រឿងអប់រំ៖ សេដ្ឋីលាក់មាស

ជាយូរលង់ណាស់មកហើយ មានសេដ្ឋីម៉ៅស្វិតម្នាក់ បានយកមាសរបស់គាត់ទៅកប់នៅក្នុងរណ្តៅមួយនៅក្នុងសួនច្បារមុខផ្ទះរបស់គាត់។ ជារៀងរាល់ថ្ងៃគាត់ តែងតែជីកមើលហើយរាប់ដុំមាសទាំងនោះ លុះពេលដែលគាត់រាប់គ្រប់ហើយ គាត់ក៏យកវាទៅកប់នៅក្នុងដីវិញ។ សេដ្ឋីតែងតែធ្វើបែបនេះជារៀងរាល់ថ្ងៃ។

ថ្ងៃមួយ ខណៈពេលដែល​គាត់​កំពុង​ជីកដី​ ដើម្បីយកមាសមករាប់ ក៏មាន​ចោរ​បាន​លួច​មើលឃើញពីសកម្មភាពរបស់សេដ្ឋី។ ចោរពួនសំងំមើល ហើយក៏​ដឹងថា​​សេដ្ឋីបាន​កប់មាស​នៅទីនោះ វាក៏​សំងំចាំ​រហូត​ទាល់​តែមេឃងងឹត ទើបចេញធ្វើសកម្មភាព។

ស្អែកឡើង សេដ្ឋី​​ក៏បាន​មក​ជីកដី​​រាប់មាស​ដូចសព្វមួយដង ស្រាប់តែ​សេដ្ឋីស្រែកយំ​យ៉ាងខ្លាំង នៅពេលដែលបាត់កេះមាសពីក្នុងរណ្តៅ។ សម្រែក​របស់​សេដ្ឋី​បានលឺ​​ដល់​​បុរស​អ្នកជិតម្នាក់។ បុរស​នោះ​ឆ្ងល់​ក៏​សួរ​ទៅកាន់​​សេដ្ឋីថា «លោកសេដ្ឋី​​មានរឿង​អ្វីហ្នឹង? ហេតុអ្វី​បាន​លោក​សេដ្ឋីយំស្រែកខ្លាំងយ៉ាងនេះ?»

សេដ្ឋីឆ្លើយ​​ទាំង​​ទឹកភ្នែក​រហាមថា៖ «មាសរបស់ខ្ញុំ! មាសរបស់ខ្ញុំ ត្រូវចោរ​លួចអស់ហើយ!»
បុរសនោះសួរបន្ត៖ «តើលោកសេដ្ឋី​ ទុកមាសនៅ​ឯណា ទើបបានជា ចោរលួចបាន?»

សេដ្ឋី៖ «ខ្ញុំកប់មាស ទុកនៅទីនេះ (គាត់ចង្អុលទៅក្នុងរណ្តៅ) ប៉ុន្តែពេលនេះ ចោរវាលួចយកទៅបាត់ហើយ»។

បុរស៖ «កប់នៅទីនេះ? (គាត់និយាយ​ទាំង​ភ្ញាក់ផ្អើល) ហេតុអ្វីបានជា កប់មាសនៅទីនេះ ទៅវិញ? ហេតុអ្វី​បានជា​លោក​សេដ្ឋី​មិន​ទុកក្នុងផ្ទះ? ហើយហេតុអ្វី​បានជា​លោកសេដ្ឋី​មិនយក​វាទៅ​ចាយវាយទៅ ទុកមាសច្រើន បែបនេះធ្វើអី?»

សេដ្ឋីលឺហើយ តបវិញទាំងក្តីក្រហាយថា៖ «យកវា​ទៅចាយវាយ!? អត់ទេ! យើងមិន​ដែល​គិតថា យកមាស​របស់យើង​ទៅចាយទេ យើងគ្រាន់តែ​សន្សំវា​ទុកតែប៉ុណ្ណោះ»។

បុរសនោះ​បោះដុំថ្ម​បីបួន​ដុំអោយទៅ​សេដ្ឋី ហើយនិយាយ​ទៅកាន់​គាត់ថា «ចឹង​លោក​សេដ្ឋីយកថ្មទាំងនេះ​ទៅកប់​ជំនួសវិញទៅ ព្រោះមាស​របស់​លោកសេដ្ឋី​ក៏មានតម្លៃ​ស្មើនឹង​ ថ្ម​ទាំងនេះដែរ។ ហើយ​ថែម​ទាំង​គ្មាន​អ្នកណា​លួច​ទៀតផង»។

គំនិតអប់រំ៖ ការសន្សំ និង ការចំណាយដោយភាពវៃឆ្លាត និងត្រឹមត្រូវគឺជារឿងល្អ។ ផ្ទុយទៅវិញ ទ្រព្យសម្បត្តិទាំងនោះនឹងគ្មានតម្លៃ ប្រសិនបើយើងមិនប្រើប្រាស់វា៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial