ឪពុកម្នាក់លែងខ្មាស់លែងអៀនហើយ អោយតែបានលុយយកទៅ ព្យាបាលកូនស្រីដែលកើតជំងឺមហារីក

បុរសជនជាតិចិនវ័យ ៤៥ ឆ្នាំ ម្នាក់ លែងមាន​អារម្មណ៍​ខ្មាស់អៀនហើយ ទោះអោយគាត់ធ្វើអ្វីក៏គាត់ធ្វើដែរ អោយតែបាន លុយយកទៅ​ព្យាបាល​កូនស្រីរបស់គាត់។ យោងតាម​ប្រភពព័ត៌មានប្រទេសចិន បានអោយដឹងថា បុរសមា្នក់ ដែលមានឈ្មោះថា Guo Anchuan បានចំណាយពេលវេលាអស់រយៈពេល ៥ ឆ្នាំ តស៊ូជំនះរាល់ឧបសគ្គទាំងអស់ ដើម្បីរកប្រាក់ព្យាបាលកូនស្រីរបស់គាត់ ដែលមានអាយុ ៩ ឆ្នាំ កើតជំងឺមហារីកឈាម។

ប្រភពព័ត៌មាន​ដដែល​បានអោយ​ដឹងថា បុរសរូបនោះ​មានស្លៀកពាក់​ឈុតកូនក្រមុំ ឈរនៅតាមចិញ្ចឹមផ្លូវ ដើម្បីរៃអង្គាសប្រាក់ យកមកព្យាបាលជំងឺរបស់កូនស្រី។ អ្នកដំណើរ​ដែលដើរឆ្លងកាត់ផ្លូវមួយកន្លែង ដែលស្ថិតនៅក្នុងស្រុក Zigong ខេត្ត Sichuan តែងតែឃើញឪពុកកំសត់រូបនោះ។

យោងតាម​ប្រភពព័ត៌មានដដែល​បានអោយដឹងថា កូនស្រីរបស់លោក Guo Anquan កើតជំងឺ
មហារីឈាម​តាំងពីឆ្នាំ ២០១៣ ម្ល៉េះ។ ចាប់តាំងពី​កូនស្រីរបស់គាត់​ ពិនិត្យឃើញថាកើតជំងឺមហារីកឈាមមក លោក Guo បានចំណាយ ប្រាក់សន្សំរបស់គាត់​អស់ពីខ្លួន ហើយថែមទាំងខ្ចីលុយសាច់ញាតិរបស់គាត់ អស់រាប់ម៉ឺនដុល្លាថែមទៀតផង ដើម្បីព្យាបាលកូនស្រីរបស់គាត់។ បន្ទាប់ពីធ្វើការព្យាបាល ដោយប្រើគីមីចំនួន ៨ លើករួចហើយ ជំងឺកូនស្រីរបស់គាត់ ក៏បានធូរស្បើយបន្តិច។

តែជាអកុសល នៅអំឡុងខែកុម្ភៈ ឆ្នាំ ២០១៨ នេះ ស្រាប់តែ ជំងឺកូនស្រី​របស់គាត់ ក៏បានរើឡើងវិញ ទើបធ្វើអោយគាត់ គ្មានលទ្ធភាពរកប្រាក់ មកព្យាបាល​កូនស្រីរបស់គាត់។ ទោះបីជាយ៉ាងណា​ក៏ដោយ ក៏ឪពុកកំសត់រូបនេះ មិនចុះចាញ់ និងរុញរាឡើយ ដើម្បី​កូនស្រីរបស់គាត់ លោក Guo ក៏សម្រេចចិត្តថា ស្លៀកពាក់តុបតែងខ្លួនជាកូនក្រមុំ ហើយឈរកាន់បដាមួយដែលសរសេរថា «ស្វែងរកអ្នកចូលរួមក្នុងការបរិច្ឆាគប្រាក់ដើម្បីសង្គ្រោះកូនស្រីរបស់ខ្ញុំ។ ខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នា នឹងមានចិត្ត​សប្បុរសធម៌​ជួយដល់​កូនស្រីរបស់ខ្ញុំ ដែលកំពុងមានជំងឺមហារីកឈាម។ ខ្ញុំនឹងចំណាយ ពេលវេលាពេញមួយជីវិតរបស់ខ្ញុំ តបស្នងសងគុណនូវទឹកចិត្តដ៏ជ្រះថ្លារបស់អ្នកវិញ»។

ទោះបី​ជាមើលទៅ ហាក់បីដូចជា ចម្លែកបន្តិចមែន ប៉ុន្តែលោក Guo បាននិយាយថា រហូតមកទល់ពេលនេះ គាត់អាចរកប្រាក់បាន​ចំនួន ១៦០០០យ័ន (ប្រហែលជា​២៥០០ដុល្លា) សម្រាប់​បង់ថ្លៃព្យាបាល​កូនស្រីរបស់គាត់។ ថ្វីត្បិតតែប្រាក់ ដែលរកបាននេះ នៅមិនទាន់គ្រប់សម្រាប់ថ្លៃព្យាបាល ដែលមានតម្លៃ ៧០០០០យ័ន (ប្រហែល ១១០០០ដុល្លា) ក៏ដោយ​ ប៉ុន្តែវាពិតជា​ប្រសើរជាង​អត់នោះដែរ។

លោក Guo និយាយថា ដើម្បីសង្គ្រោះជីវិត កូនស្រីរបស់គាត់ អ្វីក៏គាត់មិនខ្វល់ដែរ។ គាត់លើកឡើងថា «សេចក្តីថ្លៃថ្នូរ​មានន័យអ្វីសម្រាប់ខ្ញុំ។ ខ្ញុំនឹងធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីសង្គ្រោះកូនស្រីខ្ញុំ»។

កូនស្រីរបស់គាត់ បច្ចុប្បន្ននេះត្រូវការ ការព្យាបាល ២​ដំណាក់កាលទៀត ដែលត្រូវចំណាយប្រាក់ច្រើនបំផុត។ លោក Guo បាននិយាយថា «គ្រូពេទ្យប្រាប់ពួកយើងថា កូនស្រីរបស់ខ្ញុំត្រូវបានផ្លាស់ប្តូរខួរឆ្អឹងជាបន្ទាន់ តាមដែលអាចធ្វើទៅបាន។ ទោះបីជា ថ្នាំគីមីទាំងនោះ បានសម្លាប់​កោសិកាមហារីក​ទាំងអស់​បានក៏ដោយ ប៉ុន្តែវានៅតែ​អាចលាប់ឡើងវិញ​បានដដែល»។

លោក Guo និងភរិយារបស់គាត់ បានផ្លាស់មករស់នៅ អាផាត់មីនមួយ ដែលនៅក្បែរមន្ទីរ ដូច្នេះពួកគាត់​មានភាពងាយស្រួល អាចនៅជិតកូនស្រីរបស់គាត់បាន។ បន្ទាប់ពីរូបថត ក៏ដូចជាវីដេអូរបស់គាត់ ត្រូវបានគេបង្ហោះ នៅលើបណ្តាញសង្គម ក៏ត្រូវបានអ្នក​និយមលេងបណ្តាញសង្គម ជាច្រើននាក់នៅ​ប្រទេសចិន បានសម្តែងនូវការកោតសរសើរ ចំពោះទឹកចិត្តរបស់លោក Guo ដែលសុខចិត្តកាត់កេរិ៍្តកាត់ខ្មាស់ លះបង់ដើម្បីកូនស្រីរបស់គាត់។

ក្នុងនោះផងដែរ ក៏មាន​អ្នកលេង​បណ្តាញសង្គម​ជាច្រើននាក់ ក៏បាននាំគ្នា ជូនពរកូនស្រីរបស់គាត់អោយ​ឆាប់ជាសះស្បើយ ហើយខ្លះទៀត ក៏បានបរិច្ចាគប្រាក់ផ្ទាល់ខ្លួនរបស់ពួកគេផងដែរ៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial