ស្ត្រីម្នាក់ប៊ិះនឹងស្លាប់ ដោយការគ្រូអាយអំពាយដុតអណ្តាត ព្រោះគិតថានាងត្រូវព្រលឹងខ្មោចចូលសណ្ឋិត ការពិតនាងកើតជំងឺម្យ៉ាងសោះ

នារីវ័យ ២៥ ឆ្នាំម្នាក់ ដែលមាន​ឈ្មោះថា Jatha Devi ជនជាតិឥណ្ឌា រស់នៅទីក្រុង Pali ក្នុងខេត្ត Rajasthan ត្រូវបានគ្រូចាប់ខ្មោច ដៅលំពែងមុខបី នៅលើអណ្តាតរបស់នាង ព្រោះគិតថានាងត្រូវព្រលឹង​ខ្មោចចូលសណ្ឋិត។

ដំបូងឡើយ ប្តីរបស់នាង ដែលមានឈ្មោះថា Kishan Jat ជាកម្មករស៊ីឈ្នួលប្រចាំថ្ងៃ បានឃើញប្រពន្ធមានអាការៈ មិនស្រួលជាច្រើនថ្ងៃ ដូច្នេះគាត់​ក៏បាននាំ​នាង​ទៅកាន់ មន្ទីរពេទ្យរដ្ឋមួយកន្លែង។ ប៉ុន្តែស្ថានភាពរបស់នាង ហាក់មិនប្រសើរឡើង ដូច្នេះសាច់ញាតិរបស់ Jatha ជឿជាក់ថា​នាង​ប្រាកដជា​​ត្រូវខ្មោច​ចូលហើយ ដូច្នេះពួកគេ​ក៏បាន​ទទូចសុំពេទ្យ នាំនាងទៅជួបគ្រូចាប់ខ្មោចវិញ។ ទៅដល់ទីនោះ គ្រូចាប់ខ្មោច ជឿថានាងត្រូវព្រលឹងខ្មោចចូលសណ្ឋិត ដូច្នេះមានតែការដុតស្បែក ដោយប្រើដំបងក្តៅ ឬប្រើដុំដែកក្តៅទេ ទើបអាច​បណ្តេញខ្មោច​ចេញពីក្នុងខ្លួនរបស់នាងបាន។

ក្រុមគ្រួសាររបស់នាង​ក៏បានយកនាង ទៅជួបគ្រូចាប់ខ្មោចម្នាក់ ដែលមានឈ្មោះថា Jairam Bhat ហើយគ្រូចាប់ខ្មោចរូបនោះ ក៏បានដៅ​លំពែងមុខបី​នៅលើអណ្តាត បបូរមាត់ ថ្ងាស និង ដៃរបស់នាងរយៈពេល ២ ថ្ងៃ ដើម្បីបណ្តាញខ្មោច។

ទោះបីជា​យ៉ាងណាក៏ដោយ ស្ថានភាព​របស់នាង​មិនបាន​​ធូរស្រាល​នោះទេ ផ្ទុយទៅវិញមានតែធ្ងន់ឡើងៗ ហើយនាង​មិនអាច​និយាយ​បាន​សូម្បី​តែមួយម៉ាត់ បានត្រឹម​តែដេក​ថ្ងូរទាំងឈឺផ្សារ។ ភ្លាមៗ Jatha ត្រូវបាន​ក្រុមគ្រួសារ​បញ្ជូនទៅកាន់មន្ទីរពេទ្យ Bangar ក្នុងទីក្រុង Jodhpur ដើម្បីសង្គ្រោះបន្ទាន់។ ពេលទៅដល់មន្ទីរពេទ្យ ក្រុមគ្រូពេទ្យបានពិនិត្យឃើញថា នាងមានជំងឺផ្លូវចិត្ត។

លោកវេជ្ជបណ្ឌិត Daljeet Singh Ranawat ដែលជា​អ្នកប្រឹក្សាយោបល់​ខាងផ្នែក​ចិត្តសាស្ត្រនៅក្នុង​មន្ទីរពេទ្យ​បានលើកឡើងថា «Jatha កើតជំងឺវិកលចរិក។ អ្នកជំងឺនេះ​នឹង​លេច​ចេញនូវរោគសញ្ញាមួយចំនួនដូចជា មានការមមើរមមាយ និយាយឡប់ឡិន ថប់បារម្ភ មានការភាន់ភាំង និង គេងមិនលក់ជាដើម»។

ជាសំណាងល្អ ដែលជំងឺនេះ​អាចព្យាបាលបាន ហើយនឹង​ជាសះស្បើយ​មិនយូរជាង ៦ ខែទេ។ ករណីរបស់ Jatha ក៏បញ្ជូនដល់ដៃប៉ូលីស ហើយប៉ូលីស​ក៏បានចាប់ខ្លួន លោក Jairam Bhat ដែលជាគ្រូចាប់ខ្មោច។ ទោះបីជាយ៉ាងណាក៏ដោយ ក៏ប្រជាជនភាគច្រើន ដែលរស់នៅរដ្ឋ Rajasthan នៅតែមាន​ជំនឿទៅលើ​ការព្យាបាល​បែបអាប់ធ្មប់នេះ ព្រោះពួកគេ​ភាគច្រើន​មិនសូវចេះអក្សរ ហើយជាប្រជាជនក្រីក្រ។ ពួកគេតែងតែ​នាំកូនៗ​របស់ពួកគេ ទៅគ្រូអាយអំពាយ ព្យាបាលដោយការដុត សូម្បីតែនៅពេលដែល កូនៗរបស់ពួកគេគ្រុន រឺឈឺពោះជាដើម។

ថ្វីត្បិតតែវាជា អំពើ​ខុសច្បាប់​ដោយក៏ដោយ ហើយ​តែងតែ​មាន​​ករណីស្លាប់​ជាច្រើន​បានកើតឡើង ដោយសារតែ​​​ការព្យាបាល​នេះក៏ដោយ ប៉ុន្តែ​របរ​គ្រូអាយអំពាយនេះ​​នៅតែមាន គ្រាន់តែពួកគេបើក​ជា​​លក្ខណៈ​​សម្ងាត់តែ​ប៉ុណ្ណោះ។

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial