គ្រូបង្រៀនម្នាក់ទទួលរងនូវការរិះគន់យ៉ាងចាស់ដៃ បន្ទាប់ពីសរសេរពាក្យ «ខ្ញុំមិនទាន់បង់ថ្លៃសាលាទេ»​ នៅលើអាវក្មេងប្រុសម្នាក់ ដើម្បីជាការក្រើនរំលឹកដល់ឪពុកម្តាយ អោយយកលុយមកបង់ថ្លៃសាលា

មាន​ហេតុការណ៍​ដ៏ភ្ញាក់ផ្អើល​មួយ បានកើតឡើង​នៅ​សាលា​បឋមសិក្សាមួយកន្លែង ស្ថិតនៅក្នុងខេត្ត Phetchabun ក្រោយពេលដែល ក្មេងប្រុសម្នាក់ ត្រូវបាន​គ្រូបង្រៀន​របស់ខ្លួន សរសេរអក្សរនៅលើអាវថា «ខ្ញុំមិនទាន់បង់ថ្លៃសាលាទេ» ដើម្បីជាការក្រើនរំលឹក ដល់ឪពុកម្តាយអោយ​យក​លុយ​មកបង់​ថ្លៃសាលា។

ម្តាយក្មេងប្រុស​មាន​ការខឹង​សម្បារ​យ៉ាងខ្លាំង ហើយក៏បាន​បង្ហោះ​នៅលើ​បណ្តាញ​ទំនាក់ទំនងសង្គម ដោយនិយាយថា កូនប្រុសរបស់នាង ត្រូវបាន​គ្រូ​សម្លុត​ជារឿយៗ ព្រោះតែ​មិន​យក​លុយទៅបង់ថ្លៃសាលា។

នាងបាន​និយាយ​នៅលើ​ហ្វេសប៊ុក​ទៀតថា «តើអ្នក​យល់​អារម្មណ៍​ក្មេងទេ? តើអ្នកធ្វើ​ជាគ្រូ​បាន​ដោយ​របៀបណា? ការហួសថ្លៃ​បង់លុយសាលា គឺជាការ​ទទួល​ខុសត្រូវ​របស់ឪពុកម្តាយ មិនមែនរបស់សិស្សនោះទេ»។

ហេតុការណ៍នេះ​បានធ្វើ​អោយ អ្នកនិយមលេងហ្វេសប៊ុក​ជាច្រើននាក់ បានបញ្ចេញ​អារម្មណ៍ខឹងសម្បារជាខ្លាំង ចំពោះទង្វើគ្រូបង្រៀនម្នាក់នោះ។

ក្រោយ​ហេតុការណ៍នេះ​បានផ្ទុះឡើង នាយករងសាលាបឋមសិក្សា ក៏បានចេញមុខសុំអភ័យទោស ដល់សាធារណៈជន ក៏ដូចជា​ឪពុកម្តាយ​ក្មេងប្រុសរងគ្រោះ កាលពីថ្ងៃសុក្រ​សប្តាហ៍មុន ចំពោះទង្វើ​បុគ្គលិក​របស់ខ្លួន ដែលបានធ្វើ​រឿង​ដ៏​អាម៉ាស់​យ៉ាងនេះ ទៅកាន់ក្មេងប្រុស។ យោងតាមប្រភពព័ត៌មាន បានអោយដឹងថា ​ថ្លៃសាលា​ដែល​ត្រូវបង់នោះ​គឺ ៧០០ បាត (២២ដុល្លា)។

យោងតាម​សំដី​នាយករង​បានប្រាប់​អោយដឹងថា គាត់នឹង​ស៊ើបអង្កេត​លើករណីនេះបន្ថែម​ ហើយគាត់ពិតជា​មាន​ការសោកស្តាយ​ខ្លាំងណាស់ ចំពោះវិធីប្រមូលលុយ​របស់បុគ្គលិកគាត់។ ទោះបីជាយ៉ាងណាក៏ដោយ គ្រូបង្រៀនម្នាក់នោះ មិនត្រូវបានគេ បង្ហើបប្រាប់ឈ្មោះនោះទេ។

ថ្វីត្បិតតែ ការសិក្សានៅសាលារដ្ឋ គឺមិនគិតថ្លៃ ក៏ដោយនៅក្នុងប្រទេសថៃ ប៉ុន្តែនៅតាមសាលាខ្លះ អាចនឹង​ប្រមូល​ថ្លៃឈ្នួល​បន្តិចបន្តួច សម្រាប់សកម្មភាព​សិក្សា​បន្ថែមផ្សេងៗ។ ករណីខ្លះ ថ្លៃឈ្នួលនោះ អាចនឹងត្រូវលើកលែង សម្រាប់គ្រួសារក្រីក្រ ដែលគ្មានលទ្ធភាពបង់៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial