មនុស្សរាប់ពាន់នាក់រត់ចេញពីលំនៅស្ថាន ខណៈតួលេខអ្នកស្លាប់ និងបាត់ខ្លួននៅមិនទាន់ដឹង ក្រោយហេតុការណ៍បាក់ទំនប់ទឹកវារីអគ្គសនីនៅប្រទេសឡាវ

ឡាវ៖ ប្រជាជន ដែលរស់នៅ​ប្រទេស​ឡាវ​ភាគខាងត្បូង រាប់ពាន់នាក់​ត្រូវបាន​ជម្លៀសចេញពីផ្ទះសម្បែង ខណៈតួលេខ​អ្នកស្លាប់​នៅមិនទាន់ដឹងច្បាស់ ក្រោយ​ហេតុការណ៍​បាក់ទំនប់​វារីអគ្គិសនី ដែល​កំពុង​សាងសង់​ ក្រោយពីមានភ្លៀងធ្លាក់ខ្លាំង។

យោងតាមការចុះផ្សាយ នៅលើ​គេហទំព័រព័ត៌មាន The Nation បានអោយ​ដឹងថា គ្រោះមហន្តរាយដ៏​ធំសម្បើមនេះ បានកើតឡើង ក្រោយពេល​ដែលមន្ត្រី​ផ្នែក​សាងសង់ម្នាក់ បានធ្វើការព្រមាន​អំពី​គ្រោះមហន្តរាយនេះ។ ប្រភពព័ត៌មាន​ដដែល​បានបន្ត​ទៀតថា ទំនប់មួយ​នៅក្នុងចំណោម​ទំនប់ទាំងប្រាំ ដែលទប់ទំនប់វារីអគ្គសនី Xepian-Xe Nam Noy Dam បាន​ដួល​​
រលំនៅ​វេលាម៉ោង ៨ យប់ថ្ងៃចន្ទ ដែល​ធ្វើអោយ​លេចធ្លាយទឹក ៥ ពាន់លាន​ម៉ែត្រគូប។

វីដេអូ៖

បើយោង​តាមទី​ភ្នាក់ងារ​សារព័ត៌មាន Lao News Agency បានអោយ​ដឹងថា ផ្ទះសម្បែង​ប្រជាពលរដ្ឋនៅស្រុក Sanamxay ភាគខាងត្បូង​នៃខេត្ត Attapeu ត្រូវបាន​បំផ្លាញ​ដោយសារ​កំលាំងទឹកហូរ ហើយ​មនុស្ស​រាប់ពាន់​ត្រូវបាន​ស្លាប់ និងបាត់ខ្លួនជាច្រើនផ្សេងទៀត។

លោកនាយករដ្ឋមន្ត្រី Thongloun Sisoulith បានផ្អាកកិច្ចប្រជុំគណៈរដ្ឋមន្ត្រីប្រចាំខែរបស់លោក ហើយក៏បាននាំមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ទៅកាន់តំបន់ Sanamxay ដើម្បីត្រួតពិនិត្យមើលការសង្គ្រោះ និងផ្តល់ជំនួយសង្គ្រោះបន្ទាន់។

ការបាក់​ទំនប់​វារីអគ្គសនីនេះ បានបណ្តាល​អោយមាន​ទឹកជំនន់​ភ្លាមៗ នៅក្នុង​ភូមិចំនួន ៦ គឺ Yai Thae Hinland Mai Thasengchan Tha Hin និង Samong ។ ជាក់ស្តែង ភូមិដែល​ទទួលរងការវាយ​ប្រហារ​ខ្លាំង​ជាងគេ​គឺ Hinland និង Mai។ មាន​ការអះអាង​នៅលើ​បណ្តាញសង្គម ប្រទេសឡាវថា មានមនុស្ស​ជាច្រើន​នាក់​បានស្លាប់ និងបាត់ខ្លួន​ ប៉ុន្តែ​នៅមិនទាន់​មានរបាយការណ៍ជា​ផ្លូវការ​ពីអាជ្ញាធរ​មូលដ្ឋាន​នៅឡើយទេ។

ប្រភពព័ត៌មាន បានអោយដឹងទៀតថា មុនពេល​កើត​ហេតុ​មន្ត្រីនៃ Xe-Pian Xe-Namnoy Power Co (PNPC) បាន​ចេញ​លិខិត​ព្រមាន​មួយ ស្តី​អំពី​គ្រោះថ្នាក់​នៅឯទំនប់នេះ។ នៅក្នុងលិខិតនោះ​បាន​សរសេរ​ប្រាប់​មិត្តរួម​ការងារ នៅខេត្តចំប៉ាសាក់ និង Attapeu ថា «ទំនប់ Saddle Dam D មិនមាន​សុវត្ថិភាពទេ ហើយពេលនេះ ស្ថិតនៅក្នុង​ស្ថានភាព​គ្រោះថ្នាក់​បំផុត ដោយសារ​តែ​ភ្លៀង​ធ្លាក់ខ្លាំង»។

វីដេអូ៖

នៅក្នុងលិខិតនោះ លោក​ថែមទាំង​ប្រាប់ទៀត​ថា បើទំនប់ទឹក​នេះបាក់ នឹងបញ្ចេញទឹក ៥ ពាន់លាន​ម៉ែត្រគូប ទៅក្នុង​អាងទំនប់ Xe Pian River ។ ដូច្នេះហើយ ប្រជាពលរដ្ឋ​​ដែល​រស់នៅតាម​បណ្តោយ​ដងទន្លេ គួរតែ​ផ្លាស់ទៅ​ទីទួល​ខ្ពស់​មានសុវត្ថិភាព ដើម្បីចៀសវាង ឧប្បត្តិហេតុអកុសលនេះ។

ទំនប់វារីអគ្គសនី Xe Pian-Xe Namnoy នេះមានកម្លាំង ៤១០ មេហ្គាវ៉ាត់ ត្រូវបានគេរំពឹងថានឹងអាច​បង្កើត​ថាមពល​បាន ១,៨៦០ gigawatt-hours នៅពេល ដែលបញ្ចប់ការសាងសង់៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial