បុរសចំណាស់ម្នាក់ ចេះតែឈឺនៅក្នុងច្រមុះ ហើយឈាមច្រមុះរយៈពេល ១០ ថ្ងៃ ស្រាប់តែដល់ពេទ្យៗ ប្រាប់ថាមានឈ្លើងនៅក្នុងច្រមុះ

មាន​ហេតុការណ៍ចម្លែក​មួយបាន​កើតឡើង​នៅប្រទេសចិន ខណៈពេល​ដែលបុរសវ័យ ៥១ ឆ្នាំម្នាក់បាន​ប្រញាប់ប្រញាល់​រត់ទៅមន្ទីរពេទ្យ​ បន្ទាប់ពីគាត់ឈឺច្រមុះ ហើយមានហូរឈាម តាមច្រមុះរយៈពេល ១០ ថ្ងៃមិនបាត់សោះ។

គាត់ព្រួយ​ចិត្តជា​ខ្លាំង បន្ទាប់ពី​អាការៈរបស់គាត់​មិនធូរស្រាលសោះ ហើយចេះតែ​ឈឺខ្លាំងឡើងៗ រហូតមិនអាច​ទ្រាំបាន គាត់ក៏រត់ទៅកាន់មន្ទីរពេទ្យ Beihai ខេត្ត Guaghxi នៅភាគខាងត្បូងប្រទេសចិន ដើម្បីអោយពិនិត្យមើល។

បើយោង តាមសំដីស្ត្រី​ចំណាស់ ដែលត្រូវជា​ប្រពន្ធអ្នកជំងឺ បានអះអាងថា គាត់បានឃើញអ្វីម្យ៉ាងលៀន​ចេញពី​ក្នុងច្រមុះប្តីរបស់គាត់ ហើយក៏បានលិបចូលទៅវិញ។ ស្ត្រីចំណាស់រូបនោះបន្ថែមទៀតថា គាត់ពិតជាមិនដឹងទេថា នោះជាអ្វីអោយប្រាកដ ដូច្នេះពួកគាត់​ក៏ប្រញាប់រត់មកអោយ​ពេទ្យសង្គ្រោះទើបបាន។

បន្ទាប់ពី​ស្តាប់ការអះអាង​របស់ស្ត្រីចំណាស់ហើយ គ្រូពេទ្យក៏បានធ្វើ​ការពិនិត្យមើល​ទៅក្នុងច្រមុះអ្នកជំងឺ ស្រាប់តែគ្រូពេទ្យ​យកដង្កៀបពេទ្យ ចាប់ទាញអ្វីម្យ៉ាងដែលពណ៌ខ្មៅៗ ចេញពីក្នុងច្រមុះបុរសនោះ។ ការពិតទៅគឺ​ជាឈ្លើង នៅក្នុងរន្ធច្រមុះរបស់អ្នកជំងឺ ទើបបណ្តាលអោយ​ឈឺចាប់ និងមានហូរឈាមបែបនេះ។

យោងតាមសំដីបុរសវ័យ ៥១ ឆ្នាំរូបនោះបានប្រាប់ថា គាត់ធ្វើការនៅខេត្ត Yunnan ហើយទើបតែមកដល់ផ្ទះ ក៏មានអារម្មណ៍ឈឺនៅក្នុងច្រមុះ ហើយគាត់ភ័យខ្លាំងណាស់ នៅពេលដែលឈាមចេញតាមច្រមុះមិនព្រមបាត់។ ករណីនេះត្រូវបានគ្រូពេទ្យ សង្ស័យថាមកពីការហូបទឹកឆៅ៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial