ទីបំផុតបុរសជនជាតិចិន ដែលពាក់ឯកសណ្ឋានទាហាន ផ្កាយ ១ ត្រូវបានប៉ូលីសក្រុងព្រះសីហនុឃាត់ខ្លួនបានហើយ

ទីបំផុត​សមត្ថកិច្ចកងរាជអាវុធហត្ថ​ខេត្តក្រុងព្រះសីហនុ ដែលដឹកនាំដោយ​លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការអាវុធហត្ថខេត្ត បានចុះឃាតខ្លួនបុរសជនជាតិចិន និងដកហូតរថយន្តដែលពាក់ស្លាកលេខ ខម នៅចំណុចហាង ខារ៉ាអូខេ សៀងហៃ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នៅវេលារំលងអាធ្រាត្យថ្ងៃទី ៤ ឆ្លងចូលថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០១៨នេះ។

យោងតាមការ​ចុះផ្សាយនៅក្នុង​ទំព័រហ្វេសប៊ុករបស់លោក ផេង វណ្ណៈ បានអោយដឹងថា បុរសជនជាតិចិនរូបនោះ​មានឈ្មោះថា ចាង ជិងសឹន អាយុ ៤២ ឆ្នាំ ទើបតែមកពីម៉ាកាវ ហើយក៏មានមិត្តភក្តិបើកឡានមកទទួល ដែលនៅក្នុងឡាននោះមានឯកសណ្ឋានកងយោធពលខេមរៈភូមិន្ទ មានស័ក្តិឧត្តមសេនីយ៍ព្យួរនៅក្នុងឡាន ហើយបុរសជនជាតិចិននោះ ក៏យកមកពាក់ថតលេងតែប៉ុណ្ណោះ ហើយខ្លួនក៏មិននឹកស្មានថាគេយកទៅបង្ហោះនៅលើហ្វេសប៊ុកបែបនេះដែរ។

ទោះបីជាយ៉ាងណាក៏ដោយ​ បន្ទាប់ពីវីដេអូនោះត្រូវបានបង្ហោះ​ចែកចាយពេញ​ហ្វេសប៊ុក ក៏ត្រូវបានអ្នកលេងបណ្តាញ​សង្គម​ធ្វើការរិះគន់​យ៉ាងចាស់ដៃ។ ក្រោយផ្ទុះរឿងនេះ សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តក្រុងព្រះសីហនុ ក៏បានឃាត់ខ្លួន និងនាំបុរសនោះ ទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដើម្បីធ្វើការសាកសួរ និងចាត់ការបន្ត។ ដោយឡែករថយន្ត និងម្ចាស់រថយន្តដែលជាមន្ត្រីយោធានោះ កំពុងត្រូវបានថ្នាក់ដឹងនាំក្នុងស្ថាប័នកងទ័ពមានវិធានការណ៍ហើយ។

ខាងក្រោមនេះ ជាអត្ថបទដកស្រង់ទាំងស្រុង ចេញពីផេក Pheng Vannak News «ចិនពាក់ផ្កាយ១​ ត្រូវបានឃាត់ខ្លួន ចិនរូបនេះប្រព្រឹត្តល្មើស​ ២មាត្រា​ គឺ​ មាត្រា​ ៦១៥​ និង​ មាត្រា​ ៦១៦​។

សមត្ថកិច្ច​​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ​ ដឹកនាំដោយ​​លោកឧត្ដមសេនីយ៍ត្រី​ ហេង​ ប៊ុនទី​ មេបញ្ជាការអាវុធហត្ថខេត្ត​ បានចុះឃាត់ខ្លួន​បុរសជនជាតិចិន​ និងដកហូតរថយន្ត​ ស្លាកលេខ​ ខម​ ដែល​ នៅចំណុចហាង​ ខារ៉ាអូខេ​ សៀងហៃ​ ក្រុងព្រះសីហនុ​ ខេត្ត​ព្រះសីហនុ​ នៅយប់រំលងអាធ្រាតថ្ងៃទី​ ៤​ ឆ្លងចូលថ្ងៃទី​ ៥​ ខែ​ មិថុនា​ ឆ្នាំ​ ២០១៨​ ។​

បុរសចិនរូបនោះ​ ឈ្មោះ ចាង ជិង សឹន ភេទ ប្រុស អាយុ ៤២ឆ្នាំ ជនជាតិ ចិនទើប​មកពីម៉ាកាវ​ ហើយ​មានមិត្តភក្តិបើកឡានមកទទួល​ ដែល​នៅក្នុងឡាននោះ​ មាន​ ឯកណ្ឋានកងយោធពលខេមរៈភូមិន្ទ​ មានស័ក្តិឧត្ដមសេនីយ៍ព្យួរក្នុងឡាន​ ខ្លួនក៏យកពាក់ថតលេង​ មិននឹកស្មានថាគេបង្ហោះពេញ​ Facebook ដូច្នេះទេ​ ។​

ពេលនេះ​បុរសជនជាតិចិន មកពីម៉ាកាវ​រូបនេះ​កំពុងសាកសួរ​នៅបញ្ជា​ការដ្ឋាន​កងរាជអាវុធហត្ថខេត្តព្រះសីហនុ​ ដើម្បីចាត់ការបន្ត​ ។​ ដោយឡែករថយន្ត​ និង​ ម្ចាស់រថយន្តដែលជាមន្ត្រីយោធានោះ​ កំពុងត្រូវបានថ្នាក់ដឹកនាំ​ក្នុងស្ថាប័នកងទ័ពមាន​វិធានការណ៍ហើយ​ ។ បើតាមផ្លូវច្បាប់​ បុរសចិនរូបនេះត្រូវប្រឈមមុខចំពោះបទល្មើស២មាត្រា​ គឺ​ មាត្រា​ ៦១៥​ និង​ មាត្រា​ ៦១៦​ ។​

មាត្រា​ ៦១៥​ បទប្រើប្រាស់ដោយគ្មានសិទ្ធិ​នូវយានយន្ត ដែលមានសញ្ញា​សម្គាល់ប្រើប្រាស់ដោយនគរបាល​ ឬ​ យោធា​ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី១ខែ​ ទៅ​ ១ឆ្នាំ​ និង​ ពិន័យជាប្រាក់ពី​ ១សែនរៀល​ ទៅ​ ២លានរៀល​ ។

មាត្រា​ ៦១៦​ បទប្រើប្រាស់នូវឯកសណ្ឋានជាអាទ៍ ដែលមានភាពប្រហាក់ប្រហែលគ្នានឹងនគរបាល​ ឬ​ យោធា​ ត្រូវផ្ដន្ទាទោសដាក់​ពន្ធនាគារ​ពី​ ១​ ខែ​ ទៅ​ ៦​ ខែ​ និង​ពិន័យជាប្រាក់ពី​ ១​សែនរៀល​ ទៅ​ ២​លានរៀល​ អំពើប្រើប្រាស់ជាសាធារណៈដោយគ្មានសិទ្ធិនូវសំលៀកបំពាក់​ ឯកសណ្ឋាន​ អត្តសញ្ញាណប័ណ្ណ​ សញ្ញាសំគាល់​ ឬ​ យានយន្ត​នគរបាល​ ឬ​ យោធា​ មានភាពប្រហាក់ប្រហែលគ្នានឹងសំលៀកបំពាក់​ ឯកសណ្ឋាន​ អត្តសញ្ញាណប័ណ្ណ​ សញ្ញាសំគាល់​ ឬ​ យានយន្ត​របស់នគរបាល​ ឬ​ យោធា​ ដែលអាចនាំអោយមាន ការភ័ន្តច្រលំ​ក្នុងស្មារតីនៃសាធារណជន»​ ។

ប្រភពព័ត៌មាន៖ Pheng Vannak News

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial