ខ្មាស់គេមធ្យម ងំឈឺចិត្តណាស់ ពិធីមង្គលការចាប់ផ្តើម ស្រាប់តែកូនកម្លោះរត់បាត់ស្រមោល

ថៃ៖ មាន​ហេតុការណ៍​ដ៏​ភ្ញាក់ផ្អើលមួយ បានកើតឡើង​នៅក្នុង​ពិធី​មង្គលការ​មួយ​កន្លែង​ ស្ថិតនៅក្នុង​ខេត្តរ៉ាត់​ឆា​បុរី ប្រទេសថៃ ខណៈ​ពេល​ដែល​កូនក្រមុំ ឡើងទៅលើ​ឆាក​ទាំងទឹកភ្នែក ដើម្បីថ្លែងអំណរគុណ​ ដល់​ភ្ញៀវកិត្តិយស​ទាំងអស់ ដែលបាន​អញ្ជើញ​មក​ចូលរួម​ពិធីមង្គលការ​របស់នាង ហើយនាង​ក៏ធ្វើការ​សុំ​អភ័យទោស ដល់ភ្ញៀវកិត្តិយស​ទាំងអស់​ផងដែរ ដែលពិធី​មង្គលការនេះត្រូវបាន​រំសាយ​ចោល ដោយសារតែ​កូនកម្លោះ​រត់ចោល​រោងការ​បាត់ហើយ។ នាង​ក៏​សូម​អរគុណដល់​ឪពុកម្តាយ​របស់នាង និង​មនុស្ស​គ្រប់គ្នា ដែលបាន​ជួយ​ចាត់ចែង​រៀបចំ​ពិធីមង្គលការ​នេះឡើងសម្រាប់នាង។

យោងតាម​ប្រភព​ព័ត៌មាន​បាន​អោយ​ដឹង​ថា កូនក្រមុំរូបនោះ​មានវ័យ ២៦ ឆ្នាំមាន​ឈ្មោះថា Manow Jutathip Nimnual ចំណែកឯ​កូនកម្លោះ មានឈ្មោះថា Pakin Junjerm វ័យ ១៨ ឆ្នាំ បាន​សម្រេច​ចិត្តរៀបការ ក្រោយ​ពួកគេ​ទាំងពីរ​នាក់​ ទាក់ទងគ្នា​រយៈពេល​ត្រឹមតែ ៣ ខែតែប៉ុណ្ណោះ។ ក្រោយ​ហេតុការណ៍នេះ​បានកើត​ឡើង​នារី​រងគ្រោះ ក៏បាន​ដាក់​ពាក្យ​បណ្តឹង​ទៅប៉ូលីស។

យោងតាមសំដី​នារីរងគ្រោះ ប្រាប់​ទៅ​អ្នកយក​ព័ត៌មានថា ពួកគេ​ទាំងពីរ​នាក់ស្គាល់គ្នាតាមរយៈ​អនឡាញ​កាលពី​ខែ​មេសា ហើយពួកគេ តែងតែនិយាយគ្នាតាម Chat មិនយូរប៉ុន្មានពួកគេក៏ស្រលាញ់គ្នា ហើយ​សម្រេចចិត្ត​ប្រាប់ពី ​ទំនាក់ទំនង​ស្នេហា​រវាង​ពួកគេ ទៅកាន់​មិត្តភក្តិទាំងសងខាង។ ពួកគេ​ទាំងពីរនាក់​ថែមទាំង​បើកចំហរ​អំពី​ទំនាក់ទំនង​របស់ពួកគេ​នៅ​លើ​ហ្វេសប៊ុក ហើយថែមទាំង​បាន​បង្ហោះ​រូប​ជា​លក្ខណៈ​គូស្នេហ៍ផងដែរ។

ចំណង​ស្នេហា​របស់​ពួកគេ​ស៊ីជំរៅ រហូត​ឈាន​ដល់​ការរួមភេទ ហើយនាង​ក៏មាន​ទំងន់កូន ៩ សប្តាហ៍​នៅក្នុងផ្ទៃ។ ពីដំបូង Pakin ចង់ប្រាប់​រឿងនេះ ទៅកាន់គ្រួសាររបស់ Manaw ថានាងមានផ្ទៃពោះហើយ ដោយ​ខ្លាច​ថា​នាង​យក​កូនចេញ។ នាង​បាន​និយាយថា ដំបូងឡើយ Pakin ដែល​ជាមិត្ត​ប្រុស​ទទូចថា​នឹង ប្រាប់​ឪពុកម្តាយ​របស់នាង ហើយគាត់​នឹង​ទទួលខុសត្រូវដោយ​រៀបការ​ជា​មួយនាង។

រំលង​បាន ២ សប្តាហ៍ Pakin បាន​ប្រាប់ថា គាត់រវល់ណាស់ មិនអាច​ទៅជួប​ឪពុកម្តាយ​នាងបានទេ ដូច្នេះនាង​ក៏សម្រេច​ចិត្ត​ទៅផ្ទះ​របស់គាត់ ដើម្បីជួបនឹង​ឪពុកគាត់។ នាងនិយាយ​ថា​ឪពុកគាត់​មិន​ស្គាល់​នាងទេ ហើយគាត់​ក៏មិនដឹង​ថានាង​មាន​ទំងន់ផងដែរ។

ក្រោយមក​ឪពុករបស់ Pakin ក៏​យល់ព្រម ទៅជួប​ឪពុកម្តាយ​របស់នាង។ នាងបាន​សុំគាត់​កុំអោយ​ប្រាប់​ឪពុក​របស់នាង ថានាងមានផ្ទៃពោះ ព្រោះគាត់​មាន​ជំងឺបេះដូង។ បន្ទាប់ពីចាស់ៗ​ជួបគ្នារួចរាល់​ហើយនោះ ឪពុករបស់ Pakin ក៏បាន​យល់ព្រម ទៅលើរឿង​ថ្លៃបណ្តាការ ហើយគាត់ថែម​ទាំង​និយាយថា គាត់នឹង​ប្រគល់​អោយ​នៅក្នុងថ្ងៃមង្គលការ។

យោង​តាម​ការ​សម្ភាសន៍​ផ្ទាល់​ទាំងសង​ខាង ដោយ​ប៉ុស្តិ៍ទូរទស្សន៍​ដ៏ល្បីមួយ ​ប្រចាំប្រទេសថៃ។ លោក Pakin ដែល​ពាក់​មួកបាំងមុខ ហើយមាន​ពាក់វែនតាខ្មៅ បាន​បែរមុខ​ទៅរក​នារីរងគ្រោះ ហើយ​និយាយ​សុំទោស​ទៅកាន់នាង ដែល​គាត់​មិនអាច បង្ខំបេះដូង​របស់គាត់ អោយ​ងាក​មក​ស្រលាញ់​នាងម្តង​ទៀតបាន។

លោក Pakin បាន​ទទួល​សារភាព​ថា ការពិត​ទៅ​លោក​ស្រលាញ់​នាង​តែពី​ដំបូងទេ យូរៗទៅគាត់ក៏​មិនដឹង​ថា​ហេតុអី​បានជា គាត់ឈប់​ស្រលាញ់​នាងដែរ។ ចំពោះ​ការថតរូប Pre-wedding វិញ គាត់​បាននិយាយ​ថា ជាការៀបចំរបស់ Manaw តែម្នាក់ឯងទេ។

មុនពេល​ថតរូប នាងបានទូរស័ព្ទទៅគាត់ ដោយ​ប្រាប់ថា​អោយ​មកជួប​នាង​នៅក្នុង​ហាង ដើម្បីផាត់មុខ។ គាត់​មិនដឹង​ថា នាងហៅគាត់ទៅ​​ថតរូប Pre-wedding ទេ។ Manaw បាន​ប្រាប់ថា​នាង​បង់ថ្លៃ​ថតរូប​រួច​ហើយ ដូច្នេះ​គាត់ក៏​ធ្វើ​តាម​នាងប្រាប់។

Manow បាននិយាយ ប្រាប់​ពិធីករ​ទូរទស្សន៍ថា ពួកគេ​ទាំងពីរនាក់​បានឈ្លោះ​ប្រកែក​គ្នា បន្ទាប់ពីយល់ព្រម​រៀបការ​ជាមួយគ្នា ព្រោះ Pakin មានស្រីថ្មី ហើយ​ថែមទាំង​បាន​បង្ហោះរូប ពួកគេទាំងពីរនាក់ នៅលើ​គណនី​ហ្វេសប៊ុក​របស់គាត់​ទៀតផង។ លោក Pakin បានតបវិញថា គាត់នឹងនារីម្នាក់នោះ ទាក់ទងគ្នា​យូរហើយ។

Manow និយាយថា​នាង​បាន​ដឹង​ពីការ​បាត់ខ្លួន​របស់ Pakin ១៥ នាទីមុន ពេលដែល​ពិធីមង្គលការ​បានចាប់ផ្តើម គឺ​នៅពេល​ដែល​ឪពុកម្តាយ​របស់នាង ប្រាប់នាង​ថា​ ពួកគាត់​មិន​អាច​ទាក់ទង Pakin បានទេ។

Pakin បាននិយាយ​ប្រាប់ទៅ​ពិធីករ​ អំពីមូលហេតុ​ដែល​គាត់​មិន​ចូលរួម​ពិធីមង្គលការ ព្រោះគាត់មិនប្រាកដថា ទារក​ដែល​នៅក្នុង​ផ្ទៃនោះ​ជាកូន​របស់គាត់រឺអត់ទេ។ គាត់អះអាងថា គាត់ហើយនឹងនាង​បាន​រួមភេទ​តែម្តងគត់ ហើយពេលនោះ គាត់បាន​ប្រើ​ស្រោម​អនាម័យទៀតផង។

មួយវិញទៀត គាត់បាននិយាយថា គាត់​មាន​បញ្ហា​រឿងថ្លៃបណ្ណាការ។ គាត់អះអាង​ថា Manow បាន​សន្យា​នឹងគាត់​ថា នឹង​ជួយគាត់​រឿងថ្លៃ​បណ្ណាការ តែទីបំផុត​នាងបែរ​ជា​អោយ​គាត់​រកតែម្នាក់ឯង​ទៅវិញ។ ដូច្នេះគាត់​ក៏រត់ចោល​រោងការ​តែម្តងទៅ។ គាត់បន្ថែម​ពីលើនេះ​ថា គាត់ស្រលាញ់កូន​របស់គាត់ (បើជាកូនរបស់គាត់មែន) តែមិនបាន​ស្រលាញ់នាងទេ។

Manow បាន​ច្រាន​ចោល អំពីការ​អះអាង​របស់គាត់ ហើយ​នាង​ថែម​ទាំង​បាន​ប្រាប់​ទៀតថា នាងបាន​ត្រៀម​ខ្លួនរួច​ជាស្រេច ដើម្បីធ្វើតេស្ត DNA ដើម្បី​បញ្ជាក់​ពីភាព​ជា​ឪពុកម្តាយ។ នាងក៏ប្រាប់ទៅកាន់​គាត់វិញ​ថា នាងក៏មិន​បាន​ស្រលាញ់​គាត់​ដូចគ្នា ប៉ុន្តែ​នាង​គ្រាន់តែ​ចង់អោយ​គាត់​ទទួលខុសត្រូវ​ចំពោះ​ការចំណាយ ដែល​គ្រួសារ​នាង​បាន​ចំណាយ​ទៅលើ​ការរៀបចំ​ពិធី ដែលអស់ទឹកប្រាក់​ប្រហែល ៦០០,០០០ បាត។ នាងថែមទាំង​ប្រាប់ទៀត​ថា នាងនឹងរៀបចំ​ដាក់​ពាក្យ​សុំសិទ្ធ​ចិញ្ចឹមកូន​តែម្នាក់ឯង។

ជាក់ស្តែងលោក Pakin បាននិយាយកុហកនាង តាំងពីដំបូង អំពីអាយុពិតរបស់គាត់។ ការពិតទៅគាត់អាយុ ២២ ឆ្នាំ មិនមែន ១៨ ឆ្នាំនោះទេ៕

ឪពុកម្តាយរបស់ Manow

រូបភាពនៅក្នុងកម្មវិធីទូរទស្សន៍
កូនកម្លោះដែលរត់ចោលរោងការ

កូនក្រមុំនៅក្នុងថ្ងៃមង្គលការ

ប្រភព៖ nationmultimedia
រូបភាព៖ Manow Jutathip Nimnual

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial