ស្រាបៀរថៃហ្គ័រ និង WWF អបអរទិវា GLOBAL TIGER DAY និងបើកយុទ្ធនាការ ‘RARE STRIPES’ ក្នុងការការពារ និងអភិរក្សសត្វខ្លាធំ

ក្រុមហ៊ុន​ស្រាបៀរ​ថៃហ្គ័រ និងអង្គការ WWF សហការ​ជាមួយ​ក្រុមហ៊ុន​ច្នៃម៉ូត​ដ៏ល្បី​ឈ្មោះ KENZO និង​ សិល្បករ​ច្នៃម៉ូត​ឆ្នើម​បួនរូប​ដើម្បី​បង្កើត​ស្នាដៃ​សិល្បៈ​ពិសេស​ តាមរយៈ​ការបំផុស​គំនិត​អំពីសត្វខ្លាធំ។

រាជធានីភ្នំពេញ៖ កាលពីថ្ងៃសៅរ៍ទី ២១ ខែកក្កដា ឆ្នាំ ២០១៨ ក្រុមហ៊ុន​ស្រាបៀរ​ថៃហ្គ័រ​បាន​ប្រកាសពី​កិច្ច​សហការ​ពិសេស​មួយជាមួយ​អង្គការ WWF និងម៉ាកសម្លៀកបំពាក់ KENZO ក្នុង​ការបង្កើត​ស្នាដៃ​រចនាម៉ូត​សម្លៀកបំពាក់ Rare Stripes ដើម្បីអបអេទិវា Global Tiger Day (ទិវាសត្វខ្លាំធំពិភពលោក) ហើយនឹង​ឆ្លុះបញ្ចាំង​ពី​ ការយកចិត្តទុកដាក់ ចំពោះសត្វខ្លាធំ​ទាំងអស់ ដែលជិតផុត​ពូជនៅ​ទូទាំង​ពិភពលោក។

ចំនួន​សត្វខ្លាធំ​នៅលើ​ពិភពលោក​បានធ្លាក់ចុះ​យ៉ាងខ្លាំង​គួរឲ្យ​កត់សម្គាល់ កាលពី​សតវត្សរ៍មុន ដោយសារតែ​ការបរបាញ់​សត្វព្រៃ និងការបំផ្លាញ​ទីជម្រក​សត្វព្រៃ​គ្មានការ​គ្រប់គ្រង។ បច្ចុប្បន្ន​មាននៅ​សល់សត្វខ្លាធំ​ចំនួន ៣៩០០ ក្បាលរស់នៅក្នុងព្រៃ ប៉ុន្តែសត្វខ្លាធំ​ទាំងនេះ​បានរងការ​គំរាមកំហែង​ជារៀងរាល់ថ្ងៃ ដោយសារការ​បរបាញ់​ដើម្បីជួញ​ដូរ​សត្វព្រៃ​ដោយ​ខុសច្បាប់។

ដើម្បី​លើកកម្ពស់​ការយល់ដឹង និងការការពារ និងជួយសង្រ្គោះ​សត្វខ្លាធំ គេបានរៀបចំ​បង្កើតស្នាដៃ​រចនាម៉ូត​សម្លៀកបំពាក់ Rare Stripes ជាផ្នែកមួយ​នៃកិច្ចសហការជា​ដៃគូរវាង​ក្រុមហ៊ុន​ស្រាបៀរថៃហ្គ័រ និងអង្គការ WWF ដែលជា​គម្រោងផ្តួចផ្តើម រយៈពេលប្រាំមួយឆ្នាំ ដែលគាំទ្រដល់យុទ្ធនាការ TX2 ដែលជា​គោលដៅ​ពិភពលោក​ដើម្បី បង្កើនទ្វេដង​ចំនួន​សត្វខ្លាធំ​ត្រឹមឆ្នាំ ២០២២ ។

កម្ពុជា គឺជាប្រទេសមួយ​ក្នុងចំណោម​ប្រទេស​ចំនួន ១៣ ដែលមានសត្វខ្លាធំ ហើយ​រាជរដ្ឋាភិបាលកម្ពុជា បានប្តេជ្ញាចិត្តបង្កើន​ទ្វេដង ចំនួនសត្វខ្លាធំ ទូទាំងពិភពលោក ដោយបាន អនុម័តលើផែនការ សកម្មភាពសង្រ្គោះ​សត្វខ្លាធំ​នៅកម្ពុជា ដែលផ្តោត​លើការ​នាំយក​សត្វខ្លាធំ ចូលទៅក្នុង​តំបន់វាល​ទំនាប ភាគខាងកើត​នៃប្រទេសកម្ពុជា។

លោក សេង ទៀក នាយកអង្គការ WWF មានប្រសាសន៍ថា “សត្វខ្លាធំ គឺជាសត្វដ៏អស្ចារ្យ និងមាន ភាពទាក់ទាញ ហើយវាត្រូវបានចាត់ទុកជា សម្បត្តិបេតិក​ភណ្ឌជាតិ។ នេះគឺជា​ពេលវេលា​ដែល​ត្រឹមត្រូវបំផុត ដែលយើងទាំង​អស់គ្នា​ ដែលមានទាំង​ក្រុមហ៊ុន​ស្រាបៀ Tiger និង KENZO រួមគ្នា ដើម្បីអភិរក្សសត្វខ្លាធំនេះ។

យើងខ្ញុំ​សូមអោយមាន​ការចូលរួមពី​គ្រប់ស្រទាប់​ទាំងអស់ ដើម្បីអភិរក្សសត្វខ្លាធំ ហើយក៏សូមអំពាវនាវ​ដល់អតិថិជន​ទាំងអស់ អោយបញ្ឍប់ការ​ជួញដូរ​សត្វខ្លាធំ និងសាច់​សត្វព្រៃ​ជាបន្ទាន់ និង សូមអោយ​រាជរដ្ឋាភិបាល ជួយបង្ក្រាប​ប្រកប​ដោយ​ប្រសិទ្ធិភាព អ្នកដែលដាក់​អន្ទ្រាក់​នៅក្នុងព្រៃ ការពារ និងបង្កើនការពិន័យ ដល់អ្នក​ដែល​ដាក់​អន្ទាក់ ក្នុងព្រៃការពារ។

លោក​បាន​បន្ថែម​ទៀតថា “អន្ទាក់ គឺជាឃាតករ​លាក់មុខ ដែលឆក់យក​ជីវិត​សត្វព្រៃ និង​កំពុង​តែ​បំផ្លិច​បំផ្លាញ ជីវិតសត្វព្រៃ របស់ប្រទេសកម្ពុជា ក៏ដូចជា សត្វព្រៃ ដែលមាន​ការយកចាត់​ទុកដាក់​ខ្ពស់ របស់ពិភព​លោកទាំងមូល។”

ឆ្នាំនេះ ក្រុមហ៊ុន KENZO ដែលល្បីល្បាញ​ទូទាំងពិភពលោក ដោយសារ​រូបសត្វខ្លា​លើម៉ូត​រចនា​រូបតំណាង​របស់​ក្រុមហ៊ុននេះ បានមក​ចូលរួម​សហការ​ ជាមួយ​ក្រុមហ៊ុន​ស្រាបៀរថៃហ្គ័រ និងអង្គការ WWF ដើម្បីគាំទ្រកិច្ច​អភិរក្សសត្វខ្លាធំ។ ស្នាដៃសិល្បៈ​ដំបូង​បង្អស់ តាមរយៈ​ការបំផុស​គំនិត អំពីរឿងរ៉ាវ​ជីវិតសត្វខ្លាធំ ចំនួនប្រាំបីក្បាល​មកពី​ក្នុងព្រៃ នឹងផ្សព្វផ្សាយ​ទូទាំង​ពិភពលោក នៅតាមហាង KENZO នៅផ្សារទំនើប Ginza Six នៅ​ទីក្រុងតូក្យូ ប្រទេសជប៉ុន នៅថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០១៨ នេះ។

លោក Roland Bala នាយក​គ្រប់គ្រង​នៃក្រុមហ៊ុន​ស្រាបៀរ​ថៃហ្គ័រ ប្រចាំកម្ពុជា បានមាន​ប្រសាសន៍ថា៖ “យើងចង់​ឱ្យប្រជាជន​ធ្វើសកម្មភាព ជួយសង្គ្រោះ​សត្វខ្លាធំ​នៅកម្ពុជា ដែលជា និមិត្តសញ្ញាម៉ាកយីហោ ដ៏ពេញនិយមរបស់យើង។

ដោយមាន​ការគាំទ្រពី រាជរដ្ឋាភិបាលកម្ពុជា យើងកំពុងធ្វើការ​ជាមួយ ដៃគូ​ជាមួយ​អង្គការ WWF ម៉ាកសម្លៀកបំពាក់ KENZO និងសិល្បករច្នៃម៉ូតដ៏ លេចធ្លោ​ចំនូន ៤ រូប ដើម្បីបង្កើត​ស្នាដៃ​សិល្បៈ​ម៉ូត​សម្លៀក​បំពាក់ Rare Stripes ពិសេសនេះ ក្នុងគោលបំណង លើកកម្ពស់​ការយល់ដឹងជា​សកល និង​ មូលនិធិ​សម្រាប់​ជួយ​សង្រ្គោះ​សត្វខ្លាធំ។”

ដោយសហការ​ជាមួយ​ប្រធាន​ផ្នែក ច្នៃម៉ូតសម្លៀកបំពាក់ KENZO គឺលោក Humberto Leon និងលោកស្រី Carol Lim ក្រុមហ៊ុន​ស្រាបៀរ​ថៃហ្គ័រ​ បានជ្រើសរើស​សិល្បករ​ល្បីឈ្មោះ ទូទាំងពិភពលោក ចំនួនបួនរូប ដើម្បីច្នៃម៉ូត​សម្លៀកបំពាក់​ពិសេស ដែលមានចំនួនកំណត់។

សិល្បករទាំងនេះរួមមាន៖ សិល្បករ​សហសម័យ និងជាងចម្លាក់គឺ លោកស្រី Meryl Smith (អាមេរិក) ជាងគំនូរ និង អ្នករចនាម៉ូតគឺកញ្ញា Esther Goh (សិង្ហបុរី) ជាងគំនូរ និង អ្នករចនាម៉ូត​គឺកញ្ញា Julienne Tan (កម្ពុជា) និង សិល្បករ​រូបភាព និង ឌីជីថល គឺលោក Sean Lean (ម៉ាឡេស៊ី)។

មុន​ពេល​ចាប់ផ្តើម​អនុវត្ត​គម្រោង​នេះ ក្រុមហ៊ុន​ស្រាបៀរ​ថៃហ្គ័រ​បាននាំ​យក​ប្រធាន​ផ្នែក​ច្នៃប្រឌិត និងសិល្បករ​បួនរូប​មក​ប្រទេសកម្ពុជា ដើម្បីជួប​ពិភាក្សា​ជាមួយ អ្នកជំនាញ​សត្វព្រៃ​របស់អង្គការ WWF ក្នុងកិច្ចខិតខំ​ប្រឹងប្រែង ដើម្បីស្វែងយល់​ឲ្យច្បាស់​ពីស្ថានភាព​របស់សត្វខ្លាធំ។

ស្នាដៃ​សិល្បៈ​ម៉ូត​សម្លៀកបំពាក់ Rare Stripes នឹងបង្ហាញ​វត្តមាន និងដាក់លក់ នៅថ្ងៃទី ២១ ខែកក្កដា ចាប់ពីម៉ោង ៣ រសៀល នៅតាមបណ្តាហាង KENZO មួយ​ចំនួន​នៅ​ទូទាំង​ពិភព​លោក​ចាប់ពី​ដើមខែ​សីហា​ខាងមុខនេះ។

ការអបអរសាទរ​ទិវា​សត្វខ្លាធំ បានប្រារព្ធ​ធ្វើ​នៅផ្សារ​ទំនើបអ៊ីអន សែនសុខ រាជធានីភ្នំពេញ ប្រទេសកម្ពុជា ថ្ងៃនេះនៅថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០១៨។ នៅពេលថ្ងៃ សាធារណជន​អាចចូល​ទស្សនា​ពិព័រណ៍​គំនូរសត្វ​ខ្លាធំ ការតាំងបង្ហាញ​ស្នាដៃ​ច្នៃម៉ូត​សំម្លៀកបំពាក់ KENZO ទទួលបាន បទពិសោធន៍ អំពីជីវិត​សត្វខ្លាធំ​ជា លក្ខណៈរូបភាព AR និង VR ហើយនឹង ការធ្វើសមាធិ Roar និង Nature និង កម្មវិធី​ជួប​សំណេះសំណាល​ជាមួយ​វិចិត្រករ និងសិល្បករល្បីៗ។

កម្មវិធី​បង្ហាញម៉ូដ​សម្លៀកបំពាក់​ដ៏ពិសេស និងកម្មវិធីប្រគំ​តន្ត្រី​នៅក្នុងផ្សារ​ទំនើប​អ៊ីអន ចាប់ផ្តើម​ធ្វើឡើង នៅពេលល្ងាច​ចាប់ពី​ម៉ោង ៦៖៣០ នាទីល្ងាច ដោយមាន​ការអញ្ជើញ​ចូលរួម​សម្តែងពី​សំណាក់​តារាល្បីៗ​ប្រចាំ​ព្រះ​រាជាណាចកម្ពុជា​ដូចជា កញ្ញា ឱក សុគន្ធកញ្ញា កញ្ញា មាស សុខសោភា និងលោក ឆន សុវណ្ណរាជ។

ចំពោះព័ត៌មាន​បន្ថែម​អំពី​កិច្ចសហការ រវាង​ក្រុមហ៊ុន​ស្រាបៀរថៃហ្គ័រ និងអង្គការ WWF ការសហការ​ជាមួយ​ក្រុមហ៊ុន KENZO និងស្នាដៃសិល្បៈ​ម៉ូដ​សំម្លៀកបំពាក់ Rare Stripes សូមចូលទៅកាន់គេហទំព័រ៖ http://www.tigerbeer.com/rarestripes/និង #rarestripes។

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial