រឿងរ៉ាវអាថ៌កំបាំងទាក់ទងនឹង Lina Medina អ្នកម្តាយវ័យក្មេង ដែលមានកូននៅអាយុ ៥ ឆ្នាំ

អ្នកប្រហែលជា​មិនចង់​ជឿទេថា ស្ត្រីម្នាក់នេះ មានកូននៅអាយុ ៥ឆ្នាំ។ តើវាទៅ​រួច​បាន​ដោយរបៀបណា? ការពិតទៅ​វាបានកើតឡើងរូច​ទៅហើយៗ​ថែមទាំងត្រូវបាន​គេកត់ត្រាចូលទៅ​ក្នុងកំណត់ត្រា​ពិភព​លោកថែមទៀតផង។

រឿងរ៉ាវ​កើតមានឡើង​ដូចតទៅ នៅក្នុងឆ្នាំ ១៩៣៣ មានក្មេងស្រីម្នាក់​ដែលមាន​ឈ្មោះថា Lina Medina កើតនៅក្នុងទីក្រុង Ticrapo ប្រទេសប៉េរូ។ នៅពេលដែល Lina មានអាយុ ៥ ឆ្នាំ នាងត្រូវបាន​ឪពុកម្តាយរបស់នាង​នាំទៅ​ជួបគ្រូពេទ្យ បន្ទាប់ពី​ប្រទះឃើញ​ពោះ​របស់នាង​ចេះតែធំឡើងៗ។

ឪពុកម្តាយ​របស់នាង ដំបូងឡើយគិតថា កូនស្រីប្រហែល​ជាកើតជំងឺ​ដុះដុំសាច់នៅក្នុងពោះ ប៉ុន្តែក្រោយ​ពេលដែល​គ្រូពេទ្យ​ពិនិត្យមើល​រួចរាល់​ហើយ គ្រូពេទ្យបាន​បញ្ជាក់ប្រាប់​យ៉ាងច្បាស់ថា Lina មានទំងន់កូន ៧ ខែ នៅក្នុងផ្ទៃរបស់នាង។

លោកវេជ្ជបណ្ឌិត Geraldo Lozada គឺជាគ្រូពេទ្យ​ប្រចាំខ្លួន​របស់ Lina ហើយ​ក៏ជា​អ្នកទទួល​ខុសត្រូវ លើករណីនេះផងដែរ។ គាត់ថែម​ទាំងបាន​ពិនិត្យ​យ៉ាងល្អិតល្អន់ ចំពោះ​ករណី​​ដ៏កម្រនេះ​ផងដែរ។ បន្ទាប់ពីពិនិត្យ និងធ្វើរោគវិនិច្ឆ័យ​លើករណីនេះរួចរាល់ហើយ លោកវេជ្ជបណ្ឌិត Lozada បានប្រាប់ថា Lina កើតមកជាមួយនឹង​ហ្សេនដ៏កម្របំផុតមួយ ដែលគេហៅថា« precocious puberty» ។

ជាក់ស្តែង Precocious Puberty គឺជា​ស្ថានភាពដ៏​កម្រមួយ​ដែលធ្វើ​អោយ​ក្មេងស្រី​ពេញវ័យ​លឿនជាង​មនុស្សធម្មតា។ ដែលជាទូទៅ​ក្មេងស្រី​នឹងពេញវ័យនៅ​អាយុប្រហែល ១០ឆ្នាំ ហើយក្មេងប្រុស​នឹង​ពេញវ័យនៅ​អាយុចន្លោះ​ពី ១១ ទៅ ១២ ឆ្នាំ។

ផ្ទុយទៅវិញ Lina មករដូវតាំងពី​នាងមាន​អាយុប្រហែល ២ ឆ្នាំកន្លះទៅ ៣ឆ្នាំម្ល៉េះ។ ហើយការ​លូតលាស់​សុដន់ពេញលេញ​ដូចមនុស្សក្រមុំ​តាំងពី​នាងមាន​អាយុ ៤ ឆ្នាំ។ នៅពេល​ដែលនាង​មានអាយុ ៥ ឆ្នាំ រាងកាយ​របស់នាង​បានលូតលាស់​អាងត្រគាកពេញលេញ ដូចមនុស្សពេញវ័យ​ទាំងស្រុង​តែម្តង។

Lina Medina បានក្លាយជា​​អ្នកម្តាយ​ដែលមាន​អាយុក្មេង​ជាងគេបំផុត​នៅក្នុងពិភព (មានកូននៅ​អាយុ៥ ឆ្នាំ ៧ ខែ នឹង ២១ ថ្ងៃ)។ នាងបានផ្តល់កំណើត​កូនប្រុសម្នាក់ នៅថ្ងៃទី ១៤ខែ ឧសភា ឆ្នាំ ១៩៣៩ សម្រាល​ដោយការ​វះកាត់ ព្រោះឆ្អឹងអាងត្រគាក​របស់នាងតូចពេក ដែលពិបាក​ក្នុងការ​ផ្តល់កំណើត​ដោយធម្មជាតិ។

កូនរបស់នាងកើតមកមានទំងន់ ២៧០០ក្រាម (២គីឡូ ៧ខាំ) មានសុខភាពល្អ និងកើតមកគ្រប់លក្ខណៈ។ ទារកនោះមានឈ្មោះថា Gerardo ។ ទាំងម្តាយ និងកូនមានសុខភាពរឹងមាំល្អ គ្រូពេទ្យក៏អនុញ្ញាត​អោយត្រលប់ទៅផ្ទះ បន្ទាប់ពីសម្រាលបាន ពីរបីថ្ងៃ។

ករណីរបស់ Lina បានធ្វើអោយ​គ្រូពេទ្យផ្នែក​កុមារ​មានការ​ភ្ញាក់ផ្អើល​ជាខ្លាំង ហើយករណីនេះផងដែរ ក៏ទទួលបាន​ការចាប់​អារម្មណ៍​ខ្លាំងណាស់ ព្រោះគ្រប់គ្នា​ចង់ដឹងថា​តើអ្នកណាជា​ឪពុក​ក្មេង​ប្រុស​។

ទោះបីជា​យ៉ាងណាក៏ដោយ Lina Medina មិនដែល​បង្ហើបប្រាប់​ទាល់តែ​សោះថា​តើអ្នកជា​ឪពុកក្មេង ហើយគ្រូសារ​របស់នាង​ក៏សុំមិន​អោយមាន​ការចុះផ្សាយជា​សាធារណៈនោះទេ។ រហូតមក​ដល់សព្វ​ថ្ងៃនេះ នៅតែមិនមាន​នរណា​ម្នាក់ដឹងថា តើឪពុកក្មេងជានរណា។

ថ្វីត្បិតតែ Lina និងគ្រូសារ​មិនបាន​បង្ហើប​ប្រាប់ជា​សាធារណៈ​ក៏ដោយ ប៉ុន្តែ​មហាជន​ជឿជាក់ថានេះ​ជាអំពើ​ចាប់រំលោភ​ផ្លូវភេទ​យ៉ាង​ពិតប្រាកដ។ ក្រោយមក​ឪពុករបស់ Lina ក៏ត្រូវ​បានចាប់ខ្លួន ដោយសង្ស័យ​ថាបាន​ចាប់រំលោភ​កូនស្រី​បង្កើត​របស់ខ្លួន។

តែក្រោយ​មកទៀត គាត់ក៏ត្រូវ​បានគេ​ដោះលែង​អោយមាន​សេរីភាព​ឡើងវិញ ដោយសារ​តែគ្មាន​ភស្តុតាងគ្រប់គ្រាន់ ពីបទ​ចោទ​ប្រកាន់​នេះ។

អស់រយៈ​ពេលជា​ច្រើនឆ្នាំកន្លង​ផុតទៅ មានមនុស្ស​ជាច្រើន​បាន​និយាយ​ថា នោះគឺជា​រឿង​បោកប្រាស់នោះទេ បើទោះបី​ជាមាន​គ្រូពេទ្យ​ជាច្រើន​នាក់បាន​បញ្ជាក់ច្បាស់ៗ ដោយបាន​បង្ហាញ​ទាំង​ឯកសារ​ពិនិត្យ X ray នៃគ្រោងឆ្អឹងទារក ដែលនៅក្នុងស្បូន និងរូបថត​ដែលថត​ឡើងដោយ​វេជ្ជបណ្ឌិត ដែលមើលថែទាំ​នាងក៏ដោយ ក៏ពួកគេ​នៅតែ​មិនជឿដែរ។

Lina Medina តែងតែ​គេច​ចេញពី​សាធារណៈ ពេញមួយជីវិតរបស់នាង ហើយនាង​​តែងតែ​បដិសេធ​ការអង្គុយចុះ ដើម្បីផ្តល់​បទសម្ភាសន៍​អោយអ្នក​កាសែតក្នុងស្រុក និងក្រៅស្រុក ហើយសូម្បីតែ​កម្មវិធីទូរទស្សន៍​ល្បីៗ​ក៏ដោយ។

ជាក់ស្តែង​អត្ថបទ​របស់នាង​​ដែល​នៅក្នុង Wikipedia នោះ ក្រៅពីកំណត់ត្រា​ថានាង​​ជា​ម្តាយវ័យក្មេងជាងគេ​ក្នុងពិភពលោក ដែលផ្តល់កំណើតអោយកូន នៅអាយុ ៥ ឆ្នាំហើយនោះ គ្មានព័ត៌លំអិត​ណាមួយ​ដែលបង្ហាញថា នាងនៅមានជីវិតរឺអត់នោះទេ។ សម្រាប់ Lina នៅតែមាន​ជីវិតរស់នៅ​ដ៏សាមញ្ញា​បំផុត​នៅក្នុងប្រទេសប៉េរូ។

នៅពេលដែល Lina ឈានចូល​អាយុវ័យ​ជំទង់ នាង​បាន​ធ្វើការ​ជាលេខាធិការរបស់គ្រូពេទ្យ ដែលបាន​ចូលរួមក្នុង​ការសម្រាលកូន ហើយប្រាក់ខែ​ដែលនាងទទួល​បាន​គឺ​កាត់កង​ទៅលើ​ថ្លៃសាលា​កូន​របស់នាង។

នៅក្នុង​​អំឡុងឆ្នាំ ១៩៧០ អ្នកស្រី Lina បានរៀបការ​ជាមួយនឹង​បុរសសាមញ្ញាម្នាក់ ដែលមានឈ្មោះថា Raul ហើយបានបង្កើតកូនទី ២ របស់អ្នកស្រី​នៅក្នុងឆ្នាំ ១៩៧២ ដែល​នៅពេលនោះ​អ្នកស្រី​មានអាយុ ៣៩ ឆ្នាំ។

អ្នកស្រី Lina និងស្វាមី មិនមែនជា​អ្នកមាន​ទ្រព្យស្តុកស្តម្ភ​អីនោះទេ ហើយនៅឆ្នាំ ២០០២ មានពាក្យចចាមអារ៉ាមថា អ្នកស្រី​និង​ស្វាមី​បានរស់នៅ​សង្កាត់​អ្នកក្រីក្រ​មួយក្នុងទីក្រុង Lima រឺ Chicago Chica។ ទោះបីជា​យ៉ាងណាក៏ដោយ ​អ្នកស្រីនៅតែ​បដិសេធ​ក្នុងការ​ផ្តល់​បទសម្ភាសន៍​ជាមួយ​អ្នកកាសែតគ្រប់គ្នាដដែល៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial