បុរសម្នាក់ទៅដកធ្មេញ ប៉ះគ្រូពេទ្យក្លែងក្លាយ ហើមមុខមួយចំហៀងដេករង់ចាំថ្ងៃស្លាប់

បុរសជនជាតិ​ប៉ាគីស្ថានម្នាក់ ហើមមុខមួយចំហៀង បន្ទាប់ពីគាត់​ទៅដកធ្មេញ​ប៉ះចំគ្រូពេទ្យក្លែងក្លាយ។ យោងតាម​ប្រភពព័ត៌មាន​បានអោយ​ដឹងថា បុរសរងគ្រោះមានឈ្មោះថា Muhammad Farooq វ័យ ២១ ឆ្នាំ ជាអ្នកស្រុក​រស់នៅក្នុងភូមិ Landhi ទីក្រុង Karachi នៃខេត្ត Sindh ប្រទេសប៉ាគីស្ថាន បានកើតជំងឺមហារីកមាត់ ក្រោយពេលដកធ្មេញរួច។ គាត់មិនអាចនិយាយ មិនអាចញុំាអ្វីៗបានទេ។

Farooq គឺជាងឈើអាជីព។ ថ្ងៃមួយគាត់ឈឺធ្មេញ គាត់ក៏និយាយ​ប្រាប់មិត្ត​របស់គាត់ ហើយមិត្តរបស់គាត់ម្នាក់ ក៏បានណែនាំ​កន្លែង​ធ្វើ​ធ្មេញ​មួយកន្លែង អោយគាត់ទៅ​ដកធ្មេញ​នៅទីនោះ ព្រោះវា​មានតម្លៃថោក។ ក្រោយពីដកធ្មេញបាន ៨ ខែ ថ្គាមរបស់ Farooq ចាប់ផ្តើមហើមធំឡើងៗ។ គាត់មិនដឹងថា គាត់កើតជំងឺមហារីកទេ។ បងប្រុសរបស់ ដែលមាន​ឈ្មោះថា Muhammad Fahad Noor បាននិយាយថា «កាលពី ៨ ខែមុន Farooq មានអាការៈឈឺធ្មេញ។

ហើយគេ​ក៏បានទៅ​កន្លែងធ្វើ​ធ្មេញមួយ​កន្លែង​ជាមួយនឹង​មិត្តរបស់គេ ព្រោះទី​នោះថោក ដកធ្មេញមួយគ្រាប់​មានតម្លៃតែ PKR 2000 (16.43ដុល្លា) ប៉ុណ្ណោះ។ ក្រោយ​ដកធ្មេញរួច ថ្គាមរបស់គេចាប់ផ្តើមធំឡើងៗ ហើយពួកយើង​ក៏បាននាំគេ​ទៅកាន់​មន្ទីរពេទ្យរដ្ឋ ដើម្បីពិនិត្យ។ ពេទ្យបានប្រាប់ថាគេ កើតជំងឺមហារីក​ដំណាក់​កាលធ្ងន់ធ្ងរ។

ពួកយើង​ពិតជា​មាន​ការ​ភ្ញាក់ផ្អើល​ខ្លាំងណាស់ ពេលដែល​ដឹង​អំពីរឿងនេះ។ ពួកយើង​មិនដឹង​ថា គេទៅ​រកពេទ្យធ្មេញ​ក្លែងក្លាយ​នោះទេ។ ស្ថានភាព​របស់គេ​នៅពេលនេះ គឺធ្ងន់ធ្ងរណាស់ គេមិនអាចនិយាយ មិនអាច​ញុំាបាយ​បានទេ។ រាល់ថ្ងៃនេះ អាចហូបបានត្រឹម តែទឹក រឺអាហារដែល​រាវៗ​តែប៉ុណ្ណោះ»។ គ្រូពេទ្យ បាននិយាយថា ស្ថានភាពរបស់គេគឺ ធ្ងន់ធ្ងរខ្លាំងណាស់ ហើយ​ភាគរយនៃការរស់​ក៏មានតិចដែរ។

ការព្យាបាល​ដោយគីមី អាចនឹងមាន​ការឈឺចាប់ខ្លាំង។ បងប្រុស​របស់ Farooq បាននិយាយថា «នៅក្នុងស្ថានភាពនេះ យើងពិតជា​មិនចង់ធ្វើអោយ Farooq ទទួលការឈឺចាប់ កាន់តែខ្លាំងទេ ទាំងដែល យើងដឹងថា វាមិនអាចជា សះស្បើយឡើងវិញបាន»។

គាត់បន្ថែមថា «គ្រូពេទ្យគ្រាន់ តែផ្តល់​ការណែនាំអោយ ប្រើថ្នាំដើម្បី​បន្ថយ​ការឈឺចាប់តែប៉ុណ្ណោះ»។ យោងតាមសំដីវេជ្ជបណ្ឌិតលោក Noor Muhammad Soomro ជាប្រធានផ្នែកជំងឺមហារីកនៅឯមន្ទីរពេទ្យ Ruth Pfau នៅក្នុងទីក្រុងការ៉ាជីបាននិយាយថា «ជំងឺមហារីកប្រហែលជាកើតឡើង ដោយសារតែ អ្នកជំងឺប្រើថ្នាំជក់ រឺក៏ធ្មេញរបស់គេ មានឆ្លងមេរោគ ពេលដែលដកធ្មេញជាមួយនឹង គ្រូពេទ្យក្លែងក្លាយ ដោយប្រើ​ឧបករណ៍​គ្មានអនាម័យ»។

ម្តាយរបស់ Farooq គឺអ្នកស្រី Razia Noor បាននិយាយថា «កូនប្រុសរបស់ខ្ញុំ កំពុងមានការតស៊ូនៅក្នុងជីវិតរបស់គេនៅថ្ងៃនេះ។ ខ្ញុំសូមអំពាវនាវដល់ រដ្ឋាភិបាល ហើយនឹងភ្នាក់ងារអ្នកអនុវត្តច្បាប់ នៅក្នុងប្រទេសប៉ាគីស្ថាន​ទាំងអស់ សូមមេត្តាចាត់វិធានការ​ទៅលើគ្រូពេទ្យក្លែងក្លាយ​ទាំងនោះទៅ ដើម្បី​ការពារ​អាយុជីវិតអ្នករងគ្រោះ»។

គួរបញ្ជាក់ផងដែរថា គ្រូពេទ្យធ្មេញក្លែងក្លាយ នៅប្រទេសនេះគឺជារីកដុះដាលដូចផ្សិត ដែលគ្លីនិកខុសច្បាប់ ហើយខ្វះទាំងអនាម័យទៀតផង៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial