ចង្រៃមែន!!! ការធ្វេសប្រហែសរបស់គិលានុបដ្ឋាយិការម្នាក់ ធ្វើអោយទារកទើបនឹងកើតបាន ៤ ថ្ងៃម្នាក់ ត្រូវបាត់បង់ជើងម្ខាង

វាពិតជារឿងរន្ធត់ពេកណាស់ សម្រាប់ឪពុកម្តាយ។ តើអ្នកណាទទួលយកបាន នៅពេលដែលកូនកើតមកល្អជាសោះ ប៉ុន្តែដោយសារតែ ការធ្វេសប្រហែសរបស់គ្រូពេទ្យ បានធ្វើអោយកូនត្រូវកាត់ជើងបែបនេះ។ យោងតាមប្រភពព៌ត័មានមួយ បានអោយដឹងថា មានហេតុការណ៍ដ៏ហួសចិត្តមួយ បានកើតឡើងនៅប្រទេសចិន ខណៈទារកទើបនឹងកើតបាន ៤ ថ្ងៃម្នាក់ត្រូវកាត់ចោល ដើម្បីសង្គ្រោះជីវិត បន្ទាប់ពីគិលានុបដ្ឋាយិកាម្នាក់ បានយកម៉ាស៊ីនផ្លុំសក់ទៅផ្លុំទារក ដើម្បីសម្ងួតទារកពេលងូតទឹករួច ហើយភ្លេចបិទម៉ាស៊ីន។

ប្រភពព៌ត័មាន ដដែលបានអោយដឹងថា មុនពេលកើតហេតុ គិលានុបដ្ឋាយិកាម្នាក់ បានយកទារករងគ្រោះនោះទៅងូតទឹក បន្ទាប់មកនាងក៏បាន យកម៉ាស៊ីនផ្លុំសក់ មកផ្លុំទារកដើម្បីសម្ងួត។ បន្ទាប់ផ្លុំរួច នាងក៏បានដាក់ ម៉ាស៊ីនផ្លុំសក់ទៅក្នុងគ្រែទារក ដោយភ្លេចបិទម៉ាស៊ីនផ្លុំនោះ។

ម៉ាស៊ីនផ្លុំសក់នោះ ក៏នៅដំណើរការរយៈពេល​ជាងមួយម៉ោង ទំរាំដឹងតែថា​ភ្លេចបិទនោះ ជើងរបស់ទារកខ្លោចបាត់ទៅហើយ។ ការធ្វេសប្រហែស​របស់គិលានុបដ្ឋាយិកាម្នាក់នោះ បានធ្វើអោយទារកក្លាយជាមនុស្សពិការជើងម្ខាង ទាំងវ័យក្មេងខ្ចីមែនទែន។

យោងតាមសំដី អ្នកម្តាយរបស់ទារករងគ្រោះ និយាយទាំងខ្លោចផ្សារថា កូនប្រុសរបស់នាងកើតមិនគ្រប់ខែ ហើយក៏ត្រូវបានគ្រូពេទ្យ​យកទៅ មើលថែនៅក្នុងបន្ទប់​ថែរក្សាទារក​កើតមិនគ្រប់ខែ រយៈពេល ១០ ថ្ងៃ ប៉ុន្តែជាអកុសល កូនប្រុសរបស់នាង កើតបានតែ ៤ ថ្ងៃប៉ុណ្ណោះ ក៏ជួបរឿងដ៏ខ្លោចផ្សារបែបនេះ។ នាងពិតជាមិនអាច ទទួលយកបានទេ ហេតុអ្វីបានជា គិលានុបដ្ឋាយិកាខ្ជីខ្ជារយ៉ាងនេះ ធ្វើអោយកូនប្រុសរបស់នាង ត្រូវបាត់បង់ជើងម្ខាង។

ជីដូនរបស់ទារករងគ្រោះបាននិយាយថា «ចៅរបស់ខ្ញុំក្លាយជាមនុស្សពិការ ទាំងដែលទើបនឹងកើតបាន ៤ ថ្ងៃ ចុះអនាគតរបស់ចៅខ្ញុំ នឹងក្លាយទៅជាបែបណា?»

គិលានុបដ្ឋាយិការូបនោះ ហាក់បីដូចជា មិនទទួលខុសត្រូវទាល់តែសោះ ចំពោះទង្វើរបស់ខ្លួន ដោយប្រកែកថា នាងពិតបាន​បិទកុងតាក់ម៉ាស៊ីនផ្លុំរួចរាល់ហើយ មុននឹងចាក់ចេញទៅ។ ទោះបីជាយ៉ាងណាក៏ដោយ បន្ទាប់ពីធ្វើការស៊ើបអង្កេតរកឃើញថា ករណីនេះបណ្តាលមកពី ការធ្វេសប្រហែសរបស់នាង​ពិតប្រាកដមែន នាងក៏ត្រូវបានគេ​បណ្តេញចេញពីក្នុងមន្ទីរពេទ្យ។

នាយករងមន្ទីរពេទ្យ លោក Wan Yunfeng ក៏បានសុំទោសដល់ ក្រុមគ្រួសារទារករងគ្រោះ ហើយនឹងបានផ្តល់សំណង ជាទឹកប្រាក់ចំនួន ៩៤,៩០៥ ដុល្លា ទៅលើថ្លៃព្យាបាល។

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial