អតីតរាជនីសម្រស់ហុងកុង (ប្រពន្ធមេទ័ពភ្នែក ៣ ក្នុងរឿងណាចា) យក ម្កុដរាជនីដាក់បញ្ចាំ ឥឡូវត្រូវបានគេប្តឹងទាមទារ អោយប្រគល់ម្កុដតាមកិច្ចសន្យា ដើម្បីដោះបំណុលជាង ៤៧៩,០០០ ដុល្លា

អតីតរាជនីសម្រស់របស់ហុង កុង ឆ្នាំ ១៩៩៥ ត្រូវបានគេរាយការណ៍ថាបានយក កម្កុដរបស់នាងធ្វើជាវត្ថុដាក់បញ្ចាំ ដើម្បីយកប្រាក់បើកក្រុមហ៊ុន ហើយពេលនេះនាងត្រូវប្រឈមមុខនឹងពាក្យបណ្តឹង ទាមទារអោយប្រគល់ម្កុដតាមការសន្យា ដើម្បីដោះបំណុលដែលនាង និងស្វាមីមិនអាចសងបាន។

អតីតរាជនីសម្រស់ឆ្នាំ ១៩៩៥ អ្នកស្រី Winnie Yeung (Yeung Yuen-yee) រួមជាមួយនឹងប្តីរបស់នាង គឺលោក Wong Shuai-fun បានខ្ចីប្រាក់ចំនួន ២.៤ លានដុល្លាហុងកុង (ប្រហែល ៣០៦.០០០ដុល្លា) ពីក្រុមហ៊ុនកម្ចីប្រាក់មួយកាលពី ៣ ឆ្នាំមុន។ ក្រោយមក ប្តីប្រពន្ធទាំងពីរនាក់នេះ ត្រូវការដើមទុន ដើម្បីចុះបញ្ជីពាណិជ្ជកម្មរបស់ខ្លួន ក៏បានយក ម្កុដរបស់ខ្លួន ហើយនឹងទ្រព្យសម្បត្តិទាំងអស់ រួមទាំងផ្ទះ​ដែលមាននៅ​សហរដ្ឋអាមេរិចធ្វើជាវត្ថុបញ្ចាំ។

ឥឡូវនេះ​ក្រុមហ៊ុន​ផ្តល់ប្រាក់កម្ចី​ដែលមានមូលដ្ឋានៅ Wan Chai ទីក្រុងហុងកុង បានដាក់ពាក្យបណ្តឹងរដ្ឋប្បវេណី ដើម្បីស្នើអោយតុលាការ បង្ខំអោយនាង​ប្រគល់ម្កុដដ៏ស្រស់ស្អាត និងផ្ទះសម្បែងនៅ San Francisco តាមការសន្យា ដើម្បីដោះបំណុល ដែលកើនឡើងដល់ទៅ ៣.៧លានដុល្លាហុងកុង (៤៧៩,០០០ដុល្លា) រួមទាំងថ្លៃការ។

ដោយផ្អែកលើ​ដីកាបង្គាប់​កាលពី​ថ្ងៃសុក្រកន្លងទៅ ម្ចាស់បំណុលក៏បានដើរស្វែងរកផ្ទះរបស់ប្តីប្រពន្ធមួយគូនេះនៅ San Francisco ផងដែរ។ យោងតាម​ដីកាបង្គាប់បាន​សរសេរឡើងថា «នេះគឺជាកំហុសឆ្គងមួយយ៉ាងធ្ងន់ធ្ងរ… ដែលចុងចោទមិនព្រមប្រគល់ទ្រព្យសម្បត្តិ ដែលបានសន្យាថានឹងប្រគល់ទៅអោយដើមបណ្តឹង… » នេះជាសម្រង់ឃ្លានៅក្នុងដីកានោះ។

មេធាវីរបស់​ដើមបណ្តឹងបានប្រាប់ថា ប្តីប្រពន្ធមួយគូនេះដំបូងឡើយ បានសុំខ្ចីប្រាក់ចំនួន ២ ពាន់លានដុល្លាហុង កុង (២៥៥.០០០ដុល្លា) ពីក្រុមហ៊ុនកម្ចីប្រាក់នៅក្នុងឆ្នាំ ២០១៤។ ដោយមិនអាចសងតាមដំណាក់កាលបាន ជនជាប់ចោទក៏បានសុំ​​ពន្យារពេល​សងការប្រាក់ម្តងម្កាល។

នៅក្នុងខែ វិច្ឆិកា ឆ្នាំ ២០១៥ ប្តីប្រពន្ធនេះ ក៏បានខ្ចីប្រាក់​បន្ថែមពី​ក្រុមហ៊ុនចំនួន ៤០០,០០០ ដុល្លា​ ហុងកុង (៥១,០០០ដុល្លាអាមេរិច)។ ដោយចេះតែខកខាន ក្នុងការសងបំណុលជាច្រើនខែ ទើបម្ចាស់បំណុល​សម្រេចចិត្ត​ដាក់ពាក្យបណ្តឹងតែម្តង។

យោងតាមកាសែត South China Morning Post បានអោយដឹងថាក្រុមហ៊ុន Lukfook Jewellery ដែលជា អ្នកឧបត្ថម្ភផ្លូវការ សម្រាប់ពានរង្វាន់សម្រស់នេះ បានអះអាងថា ម្កុដនៅក្នុងឆ្នាំ ២០១១ មានតម្លៃ ៣.៥ លានដុល្លាហុង កុង (៤៤៦,០០០ដុល្លាអាមេរិច)។ ចំណែកឯម្កុដឆ្នាំ ២០១៦ មានតម្លៃ ៤.៦លានដុល្លាហុង កុង (៥៩៦,០០០ដុល្លាអាមេរិច)។ បើប្រៀបធៀបទៅនឹង បវកញ្ញាចក្រភពអង់គ្លេស ដែលត្រូវបានគេជឿថា មានពេទ្យសុទ្ធចំនួន ៣១១ គ្រាប់ ដែលមានតម្លៃប្រមាណជា ៣០០,០០០ដុល្លា។

គួរបញ្ជាក់ផងដែរថា ប្តីប្រពន្ធមួយគូនេះ មិនមែនទើបតែ ត្រូវគេប្តឹងលើកទី ១ ទេ កាលពីខែមិនាកន្លងទៅ នាងក៏ធ្លាប់ត្រូវបានសាលាមត្តេយ្យ ដែលនាងជានាយកផ្ទាល់ ប្តឹងម្តងទៅហើយ ដោយចោទប្រកាន់នាងពីបទ លួចផ្ទេរថ្លៃឈ្នួលសាលារៀន ចំនួន ១៤៧,០០០ដុល្លា ហុងកុង ទៅអោយក្រុមហ៊ុន Marker Spaces Limited ដែលនាងជាកាន់កាប់ផ្ទាល់៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial