ប្តីប្រពន្ធមួយគូនេះ បង្ហាញពិភពលោកអោយឃើញពី រូបរាងនៃស្នេហាពិត៖ រៀបការបាន ៥ ខែ ខាងស្រីធ្លាក់ខ្លួនឈឺពិការ តែខាងប្រុសមិនរត់ចោលនាងទេ ទោះពេទ្យប្រាប់ថាភាគរយជាគឺតិចបំផុតក៏ដោយ

នារីគ្រប់រូប​តែងតែ​ប្រាថ្នាចង់បាន​ស្វាមី​ ដែលចេះ​ផ្តល់កំលាំង​ចិត្តអោយភរិយា​ និងតែងតែគាំទ្រគ្រប់ពេលវេលា។ ជាពិសេស​មិនរត់ចោលគ្នា នៅគ្រាមានទុក្ខលំបាក និងឈឺស្កាត់។ មានមនុស្សជាច្រើននិយាយថា នៅលើលោកនេះ គ្មានឡើយមនុស្សបែបនេះ ប៉ុន្តែការពិតទៅ​មិនមែនថាគ្មានទាំងស្រុងនោះទេ គ្រាន់តែមានតិចបំផុត។

សម្រាប់នារី ដែលបាន​ជួបបុរសបែបនេះ អាចចាត់ទុកថា​នាងគឺជា​មនុស្សស្រី ដែលសំណាងបំផុតនៅក្នុងលោក។ តួយ៉ាងដូចជា​នារីម្នាក់នេះ ក្រោយរៀបការបាន ៥ ខែ ស្រាប់តែ នាងកើតជំងឺ​ដ៏កម្រម្យ៉ាង ដែលធ្វើអោយ ជើងរបស់នាងស្វិត ហើយមិនអាចដើរ​បាន។ គ្រូពេទ្យប្រាប់ថាមានសង្ឃឹមតិចណាស់ ដែលនាងអាច​ជះស្បើយឡើងវិញ ប៉ុន្តែដោយសារ​តែកំលាំងចិត្ត និងការលើកទឹកចិត្តពី ស្វាមីរបស់នាង ទើបធ្វើអោយ នាងមានជីវិតល្អប្រសើរឡើងវិញ ហើយ មានសុខភាពល្អរឹងមាំ ដូចជាមនុស្សធម្មតាដែរ។

នៅថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ ២០១៧ គឺជាថ្ងៃមង្គលរបស់ពួកគេ។ នៅថ្ងៃនោះផងដែរ ពួកគេទាំងពីរនាក់បានស្បថស្បែសច្ចាថា នឹងស្រលាញ់គ្នាជារៀងរហូត ទោះបីជា​ឈឺក្តី ជាក្តី ក៏នៅតែស្រលាញ់គ្នា។ អ្នកណាទៅដឹងថា ពាក្យស្បថស្បែសច្ចាមួយនេះ បានកើតឡើងយ៉ាងឆាប់រហ័ស បន្ទាប់អាពាហ៍ពិពាហ៍របស់ពួកគេនោះទេ។

រៀបការបាន ៤ ខែ ស្រាប់តែកូនក្រមុំ បានធ្លាក់ខ្លួនឈឺ។ ក្រោយធ្វើរោគវិនិច្ឆ័យ​ឃើញថា នាងកើតជំងឺដ៏កម្រម្យ៉ាង ដែលហៅថា Guillain Barre Syndrome គឺជា​ស្ថានភាពសុខភាព​ដ៏កម្រមួយ ដែលកើតមានឡើងលើ មនុស្សតែម្នាក់ ក្នុងចំណោម ១សែននាក់។ អ្វីដែលកាន់តែអាក្រក់នោះគឺ នៅពេលនោះ នាងមានផ្ទៃពោះ ៣ ខែហើយ។

ដោយសារតែ​ស្ថានភាពជំងឺ​ដ៏អាក្រក់នេះ បានធ្វើអោយ រាងកាយទាំងមូល​របស់នាងពិការ។ នាងអាចកំរើក បានតែក្បាលតិចៗប៉ុណ្ណោះ ។ នាងមិនអាច​បិទភ្នែករបស់នាងជិតទេ។ នាងថែម​បាត់បង់​សមត្ថភាព ក្នុងការលេបចំណីអាហារ ហើយក៏ពិបាក​ក្នុងការដកដង្ហើមផងដែរ។

រយៈពេល ៣ ខែ ដែលប្តីប្រពន្ធមួយគូនេះ ត្រូវជួបការលំបាក ព្រោះ Grace ត្រូវនៅក្នុងបន្ទប់ ICU ។ អ្វីដែលកាន់តែខ្លោចផ្សារនៅក្នុងចិត្តនោះ ពួកគេ បានបាត់បង់កូនក្នុងផ្ទៃ របស់ពួកគេ។

ដោយឆ្លងកាត់ ពេលវេលាដ៏លំបាកបំផុតនេះ បានធ្វើអោយ Limuel ដែលជាស្វាមី បានដឹងថា ខ្លួនពិតជាស្រលាញ់ប្រពន្ធខ្លាំងបំផុត។ ពួកគេនៅតែជឿជាក់ថា ទេវតានឹងអាណិតដល់ពួកគេ។

នៅពេលដែល Grace ចេញពីមន្ទីរពេទ្យ ត្រលប់មកផ្ទះវិញ Limuel បានជួយបង្រៀនប្រពន្ធអោយរៀនដើរ​បន្តិចម្តងៗ ជារៀងរាល់ថ្ងៃ។ ការព្យាយាមនេះ​ពិតជា​ពិបាក ដោយសារតែ Grace ទទួលរងនូវ​ការឈឺចាប់​ពេញ​ទាំងរាងកាយ តែនាងនៅតែខំប្រឹង ដោយសារតែ​ប្តីរបស់នាងបានផ្តល់កំលាំងចិត្ត ហើយតែងតែ​នៅពីក្រោយ​នាងជានិច្ច។

ទោះបីជា ជើងរបស់នាង ចាប់ផ្តើមស្វិត​បន្តិចម្តងៗ​ក៏ដោយ ប៉ុន្តែប្តីរបស់នាង​នៅតែមិនអស់សង្ឃឹម ហើយព្យាយាម​លើក​ទឹកចិត្តប្រពន្ធ អោយមាន​ការពុះពារ​តស៊ូជំនះ​នូវឧបសគ្គមួយនេះ។ ដោយសារតែ​ការព្យាបាល​ដោយចលនា មានតម្លៃថ្លៃពេក ដូច្នេះ Limuel ក៏ព្យាយាមអស់សមត្ថភាព​របស់គាត់ ក្នុងការបង្កើត ឧបករណ៍ព្យាបាលចលនា​នៅផ្ទះដោយខ្លួនឯង។ នៅពេលនោះគាត់បានព្យាយាម ធ្វើចលនា​អោយប្រពន្ធរបស់គាត់។

បន្ទាប់ព្យាបាលចលនា​នៅផ្ទះ ដោយខ្លួនឯង​បន្តិចម្តងៗនោះ មិនយូរប៉ុន្មាន ប្រពន្ធរបស់គាត់ក៏អាចក្រោកឈរ ដោយខ្លួនឯងបាន ហើយថែមទាំងអាច បោះជំហានបាន ២ ៣ ជំហាន ដោយប្រើឧបករណ៍ជំនួយការដើរ។

Grace ចេះតែ​បន្តព្យាបាលចលនា​បែបនេះ​បន្តិចម្តងៗ ហើយសុខភាពរបស់នាង ក៏ប្រែមកល្អ បន្តិចម្តងៗ រហូតរាងកាយរបស់នាង អាចរឹងមាំជាងមុន។ ពិតជាអស្ចារ្យខ្លាំងណាស់ ៥ ខែក្រោយការខំប្រឹងរបស់ស្វាមី ហើយនឹងការ ព្យាយាមរបស់នាង ទីបំផុត Grace ក៏អាចដើរបានម្តងទៀតខ្លះ ហើយពួកគេសង្ឃឹមថា នឹងអាចមានជីវិតរស់នៅដូចធម្មតា៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial