អ្នករុករកបរទេសកាន់តែច្រើនឡើងៗ បានមកដល់ប្រទេសថៃ ក្នុងយទ្ធនាការជួយសង្គ្រោះមនុស្សទាំង ១៣ នាក់ដែលជាប់នៅក្នុងរូងភ្នំថាំហ្លួង

ក្រុមអ្នក​ជួយសង្គ្រោះ​បរទេស​ជាច្រើន បានទៅដល់ខេត្តឈៀងរ៉ៃ ប្រទេសថៃហើយកាលពីម្សិលមិញនេះ ដើម្បីជួយសង្គ្រោះក្មេងទាំង ១២ នាក់រួមជាមួយ គ្រូបង្វឹករបស់គេ ដែលបានបាត់ខ្លួន នៅក្នុងរូងភ្នំថាំហ្លួង កាលពីថ្ងៃសៅរណ៍សប្តាហ៍មុន។

យ៉ាងហោចណាស់ មានប្រទេសចំនួន ៦ បានផ្តល់ជំនួយ ដើម្បីជួយ​សង្គ្រោះក្មេងប្រុស​ដែលជាប់នៅក្នុងរូងភ្នំ ដែលមានទឹកលិច។ សហរដ្ឋអាមេរិក​បាននិយាយថា វាជាការព្រួយបារម្ភមួយយ៉ាងខ្លាំងចំពោះ​ក្រុមកីឡាករ ដែលបានបាត់ខ្លួន​ទៅ​ជាមួយនឹង​គ្រូបង្វឹករបស់ពួកគេ នៅឯក្នុងរូងភ្នំថាំហ្លួង នៅក្នុងខេត្តឈៀង រ៉ៃ ភាគខាងជើងប្រទេសថៃ។

បញ្ជាការដ្ឋាន​ឥណ្ឌូចិន​ប៉ាស៊ីហ្វិក ដែលមាន​មូលដ្ឋាននៅកោះហាវ៉ៃ (PACOM) បានបញ្ជូនក្រុមអ្នកស្រាវជ្រាយ និងក្រុមអ្នកសង្គ្រោះ តាមសំណើរ​របស់រដ្ឋាភិបាលថៃ ដើម្បីជួយ​ក្នុងការស្វែងរកមនុស្សដែលបានបាត់ខ្លួន។

ក្រុមអ្នកស្រាវជ្រាវ និងជួយសង្គ្រោះរបស់អាមេរិក ដែលមានសមាជិកដល់ទៅ ៣០ នាក់ បានទៅដល់ខេត្តឈៀងរ៉ៃ កាលពីម្សិលមិញនេះ ដើម្បីចែករំលែក​បទពិសោធន៍​របស់ខ្លួន ក្នុងការស្វែងរក និងគាំទ្រ​ដល់កិច្ច​ប្រឹងប្រែង ដែលបានធ្វើ​ឡើង​ដោយ​អាជ្ញាធរថៃ។

សេចក្តីថ្លែងការណ៍​មួយពី ស្ថានទូតអាមេរិក កាលពីម្សិលមិញនេះ បាននិយាយថា «យើងសង្ឃឹមថាកីឡាករ និងគ្រូបង្វឹករបស់ពួកគេ នឹងអាចរកឃើញ ហើយនាំត្រលប់ទៅផ្ទះវិញក្នុងពេលឆាប់ៗនេះ ដោយសុវត្ថិភាព»។

ស្របគ្នានេះដែរ ក្រុមអាជ្ញារធរថៃ ក៏បានដុតដៃដុតជើង ក្នុងការជួួយសង្គ្រោះផងដែរ។ ថ្វីត្បិតតែមិនទាន់មាន តំរុយណាមួយ បញ្ជាក់ច្បាស់ពី មនុស្សទាំង​ ១៣ នាក់នោះក៏ដោយ ប៉ុន្តែក្រុមអាជ្ញាធរថៃ នាព្រឹកថ្ងៃសុក្រនេះ បានទំលាក់ប្រអប់​អាហារជាច្រើនប្រអប់ ចូលទៅក្នុងរូងភ្នំ ដែលនៅក្នុង​ប្រអប់អាហារនោះ​រួមមាន អាហារផ្សេងៗ ផែនទី ទូរស័ព្ទ ដោយសង្ឃឹមថា ពួកគេនឹងទទួលបាន ។

គួររំលឹកផងដែរថា ក្រុមកីឡាករវ័យក្មេងទាំង ១២ រួមជាមួយនឹង គ្រូបង្វឹករបស់ពួកគេ បានចូលទៅលេងនៅក្នុងរូងភ្នំថាំហ្លួង ហើយក៏បានជាប់នៅទីនោះ អស់រយៈពេល ៧ ថ្ងៃហើយ បើគិតដល់ថ្ងៃនេះ។

ទស្សនារូបភាព​ផ្សេងៗអំពីសកម្មភាព នៃការរុករក និងជួយសង្គ្រោះក្មេងទាំង ១២ នាក់ និងគ្រូបង្វឹករបស់ពួកគេ៖

ប្រភព៖ The Nation

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial