង Zhang ហើយគាត់ក៏បានទទួលសារភាពកំហុសទាំងអស់។

ទោះបីជាយ៉ាងណាក៏ដោយ លោក Zhang បានបន្ទោសទៅលើមិត្តស្រី ដែលជម្រុញលើកទឹកចិត្តគាត់ អោយលេងល្បែង នៅពេលដែលគូស្នេហ៍នេះធ្វើដំណើរកំសាន្តទៅម៉ាកាវ។ លោក Zhang ជាប់ចោទពីបទក្លែងបន្លំ ខណៈពេលដែលមិត្តស្រីរបស់គាត់ បានចាប់ផ្តើមធ្វើការជាមួយព្រះរាជអាជ្ញា និងបានផ្តល់ភស្តុតាងទៅអោយពួកគេ ដើម្បីប្តឹងលោក Zhang ។

ប្រព័ន្ធផ្សព្វផ្សារយរបស់ប្រទេសចិន បានកត់សម្គាល់ឃើញថា នាងក៏បាន​ចាប់ផ្តើម​បង្ហោះរូបថត​ជាមួយនឹង​ប្រុសថ្មីទៀត នៅលើបណ្តាញសង្គម ក្រោយពីនាងបោះបង់ចោល សង្សារចាស់ដែលកំពុងក្ស័យធន ហើយអាចប្រឈមនឹងការជាប់ពន្ធនាគារនោះ។

យោងតាមសារព័ត៌មាន ដទៃទៀតបាននិយាយថា លោក Zhang មានប្រពន្ធ និងកូនស្រីម្នាក់ ហើយអ្នកនាង Yang គឺជាស្រីកំណានរបស់គាត់។ ភរិយារបស់គាត់មិនបានដឹងអំពីទំនាក់ទំនងស្នេហារវាងគាត់ ហើយនឹងអ្នកនាង Yang ទេ៕

 

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial