ទីបំផុតភរិយារបស់លោក Vanness Wu ព្រមស៊ីញ៉េលើលិខិតលែងលះហើយ ព្រោះមិនអាចទ្រាំរស់នៅជាមួយនឹង ជីវិតដ៏ឈឺចាប់បានតទៅទៀត

តារាចម្រៀង និងសំដែងដ៏ល្បីឈ្មោះ ជនជាតិតៃវ៉ាន់កាត់អាមេរិកគឺលោក Vanness Wu ហើយនឹងនារីវណ្ណៈខ្ពស់ជនជាតិសិង្ហបុរី អ្នកនាង Arissa Cheo ទីបំផុតបានលះលែងគ្នាហើយ ក្រោយពីរៀបការរយៈពេល ៥ ឆ្នាំ។

រឿងរ៉ាវស្នេហារបស់ លោក Wu វ័យ ៣៩ ឆ្នាំ ហើយនឹងអតីតភរិយា អ្នកនាង Cheo វ័យ ៣៥ ឆ្នាំ បានធ្វើអោយ​អ្នកគាំទ្រជាច្រើន​មានការ​ចាប់អារម្មណ៍​យ៉ាងខ្លាំង​​ នៅពេលដែល​បែកធ្លាយពីទំនាក់ទំនងរបស់ពួកគេ។

ពួកគេ​បានទាក់ទងគ្នា​រយៈពេល ៧ ឆ្នាំ មុនពេលដែល​ឈានចូល​ដល់​ការរៀបអាពាហ៍ពិពាហ៍ ដែល​ប្រព្រឹត្តទៅ​នៅ​ខែវិច្ឆិកា ឆ្នាំ ២០១៣។ លុះពេលដែល​ពួកគេ​រៀបការ​បានរយៈពេល ប្រហែល ១ ឆ្នាំ ស្រាប់តែពួកគេ​ប្រទះឃើញថា​ ជីវិតអាពាហ៍ពិពាហ៍​របស់ពួកគេមានបញ្ហា​មិនចុះសម្រុងនឹងគ្នា។

ដើមហេតុ​ដែលធ្វើ​អោយពួកគេ​ទាំងពីរនាក់ បែកបាក់គ្នានោះ គឺមកពីការ​ប្រកាន់​ជំនឿសាសនាខុសគ្នា ហើយអ្វីដែល​ធំបំផុត​នោះគឺ កង្វះការគាំទ្រគ្នាទៅវិញទៅមក។ ជាក់ស្តែងដូចជា​នៅចុងឆ្នាំ ២០១៤ ពួកគេទាំងពីរនាក់ បានផ្ទុះសង្គ្រាមពាក្យសំដី នៅលើគណនី Instagram ដែលកាលនោះ អ្នកនាង Cheo បានបោះពាក្យថា សាសនាគ្រិស្ត ដែលលោក Wu មានជំនឿនោះគឺជាសាសនាក្លែងក្លាយ។ ពេលនោះហើយ​ដែលលោក Wu បានផ្ទុះកំហឹង ហើយប្រាប់​ប្រពន្ធរបស់លោកវិញថា «ប្រយ័ត្នសំដីបន្តិច»។ ក្រោយមកពួកគេទាំងពីរនាក់ក៏ unfollow គ្នាទៅវិញទៅមក។

ការប៉ះទង្គិចគ្នា​រវាង​បែបផែន​ ក្នុងការរស់នៅជីវិតប្រចាំថ្ងៃ ភាពខុសគ្នា​ដែលមិនអាច​ស្របតាមគ្នាបាន ហើយនឹងការមិនគាំទ្ររបស់​អ្នកនាង Cheo ទៅលើអាជីពរបស់លោក Wu គឺជាហេតុចំបង ដែលធ្វើអោយពួកគេ មិនចុះសម្រុងគ្នា ហើយឈានដល់ការរស់នៅបែកគ្នា។

បើយោងតាម​សំដីមិត្តភក្តិ​របស់លោក Wu បានប្រាប់អោយ​ដឹងថា​អ្នកនាង Cheo ចូលចិត្តភាពរីករាយ​ ហើយដើរជប់លៀង នៅពេលយប់អាធាត្រ ទោះបីជា​អ្នកនាង​រៀបការ​ហើយក៏ដោយ។ មិត្តភក្តិម្នាក់នោះ​បាននិយាយប្រាប់ អ្នកយកព័ត៌មាន Sina News ថា «Arissa គឺជាមនុស្សបើកចំហ។ នាងចូលចិត្ត​កម្មវិធី​ជប់លៀងស៊ីផឹកនៅពេលយប់។ ទម្លាប់ក្នុងការរស់នៅរបស់នាង មិនត្រូវគ្នាជាមួយនឹង Vanness ទេ»។ គាត់បន្តទៀតថា «ចុងក្រោយពួកគេ​ក៏បែកគ្នាពិតមែន។ ការពិតទៅវា​គ្មានអ្វី​គួរអោយ​ភ្ញាក់ផ្អើលនោះទេ»។

បើតាម​ច្បាប់​ប្រទេសសិង្ហបុរី គូស្វាមី​ដែលមាន​បំណង​ចង់លែងលះគ្នា គឺអាច​លែងបាន​លុះត្រាតែនៅបែកគ្នា​រយៈពេល ៣ ឆ្នាំឡើងទៅ។ ជាក់ស្តែងលោក Wu ហើយនឹង​អ្នកនាង Cheo បានរស់បែកគ្នាគ្រប់ ៣ ឆ្នាំហើយ គិតត្រឹម​ខែឧសភា​កន្លងទៅនេះ។

កន្លងមកលោក Wu បានស្នើសុំ​ធ្វើការ​លែងលះគ្នា​ជាច្រើនដង​រួចមកហើយ ប៉ុន្តែអ្នកនាង Cheo បានបដិសេធ​មិនព្រមចុះហត្ថលេខា​លើឯកសារ​លែងលះនោះទេ ប៉ុន្តែទើបតែថ្មីៗនេះ អ្នកនាងក៏សម្រេចចិត្ត​ព្រមចុះ​ហត្ថលេខា​លែងលះគ្នា។

មេធាវីរបស់អ្នកនាង Cheo បានប្រាប់អ្នក​យកព័ត៌មាន​ថា «កូនក្តីរបស់ខ្ញុំ មិនព្រមលែងលះនោះទេ ប៉ុន្តែនាង​គ្មានជម្រើស​ផ្សេងឡើយ ទើបបានជា​នាងយល់ព្រមស៊ីញ៉េ»។ គាត់បន្តទៀតថា «នាងបានតស៊ូ​យ៉ាងលំបាក​ក្នុងការរស់នៅ ជាមួយនឹងជីវិត​អាពាហ៍ពិពាហ៍មួយនេះ ប៉ុន្តែអ្វីដែលទទួលបានគឺ មានតែភាពទុក្ខសោក។ នាងក៏សម្រេចចិត្ត បញ្ចប់ត្រឹមនេះ​ ដោយសារតែ នាងមិនអាចទ្រាំរស់នៅ ជាមួយនឹងការឈឺចាប់ ខ្លោចផ្សារបានតទៅទៀត»។

ទន្ទឹមនឹងនេះផងដែរ គេនៅមិនទាន់អាច ទាក់ទង​សុំការ​សម្ភាសន៍ពី​លោក Wu ដោយផ្ទាល់បានទេ ដោយសារ តែពេលនេះ គាត់កំពុងជាប់ រវល់ថតរឿងនៅសៀងហៃ។ ទោះបីជាយ៉ាងណាក៏ដោយ អ្នកចាត់ការរបស់លោក Wu បាននិយាយថា «អាពាហ៍ពិពាហ៍គឺ រវាងមនុស្សពីរនាក់។ អ្នកដទៃមិន​ដឹងរឿងច្បាស់នោះទេ ហើយក៏គ្មានជាប់ពាក់ព័ន្ធដែរ។ ពួកយើងសង្ឃឹមថាពិភពលោកខាងក្រៅ នឹងទុកផ្លូវអោយពួកគេ ដើរដោយស្ងប់ស្ងាត់។ ពួកយើង ជឿជាក់ទៅលើពេលវេលា ការពិតនឹងបង្ហាញ នៅពេលណាមួយ»។

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial