ឪពុកមិនទទួលខុសត្រូវ ហើយ ម្តាយមានវ័យទើបតែ ១៥ ឆ្នាំ​ មិនដឹងធ្វើម៉េច បង្កើតកូនរួចយកទៅកប់ចោល សំណាងល្អដែលនៅរស់រានមានជីវិត បន្ទាប់ពីកប់ចោលរយៈពេល ៧ ម៉ោង

មានហេតុការណ៍​ដ៏គួរអោយភ្ញាក់ផ្អើល​មួយបានកើតឡើង បន្ទាប់ពី​គេប្រទះឃើញ​ទារិកាកំសត់ម្នាក់ ត្រូវបានសាច់ញាតិ​យកទៅ​កប់ចោល នៅក្នុងរណ្តៅមួយ។ យោងតាម​ប្រភពព័ត៌មាន​មួយបានអោយដឹងថា ម្តាយទារិកាកំសត់រូបនោះ មានវ័យទើបតែ ១៥ ឆ្នាំប៉ុណ្ណោះ ហើយបន្ទាប់ពីកើតកូនរួចភ្លាមៗ សាច់ញាតិរបស់នាង ក៏បានយក​ទារិកាទៅកប់ចោល ដោយយកលេះថា ស្មានតែទារិកាស្លាប់ក្រោយសម្រាលមកភ្លាម។

បន្ទាប់ពី​ហេតុការណ៍​បានដឹង​ដល់ប៉ូលីសៗ ក៏បានព្យាយាម​ជីកយកទារិកាមកវិញ។ ជាសំណាងល្អ ដែលទារិកានោះ​នៅរស់រាន​មានជីវិតនៅឡើយ បន្ទាប់ពីកប់ចោលរយៈពេល ៧ ម៉ោងទៅហើយ។ ជីវិតរបស់នាង ពិតជាថ្លៃខ្លាំងណាស់។ ទារិកាកំសត់​ក៏ត្រូវបានគេ​ប្រញាប់ប្រញាល់បញ្ជូនទៅកាន់មន្ទីរពេទ្យ។

យោងតាម​សំដីសាច់ញាតិ​ទារិកាកំសត់​បានអោយដឹងថា មូលហេតុ​ដែលពួកគេ​យកនាងទៅកប់នោះ ព្រោះពួកគេ​គិតថា​នាងបាន​ស្លាប់ហើយ ដោយសារ​តែក្បាលរបស់ទារិកានោះ ប៉ះនឹងឥដ្ឋ បន្ទាប់​ពីកើតចេញមកភ្លាម។

ទោះបីជា​យ៉ាងណាក៏ដោយ ប៉ូលីសមានការ​សង្ស័យថា មូលហេតុដែលយកទារិកាទៅកប់ ដោយសារតែ​ឪពុករបស់ក្មេង មិន​ទទួលស្គាល់ថា​ទារិកានោះ​ជាកូនរបស់ខ្លួន ហើយម្តាយទារិកា​នោះ​មានអាយុក្មេងពេក នៅមិនទាន់​អាចក្លាយជា​ម្តាយគេបាននៅឡើយ។ ដូច្នេះហើយ​ទើបក្រុមគ្រួសារ​សម្រេចចិត្តយក​ទារិកាទៅកប់ចោល ដើម្បីបញ្ចប់រឿងតែម្តង។ ពិតឃោរឃៅខ្លាំងណាស់។

អាជ្ញាធរជឿថា ក្រុមគ្រួសារទារិកា បានព្យាយាម​សម្លាប់ទារិកា ដែលទើបនឹងកើតនោះ ច្រើនជាងគិតថានាងស្លាប់។ ប៉ូលីស​បានឃាត់​ខ្លួនម្តាយ រួមទាំង​ជីដូនជីតា​របស់ទារិកានោះ​ទៅសួរចម្លើយ បន្ថែមចំពោះករណីនេះ។

បច្ចុប្បន្ននេះ ទារិកាកំសត់ស្ថិតនៅក្នុង មណ្ឌលថែរក្សា​ទារក​​ទើបនឹងកើត​​មួយនៅឯមន្ទីរពេទ្យ​ Boa Agua។ វេជ្ជបណ្ឌិតបាន​ប្រាប់អោយដឹងថា កំដៅរបស់ទារិកា​បានចុះថយហើយ រួមទាំងបញ្ហាផ្លូវដង្ហើម​របស់នាង​​ក៏បានធូរស្បាយវិញដែរ។ ទោះបីជាយ៉ាងណាក៏ដោយ ទារិកានោះមិនបានប្រគល់ទៅ​អោយក្រុមគ្រួសារ​វិញទេ ហើយនាង​កំពុងស្ថិត​​នៅក្រោម​ការមើល​ថែទាំរបស់រដ្ឋ៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial