អ្នកជួញដូរគ្រឿងញៀនពីរនាក់ ត្រូវបានប៉ូលីសលួចថត សកម្មភាពព្យាយាមបំផ្លាញភស្តុតាង ដោយចាក់ថ្នាំញៀនចូលទៅក្នុងបង្គន់

អ្នកជួញដូរគ្រឿងញៀន​ពីរនាក់ត្រូវ​បានប៉ូលីស​លួចថត​ជា​សំងាត់ ពីសកម្មភាពរបស់ពួកគេព្យាយាមបំផ្លាញភស្តុតាង ដោយចាក់គ្រឿងញៀនរបស់ពួកគេ ចូលទៅក្នុងបន្គន់ មុនពេលដែលប៉ូលីសថៃចូលមកទាន់។

យោងតាមគេហទំព័រព័ត៌មាន Nextshark បានអោយដឹងថា បុរសទាំងពីរនាក់នោះ​ម្នាក់មានឈ្មោះថា Nopparat Jaikamleu អាយុ ៣១ ឆ្នាំ និងម្នាក់ទៀតមានឈ្មោះថា Anusorn Jampol អាយុ ៣៧ ឆ្នាំ ទាំងពីរនាក់ជនជាតិថៃ។ តាមប្រភពព័ត៌មាន​ដដែលបាន​អោយដឹងថា ពួកគេទាំងពីរនាក់នេះ ត្រូវបានចាប់ចោទពីបទលក់ថ្នាំ yaba ។

ជនសង្ស័យទាំងពីរនាក់នេះ​ត្រូវបាន ប៉ូលីសបង្ក្រាបគ្រឿងញៀននៃខេត្ត Lampang ភាគខាងជើង ចាប់ខ្លួននៅឯ​ក្នុងផ្ទះរបស់ពួកគេ ដែលមានទីតាំងនៅ Mueang Lampang កាលពីល្ងាចថ្ងៃសៅរ៍ម្សិលមិញនេះ។

យោងតាម​សេចក្តីរាយការណ៍​បានអោយដឹង បន្ទាប់ពីដឹងថា​ប៉ូលីសជិត​មកដល់ហើយនោះ ពួកគេទាំងពីរនាក់​ក៏ស្ទុះចូលទៅក្នុងបន្ទប់ទឹក ហើយទាញទ្វារចាក់សោរ ដើម្បីប្រមូលថ្នាំញៀនទាំងនោះ​ចាក់ចូលទៅក្នុងបង្គន់ មុនពេលដែលប៉ូលីសមកទាន់។​

មន្ត្រីប៉ូលីសម្នាក់​បានលឺសំលេងចាក់ទឹកបង្គន់​ប្រញេបប្រញាប់​ចេញពីក្នុងបន្ទប់ទឹក ដូច្នេះគាត់ក៏សម្រេចចិត្ត​យកទូរស័ព្ទលួចថត តាមរយៈរន្ធខ្យល់ ហើយក៏ថតបាន​សកម្មភាព​ដែលពួកគេព្យាយាមបំផ្លាញភស្តុតាង។

បន្ទាប់ពីធ្វើ​ការស្រាវជ្រាវ​យ៉ាងហ្មត់ចត់​នៅម្តុំបរិវេណនោះ ប៉ូលីសក៏បានរកឃើញ​ថ្នាំគ្រាប់យ៉ាម៉ាចំនួន ១០,៥០០ គ្រាប់នៅក្នុងបន្ទប់គេង ហើយនឹង ៤.៦៩ ក្រាមផ្សេងទៀត នៅរាយប៉ាយជុំវិញបន្ទប់ទឹក។ មិនតែប៉ុណ្ណោះ ប៉ូលីសបានរកឃើញ មនុស្សប្រុសស្រីពីរនាក់ផ្សេងទៀត បានកំពុងតែ​ជក់ថ្នាំញៀន​នៅក្បែរនោះផងដែរ។

ក្រុមអាជ្ញាធរថៃ បានរកឃើញកាំភ្លើងខ្លីចំនួន ២២ ដើមផងដែរ ដែលមានគ្រាប់កាំភ្លើងចំនួន ៦ គ្រាប់ ហើយនឹងកាំភ្លើងខ្យល់​មួយដើមផងដែរ​នៅក្នុងផ្ទះរបស់ពួកគេ។ អ្នកជួញដូរគ្រឿងញៀនទាំងពីរនាក់នោះ ក៏ត្រូវបានចាប់ខ្លួន ហើយចោទប្រកាន់ពីបទ​កាន់កាប់គ្រឿងញៀន និងជួញដូរគ្រឿងញៀន ប្រើប្រាស់ថ្នាំញៀន ហើយនឹងកាន់កាប់អាវុធខុសច្បាប់។

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial